ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោក អាំង មាលតី និងថោ​ង សា​រ៉ាត់ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​រក​ភស្តុ​តាង​បន្ថែម

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​នឹង​សំណុំរឿង​របស់​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ដោះ​លែង​ឪពុក​ម្តាយ ថោ​ង សា​រ៉ាត់ នោះ​ត្រូវ​បាន​លោក ឱម យ៉ិ​ន​ទៀង បញ្ជាក់​ថា នៅ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU)

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​នឹង​សំណុំរឿង​របស់​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ដោះ​លែង​ឪពុក​ម្តាយ ថោ​ង សា​រ៉ាត់ នោះ​ត្រូវ​បាន​លោក ឱម យ៉ិ​ន​ទៀង បញ្ជាក់​ថា នៅ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) មាន​ភ័ស្តុតាង​ក្នុង​ដៃ​គ្រប់គ្រាន់​ហើយនឹង​បញ្ជាក់​ថា លោក អាំង មាលតី មានការ​ជាប់​ពាក់ព័ន្ធ ឬ​ក៏​មិន​ពាក់ព័ន្ធ​ក្នុង​ករណី​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែង​បញ្ជាក់​បែប​នេះ​ដល់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៣០ មេ​សា ២០១៥ នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រោយ​ជំនួប​ជាមួយ​តំណាង FBI ។ ករណី​លោក អាំង មាលតី ACU បាន​អញ្ជើញ​គាត់​មក​សាកសួរ​ចំនួន​ពីរ​ដង​មក​ហើយ ហើយ​យើង​កំពុង​តែ​ពិនិត្យ​មើល​ថា មាន​អ្វី​ចាំបាច់​ត្រូវ​ហៅ​គាត់​មក​ដើម្បី​សួរ​គាត់​ទៀត​ឬ​អត់ ? បើ​មាន យើង​នឹង​ហៅ​គាត់​មក​ទៀត​ដើម្បី​សាកសួរ​បន្ថែម ។

លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា យើង​នៅ​មានការ​លំបាក​ក្នុង​ការ​សន្និដ្ឋាន យើង​ត្រូវការ​ភ័ស្តុតាង​បន្ថែម​ទៀត បើ​បាន​ភ័ស្តុ​ង​តាង​នោះ​យើង​អាច​ថា ពាក់ព័ន្ធ ឬ​ក៏​មិន​ពាក់ព័ន្ធ ពីព្រោះ​ធំ​បំផុត​នៅ​លើ​ភ័ស្តុតាង ។ ប៉ុន្តែ​នៅ​ក្នុង​ដៃ​យើង​មិន​ទាន់​មាន​ភ័ស្តុ​ង​តាង​គ្រប់គ្រាន់ ហើយ​បើ​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ពេល​នេះ ហាក់ដូចជា​លឿន​ពេក​ហើយ​សម្រាប់​ចំណាត់ការ​របស់​អង្គភាព ។

ទាក់ទិន​នឹង​សំណុំរឿង​ឧកញ៉ា ថោ​ង សា​រ៉ាត់ វិញ ត្រូវ​បាន​លោក ឱម យ៉ិ​ន​ទៀង ឲ្យ​ដឹង​ថា លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ ជា​មនុស្ស​ទី​៩ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សួរនាំ ករណី​យក​លុយរាប់​សិប​ម៉ឺន​ដុល្លារ​មក​សូកប៉ាន់ ដែល​ផ្សព្វផ្សាយ​តាម​រយៈ​ខ្សែ​វី​ដេ​អូ​មួយ ប៉ុន្តែ ថោ​ង សា​រ៉ាត់ បាន​បដិសេធ​គ្រប់​ចំណុច​ហើយ​ថា​មិន​បាន​សូកប៉ាន់​អ្នក​ណា​ទេ ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ និង​ដោះ​លែង​ឪពុក​ម្តាយ​ចេញពី​ពន្ធនាគារ ។ 

