រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាកកាមរីទំនើបស៊េរីថ្មីមួយគ្រឿងជិះគ្នា៤នាក់(ស្រីម្នាក់ និងបុរស៣នាក់)ទំនងទើបតែចេញពីក្លិបបានបើកទៅបុករះរថយន្តកាមរីបាឡែនមួយគ្រឿងដែលចតស្ងៀមនៅខាងមុខផ្ទះបណ្តាលឱ្យរងការខូចខាត និងបន្តទៅបុកកង់មួយគ្រឿងទៀតបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ទាំងព្រឹក។
ករណីបុរសស្រវឹងស្រាបើករថយន្តបុករះនៅតាមផ្លូវនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៦ មេសា ២០១៥ នៅខាងមុខភោជនីយដ្ឋានយីហោ ប៉ែន សុផានី ផ្ទះលេខ៣៩ ផ្លូវលេខ៤៦៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគបាលម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាកកាមរីហាយព្រីដ ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២U-៥៨៨៥ មួយគ្រឿងដែលមានក្រុមយុវជនស្ទាវជិះគ្នា៤នាក់(ប្រុស៣នាក់ និងស្រីម្នាក់) បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿនក្នុងស្ថានភាពស្រវឹង លុះដល់ចំណុចកើតហេតុក៏បានទៅបុករថយន្តម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២P-៩៣៩៣ មួយគ្រឿងដែលចតស្ងៀមនៅខាងមុខផ្ទះ និងបន្តទៅបុកស្ត្រីម្នាក់ដែលកំពុងតែជិះកង់នៅខាងមុខផ្លោងទៅទើលើកញ្ចក់រថយន្តបណ្តាលឱ្យរងរបួសក្បាលធ្ងន់ថែមទៀត។
ស្ត្រីជិះកង់រងគ្រោះត្រូវបានភាគីម្ចាស់រថយន្តបង្កសងថ្លៃព្យាបាលរបួសចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ចំណែកឯម្ចាស់រថយន្តម៉ាកកាមរីបាឡែនរងគ្រោះបានទាមទារសំណងចំនួន២ពាន់ដុល្លារយកទៅធ្វើការជួសជុល តែភាគីរថយន្តបង្កព្រមសងត្រឹមតែ៨០០ដុល្លារប៉ុណ្ណោះ។
ដោយសារតែម្ចាស់រថយន្តទាំងពីរគ្រឿងធ្វើការសម្រុះសម្រួលគ្នានៅនឹងកន្លែងកើតហេតុមិនត្រូវ ទើបរថយន្តទាំងពីរគ្រឿងត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕
ចែករំលែកព័តមាននេះ