ខេត្តពោធិ៍សាត់៖ រថយន្តធុនធំដឹកទំនិញមួយគ្រឿងបានក្រឡាប់ចាក់ចោលពងទា និងបន្លែផ្លែឈើពាសពេញថ្នល់ កាលពីវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៣ មេសា ២០១៥ ត្រង់ចំណុចភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយសារគេចសាកសពជនមិនស្គាល់អត្តសញ្ញាណម្នាក់ដែលត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់នៅណ្ដាលថ្នល់។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់កោះសន្តិភាពឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល០១ និង២០នាទីយប់ មានរថយន្តធុនតូចមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរពីកើតទៅលិច។ ពេលមកដល់ចំណុចកើតហេតុបានបុកមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ដែលកំពុងដើរលើផ្លូវជាតិលេខ៥បណ្ដាលឲ្យស្លាប់ស្ដូកស្ដឹងកណ្ដាលថ្នល់រួចហើយបានបន្ថែមល្បឿនបន្តដំណើរទៅមុខទៀតបាត់ស្រមោល។
មួយសន្ទុះក្រោយមកមានរថយន្តធុនធំដឹកពងទា និងបន្លែផ្លែឈើមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដូចគ្នាដែរ។ ខណៈមកដល់កន្លែងកើតហេតុវាក់នឹងសាកសពក៏បួងចង្កូតគេចបណ្ដាលឲ្យក្រឡាប់ចាក់បន្លែថ្លែឈើ និងពងទាបែកពេញថ្នល់តែម្ដង ប៉ុន្តែសំណាងល្អមិនចូលដល់ផ្ទះប្រជាពលរដ្ឋ និងមិនមានអ្នកគ្រោះថ្នាក់អ្វីដល់មនុស្សនោះទេ។
លោកអនុសេនីយ៍ឯកវ៉ន ភាព ប្រធានផ្នែកចរាចរណ៍នគរបាលក្រុងពោធិ៍សាត់ឲ្យដឹងថា រថយន្តដែលក្រឡាប់ចាក់អីវ៉ាន់ចោលពេញថ្នល់នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C.3053 អ្នកបើកបរឈ្មោះជា នី ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់។
បើតាមការសាកសួរទំនិញទាំងអស់នេះដឹកមកពីភ្នំពេញយកទៅបោះឲ្យម៉ូយនៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ លុះមកដល់ខេត្តពោធិ៍សាត់ក៏ជួបគ្រោះថ្នាក់ក្រឡាប់បែបនេះទៅ។ ពងទាបែកស្ទើរទាំងស្រុងប្រឡាក់ពេញលើថ្នល់ ចំណែកបន្លែនិងផ្លែឈើខូចខាតប្រហែល៣០%ហើយបានយករថយន្តមួយគ្រឿងទៀតមកសាងបន្ត៕
ចែករំលែកព័តមាននេះ