ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់មួយបានបណ្តាលឲ្យក្មេងស្រីអាយុជាង២ឆ្នាំស្លាប់បាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យខេត្ត ដោយសារតែស្ត្រីចំណាស់ម្នាក់ត្រូវជាជីដូនបើកឡានថយក្រោយមិនបានមើល ក៏កិនចៅចំក្បាលរបួសធ្ងន់ធ្ងរហូរឈាមក្រហមច្រាលពេញដីគួរឲ្យញាក់សាច់ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមក្រុមគ្រួសារកុមារីរងគ្រោះបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះម៉ា ស្រីរ័ត្ន អាយុជាង២ឆ្នាំ ជាចៅបង្កើតឯកឧត្តមម៉ា ស្ងួន មានទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ ។ មុនពេលកើតហេតុកុមារីរងគ្រោះនៅលេងជាមួយជីតាខាងម្តាយ បន្ទាប់ជីតាចិតផ្លែស្វាយឲ្យចៅញ៉ាំរួចក៏ដើរចូលក្នុងបន្ទប់ទឹក ពេលត្រឡប់មកវិញបាត់ចៅក៏ដើររក តែមិនឃើញ ដោយចៅស្រីដើរឆ្លងថ្នល់មកកើតទៅអង្គុយពីខាងក្រោមគូទឡានកាមរីឆ្លាមខាងក្រោយ ដែលម្ចាស់គេចតនៅលើខឿនចិញ្ចើមថ្នល់មុខផ្ទះ ដែលត្រូវជាយាយជីដូនមួយ (ផ្ទះទល់មុខគ្នា) លុះម៉ោង៩ និង៣០នាទី មានកម្តៅក្តៅខ្លាំង ម្ចាស់រថយន្តឆ្លាមដែលត្រូវជាយាយជីដូនមួយនោះ បានឡើងបើករថយន្តថយក្រោយបំណងយករថយន្តទៅដាក់ក្នុងម្លប់ ហើយមុនពេលឡើងបើករថយន្តមិនបានមើលមុខក្រោយ ខ្វះការប្រុងប្រយត្ន័ បណ្តាលឲ្យកិនចំក្បាល និងរៀបកិនកង់មុខទៀត ក៏ប៉ុន្តែអ្នករត់ម៉ូតូឌុបបានឃើញ ក៏ស្រែកហើយប្រាប់ថាមីងឯងថយឡានកិនកូនគេស្លាប់ហើយ ទើបបើកទ្វារឡានចុះមក ឱនមើលទើបឃើញចៅនៅក្រោមឡាន ក៏ឆោរឡោឡើង ជីតាបង្កើតរត់មកទាញចៅចេញពីក្រោមឡាន រួចបីចៅដាក់ឡានបើកមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។ ដោយសារតែរបួសក្បាលធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានក៏ស្លាប់នៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃខែដ៏ដែល ។ ហើយគ្រូពេទ្យក៏បានប្រគល់សព្វឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ហើយអ្វីគួរឲ្យអាណិតស្ត្រីជាម្តាយឈ្មោះពេជ សុគន្ធា អាយុ២៣ឆ្នាំ នៅឯរាជធានីភ្នំពេញគ្រាន់តែដឹងដំណឹងថាកូនស្រីត្រូវយាយជីដូនមួយកិនស្លាប់ ស្លុតចិត្តដួលសន្លប់ រីឯបុរសជាប្តីទៅបំពេញការងារនៅខេត្តកំពង់ស្ពឺ ។
ករណីនេះក្រុមគ្រួសារមិនបានប្តឹងសមត្ថកិច្ចទេទើបមិនបានស្គាល់ឈ្មោះស្ត្រីបង្កហេតុ គ្រាន់តែដឹងថា បុរសជាប្តីឈ្មោះឡើយ
ជាអ្នករត់តាក់ស៊ីពីស្វាយរៀង-ភ្នំពេញ ហើយរថយន្តឆ្លាមនេះរបស់ប្រពន្ធឈ្មោះឡើយទើបតែទិញបានមិនដល់មួយខែទេ បើកបរស្ទើរភ្លើង ទំនងមិនទាន់បានចូលសាលាបើកបរផងក៏មិនដឹង ដោយសារជាប់សាច់ឈាមទើបមិនប្តឹង និងមិនអាចសុំព័ត៌មានបានគ្រប់ជ្រុងជ្រោយ ៕
ចែករំលែកព័តមាននេះ