លោក​ទេស​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា នេះ​ជា​ជួង​មួយ​ដាស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​ចាប់ផ្តើម​ធ្វើការ​ហើយ ខ្ញុំ​និង​តុលាការ នគរបាល ក៏​ចាប់ផ្តើម​សង្ស័យ​ដែរ ។ ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ដោយ​សម្ងាត់ ចាប់តាំងពី​ពេល​នោះ​មក ។ អ៊ី​ចឹ​ង​នៅ​ពេល​ដែល ថោ​ង សា​រ៉ាត់ មក​វិញ យើងខ្ញុំ​មាន​ភារកិច្ច​ត្រូវ​សួរ​ដើម្បី​សួរ​បំភ្លឺ​គាត់​យក​ភ័ស្តុតាង​ពី​គាត់​ថា គាត់​ចាយ​អស់​ប៉ុន្មាន អ្នក​ណា​ជា​អ្នក​យក​លុយ​ទៅ​ឲ្យ​គេ អ្នក​ណា​ជា​អ្នក​ទទួល​។ ប៉ុន្តែ​ការ​សួរ​៣​ទៅ​៤​ម៉ោង​គឺ ថោ​ង សា​រ៉ាត់ គាត់​បដិសេធ​ថា មិន​បាន​ឲ្យ​លុយ​ទៅ​អ្នក​ណា​ឡើយ ។

ទោះជា​យ៉ាងណា​ក្តី លោក ឱម យ៉ិ​ន​ទៀង លើក​ឡើង​ថា «​យើងខ្ញុំ​ត្រូវ​រក​ភ័ស្តុតាង តើ​ភ័ស្តុតាង​គាត់​មាន​ឲ្យ ឬ​ភ័ស្តុតាង​គាត់​អត់​មាន​ឲ្យ​មែនឬ​យ៉ាងម៉េច​ទៀត នេះ​ជា​ភារកិច្ច​រក​ភ័ស្តុតាង​បន្ត​ទៀត ។ វា​មិនមែន​រឿង​សាមញ្ញ​ទេ រឿង​គេ​កើត​ហើយ​ក៏​ពិបាក គេ​មិន​ទាន់​ដឹងខ្លួន​ក៏​ពិបាក ចុះ​ទម្រាំ​គេ​ដឹងខ្លួន​ទៀត ! ប៉ុន្តែ​យើង​នៅ​តែ​បន្ត មិនមែន​ថោ​ង សា​រ៉ាត់ ជា​មនុស្ស​ទី​១​ទេ គឺ ថោ​ង សា​រ៉ាត់ ជា​មនុស្ស​ទី​៩ ដែល ACU បាន​ស្តាប់ និង​សួរនាំ ហើយ​យើង​នៅ​ត្រូវការ​អ្នក​សួរនាំ​ប៉ុន្មាន​នាក់​ថែម​ទៀត​ដើម្បី​លូក​រក​ភ័ស្តុតាង លូក​រក​ឯកសារ​ដោយ​មិន​បំពាន​លើ​ច្បាប់ ។ ចាប់តាំងពី​ដំណើរការ​មក​ដល់​ពេល​នេះ ឯកសារ​មាន​ចង់​កន្លះ​ទូ​ហើយ ឯកសារ​ខ្លះ​អាច​ប្រើប្រាស់​បាន និង​ខ្លះ​មិន​អាច​ប្រើប្រាស់​បាន​» ។

សំណុំរឿង​ដែល​ក្តៅ​នោះ ត្រូវ​បាន​លោក​ទេស​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ស្តាប់​ចម្លើយ​របស់ ថោ​ង សា​រ៉ាត់ គឺ​គាត់​បាន​ប្រកែក​គ្រប់​ចំណុច​នៃ​ការ​សូកប៉ាន់​ហើយ​គាត់​ថា មិន​បាន​សូកប៉ាន់​អ្នក​ណា​ទេ ។

សូម​រំឭក​ថា ឧកញ៉ា ថោ​ង សា​រ៉ាត់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ មេ​សា ២០១៥ នៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម (​បា​វិត​) ខេត្តស្វាយរៀង ។ លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ប្រើប្រាស់ និង​រក្សា​អាវុធ​ខុសច្បាប់​» ក្នុង​សំណុំរឿង​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ កន្លង​មក ខណៈ​លោក​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​មួយ​ស្ថិត​នៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ៕