រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២០ មេសា ២០១៥ សាលារាជធានីភ្នំពេញបានធ្វើពិធីបើកវគ្គបណ្តុះបណ្តាលជំនាញលទ្ធកម្មសាធារណៈដល់មន្ត្រីពាក់ព័ន្ធសំខាន់ក្រោមឱវាទសាលារាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងមានរយៈពេល១៥ថ្ងៃ នៅសាលារាជធានីភ្នំពេញ ស្ថិតក្រោមអធិបតីភាពលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ ដែលសិក្ខាកាមជាមន្ត្រីមកពីមន្ទីរសុខាភិបាល, កសិកម្ម, រៀបចំដែនដីនគររូបនីយ៏កម្ម សំណង់និងសុរិយោដី, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, អភិវឌ្ឍន៍ជនបទ, កិច្ចការនារី, សាលាដំបូងរាជធានីភ្នំពេញ, ការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរខណ្ឌទាំង១២ចូលរួមផងដែរ ។
លោកលោកស្រីម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញបានអំពាវនាវកុំឲ្យមានការផ្លាស់ប្តូរមន្ត្រីដែលមានជំនាញខាងផ្នែកលទ្ធកម្មស្តីពីជំនាញលទ្ធកម្មសាធារណៈ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់គំរោងចំណាយរបស់មន្ទីរអង្គភាពនីមួយៗប្រចាំឆ្នាំ ។ ក្នុងរយៈពេលកន្លងមកថ្នាក់ក្រោមតែងតែបន្ទោសថ្នាក់លើពីរឿងការងារលទ្ធកម្មដែលមានចន្លោះប្រហោងមិនបានឆ្លើយតបសមស្របទៅនឹងតំរូវការជាក់ស្តែង តែចាប់ពីពេលនេះទៅការអនុវត្តការងារលទ្ធកម្មនៅតាមអង្គភាពនានា សូមកុំឲ្យមានការផ្លាស់ប្តូរញឹកញាប់ពេក លើកលែងតែអ្នកនោះធ្វើការមិនកើតតែម្តង ។
លោកស្រីម៉ក់ វណ្ណស៊ីថា បានបញ្ជាក់ថា «នេះជារបត់ថ្មី១សំរាប់ឆ្នាំ២០១៥ដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃលើកំណែទំរង់ហិរញ្ញវត្ថុសាធារណៈឆ្នាំ២០១៥ ដែលតំរូវលើការអនុវត្តឲ្យមានប្រសិទ្ធភាព, តម្លាភាព និងទាន់ពេលវេលា ហើយបើអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ហិរញ្ញវត្ថុនោះទេ អង្គភាពទាំងនោះពិតជាមិនអាចប្រើកញ្ចប់ថវិកាប្រចាំឆមាស ឬប្រចាំឆ្នាំបានទេ»៕
ចែករំលែកព័តមាននេះ