ខេត្តត្បូងឃ្មុំ ៖ រថយន្តម៉ាកសាំងយ៉ុង១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2Q-4564 ដឹកឈើប្រណីតបានបង្កគ្រោះថ្នាក់ចរាចរ ដោយបានបុកជាមួយម៉ូតូ១គ្រឿង ឡើងខ្ទេចម៉ូតូ និងអ្នកជិះមិនសង្ឃឹមរស់នោះទេ ។ ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ភ្លាមៗនោះអ្នកបើកបររថយន្តបានបើកទ្វាររថយន្តរត់គេខ្លួនបាត់ស្រមោលចោលរថយន្ត ។
លោកសាន សាត នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានប្រាប់ឲ្យដឹងថា អ្នករងគ្រោះដែលជិះម៉ូតូមិនសង្ឃឹមរស់នោះឈ្មោះហេង ភាព ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសំរោងត្បូង ឃុំទ្រាក ស្រុកមេមត់ ត្រូវបានសាច់ញាតិដឹកតាមរថយន្តមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ ។
លោកនាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ប្រាប់បន្តទៀតថា មុនកើតហេតុម៉ូតូម៉ាកស៊ីប៊ីអ័រ បានជិះចេញមកពីទិសខាងត្បូងមកជើង ដោយមិនបានពាក់មួកសុវត្ថិភាពនោះទេ ស្របពេលដែលបើកមកដល់ត្រង់ភូមិសំបូរ ឃុំមេមង់ ស្រុកមេមត់ ផ្លូវរាងកោងនោះ ក៏បានយកចង្កូតមិនទាន់ទៅបុកជាមួយនឹងរថយន្តសាំងយ៉ុងពេញទំហឹងលាន់ដូចរន្ទះ ក្នុងទិសដៅបញ្ច្រាសគ្នា ។ ម៉ូតូបានរងការ
ខូចខាតយ៉ាងដំណំខ្ទេចមួយកំណាត់ខាងមុខតែម្តង នាពេលនោះអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានប្រញាប់បើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកនូវរថយន្ត១គ្រឿង ដែលមានស្នាមបែកកញ្ចក់ដោយសារក្បាលអ្នករងគ្រោះទៅទង្គិចជាមួយនឹងកញ្ចក់នោះ ។ ជនរងគ្រោះដែលជិះម៉ូតូនៅដង្ហើមចង្រិតត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែស្រុកមេមត់ជាបន្ទាន់ផងដែរតែសង្ឃឹមរស់តិចណាស់ ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់ បានបញ្ជាឲ្យយករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីដោះស្រាយតាមច្បាប់ ។ ហើយនៅលើរថយន្តក៏មានឈើប្រណីតប្រភេទធ្នង់ចំនួន៦ដុំធំៗ ដែលសង្ស័យរបស់ឈ្មួញអាចបំរុងដឹកទៅលក់ទីផ្សារជាប់ព្រំដែនប្រទេសវៀតណាម ។
សមត្ថកិច្ចបានធ្លោយមាត់ប្រាប់ថា ឈើប្រណីតនេះត្រូវបានគេដាក់តាមរថយន្តសាំងយ៉ុងខាងលើតែមិនទាន់ដឹងជារបស់ថៅកែណាម្នាក់នូវឡើយទេ គឺគេយកមកលក់ឲ្យឃ្លាំងណាមួយក្នុងស្រុកមេមត់ លុះពេលដែលបានច្រើនគួរសមហើយ ពួកគេនឹងដឹកចេញទៅលក់នៅទីផ្សារព្រំដែនវៀតណាម ។ សព្វថ្ងៃនេះទីផ្សារឈើប្រណីតកំពុងតែត្រូវប៉ាន់ ដោយក្រុមឈ្មួញធំៗនាំគ្នាសំរុកទិញយកទៅលក់នៅប្រទេសវៀតណាម ដែលមិនដែលឃើញលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ប្រើវិធានការក្តៅបង្ក្រាបទ្រង់ទ្រាយធំម្តងណាឡើយ ឬមួយក៏លោកនាយរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំរូបនេះទទួលបានលាភសក្ការៈពីឈ្មួញឈើទាំងអស់នោះ ។
ទាក់ទងនឹងបញ្ហាដឹកឈើប្រណីតទៅលក់នៅព្រំដែនប្រទេសវៀតណាមនេះដែរ ភ្នាក់ងារយើងព្យាយាមទំនាក់ទំនងទៅលោកងី វីរៈ ដើម្បីបំភ្លឺដែរតែទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕
ចែករំលែកព័តមាននេះ