ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការ​ប៉ូលិស​ខណ្ឌ​បំភ្លឺ ជុំវិញ​ព័ត៌មាន​ជនបរទេស ដែល​យល់​ច្រឡំ​ថា​ចោរប្លន់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ មេ​សា នៅ​មុខ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​តាម​បណ្ដោយ​មហាវិថីសហព័ន្ធ​រុ​ស្ស៊ី

រាជធានី​ភ្នំពេញ ៖ លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ មេ​សា នៅ​មុខ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​តាម​បណ្ដោយ​មហាវិថីសហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​មាន​អំពើ​ប្លន់ ឬ​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​បុរស​ម្នាក់​ជា​ភ្ញៀវ​ទេសចរ​ជនជាតិកា​ហ្សា​ក់​ស្ថាន​ឡើយ ។

លោក​អធិការ​បាន​បញ្ជាក់​ថា បុរស​ជនជាតិ​កា​ហ្សា​ក់​ស្ថាន​ម្នាក់​នោះ ជា​អ្នកទេសចរ​ថ្មើរជើង ហើយ​បាន​ឆ្លងកាត់​៤​ប្រទេស​រួច​មក​ហើយ​មុន​នឹង​ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង គឺ​យប់​កន្លែង​ណា​ដេក​នៅ​កន្លែង​នោះ​តែ​ម្ដង ។ ដោយឡែក​នៅ​យប់​កើតហេតុ​នោះ លោក​បាន​បញ្ជា​កម្លាំង​នគរបាល​ខណ្ឌ​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ហើយ​ជួប ជនបរទេស​រូប​នេះ​នៅ​មុខ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​បម្រុង​ដេក​នៅ​ទីនោះ ។ ខណៈនោះ​កម្លាំង​នគរបាល​បាន​នាំ​បុរស​នេះ​ទៅ​សួរនាំ​ទើប​ដឹង​ថា គាត់​គឺជា​ជនជាតិ​កា​ហ្សា​ក់​ស្ថាន​ហើយ​ជា​អ្នកទេសចរ​ថ្មើរជើង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ និង​គ្មាន​ប្រាក់​នៅ​ជាប់​ខ្លួន​មួយ​កាក់​មួយ​សេន​ឡើយ ។

លោក​អធិការ​បាន​បន្ត​ថា ស្រប​ពេល​នោះ​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ច្រឡំ​ថា​បុរស​នោះ​ត្រូវ​ចោរប្លន់​និង​ឆក់​ទូរស័ព្ទ​ដៃ ព្រោះ​បុរស​ខាងលើ​នេះ​បាន​ពឹង​ឲ្យ​ប្រាប់​នគរបាល​ឲ្យ​ជួយ​រក​កន្លែង​ស្នាក់​នៅ​ឱ្យ​គាត់​ផង ។ ដោយ​មិន​ចេះ​ស្ដាប់​ភាសា​ទើប​នាំ​គ្នា​និយាយ​ថា បុរស​នោះ​ត្រូវ​ចោរប្លន់​និង​ខ្លះ​ថា​ឆក់​ទៅ​វិញ ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ដល់​សារព័ត៌មាន​ចុះ​ផ្សាយ​ថែម​ទៀត​ផង ។ លុះ​ក្រោយ​ពេល​សួរនាំ​ដឹង​ថា គាត់​ចង់រក​កន្លែង​សម្រាក​លោក​ក៏​បញ្ជា​ឲ្យ​នគរបាល​ក្រោម​ឱវាទ​ផ្អាក​សួរនាំ​និង​រៀបចំ​កន្លែង​ឲ្យ​គាត់​សម្រាក​រហូត​អស់ចិត្ត​ទើប​សួរនាំ​បន្ត​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ថា បុរស​នោះ​បាន​ប្រាប់​ថា អត់​មាន​ចោរឆក់​ឬ​ប្លន់​អ្វី​ឡើយ​និង​បញ្ជាក់​ថា ខ្លួន​គាត់​គ្មាន​អ្វី​ឲ្យ​ចោរប្លន់​ទេ ការ​ធ្វើ​ទេសចរណ៍​មាន​តែ​សម្បកខ្លួន​ប៉ុណ្ណោះ​ហើយ ពេល​ជួប​អាជ្ញាធរ​និង​សមត្ថកិច្ច​ប្រទេស​ណា​គឺ​សុំ​លុយ​ដើម្បី​បន្ដដំណើរ​ទៅ​មុខ​ទៀត ។ បើ​ដើរ​តាម​ផ្លូវ​មាន​អ្នក​អាណិត​ស្រឡាញ់​ផ្ដល់​មធ្យោបាយ​ឱ្យ​ជិះ​ដោយសារ​ក៏​ជិះ​ទៅ តែបើ​គ្មាន​ទេ​ក៏​ដើរទៅ​យប់​ត្រង់​ណា​សម្រាក​ត្រង់នោះ ។ បន្ទាប់​មក​បាន​ប្រាប់​ថា គាត់​ចង់​បន្តដំណើរ​ទៅ​កាន់​ខេត្តព្រះ​សីហ​នុ ប៉ុន្តែ​គ្មាន​លុយ​ទើប​ពេល​នោះ​លោក​បាន​ផ្ដល់​ប្រាក់​ចំនួន​២៥​ដុល្លារ ឱ្យ​ជិះ​រថយន្ដក្រុង​ឆ្ពោះទៅ​កាន់​ខេត្ដ​ព្រះ​សីហ​នុ​នា​វេលា​រសៀល​ថ្ងៃ​ទី​២ មេ​សា ឆ្នាំ​២០១៥ ៕