ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់ក្រៀកនារីជាគូដណ្តឹង រួចយកផ្លែឡាមអារ.កនាងបណ្តាលឱ្យរងរបួសជាច្រើនកន្លែង ។ ហេតុការណ៍ផ្តើមចេញពីភ្លើងប្រចណ្ឌនេះ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ មេសា នៅភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ។
យោងតាមរបាយការណ៍របស់នគរបាលខេត្ត ដែលបានរាយការណ៍ទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឱ្យដឹងថា ជនសង្ស័យឈ្មោះ ឯល ម៉ឹក អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ចំណែកនាងជាគូដណ្តឹងឈ្មោះ សាន់ ម៉ាស់ អាយុ២២ឆ្នាំ ទាំងពីរនាក់ជាខ្មែរអ៊ិស្លាម រស់នៅភូមិឃុំជាមួយគ្នា ។ មុនពេលកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានទៅផ្ទះនារីដែលជាគូដណ្តឹង ។ ពេលទៅដល់បានជួបនាងហើយពេលនិយាយទៅកាន់នាងដោយមានធុំក្លិនស្រា នាងស្រែកថា ស្អប់ណាស់អ្នកផឹកស្រា រួចនាងបានគេចឡើងទៅលើផ្ទះបាត់ទៅ ។ បន្ទាប់មកជនសង្ស័យបានត្រឡប់មកផ្ទះវិញ ប្រហែលកន្លះម៉ោងក្រោយមកក៏ត្រឡប់ទៅផ្ទះនាងគូដណ្តឹងម្តងទៀត ឃើញនាងចូលបន្ទប់ទឹក ក៏ដើរតាមពីក្រោយ និងចាប់ក្រៀកនាងជាប់ហើយសម្លុតសួរថា «ស្រឡាញ់ខ្ញុំឬអត់» ? នាងឆ្លើយថា «អញអត់ស្រឡាញ់ទេ អាអ្នកផឹកស្រា» ពេលនោះជនសង្ស័យក៏ចាប់នាងអារ.កនឹងផ្លែឡាមបណ្តាលឱ្យរងរបួស។ ព្រមពេលជាមួយគ្នានោះ នារីរងគ្រោះបានស្រែកឱ្យឪពុកម្តាយនាងជួយ ខណៈដែលម្តាយនាងរត់ទៅដល់ជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ តែក្រោយមកត្រូវចាប់ខ្លួនបន្ទាប់ពីមានបណ្តឹងពីអ្នកអាណាព្យាបាលជនរងគ្រោះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានអារ.កនាងនឹងផ្លែឡាមមែន ព្រោះសង្ស័យថានាងមានប្រុសថ្មី និងខឹងនាងពេលចាប់សួរនាងស្រែកថា «អាឆ្កែអញអត់ស្រឡាញ់អ្ហែងទេ» ទើបរូបគេទប់កំហឹងមិនបាន ។
ទោះយ៉ាងណាក្តី នៅឯមន្ទីរពេទ្យខេត្ត ម្តាយនារីរងគ្រោះហាក់ទទួលនូវគំនាបអ្វីមួយ ឬ អាចថាប្រហែលជាបានទទួលសំណងណាមួយពីគ្រួសារជនសង្ស័យ ទើបស្នើសុំឱ្យនគរបាលជួយកុំយកទោសទណ្ឌអ្វី តែសមត្ថកិច្ចប្រាប់ថា នេះជាអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