ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយក​រដ្ឋមន្ត្រី​ចាត់​ទុក​ថា វិវាទ​បុរី​រសើប​បំផុត ទាម​ទារ​ត្រូវ​តែ​មានការ​ដោះស្រាយ​ដោយ​អំណត់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាតបូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​បតីហ៊ុន…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាតបូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​បតីហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ទំនាស់​ដីធ្លី​គឺជា​រឿង​ចាស់​ដែល​មាន​ពី​មុន​មក ប៉ុន្តែវិវាទ​បុរី​គឺជា​រឿង​ថ្មី ដែល​ប្រវត្តិសាស្ត្រ​មិន​ដែលមាន​ក្នុង​ទ្រង់ ទ្រាយ​ធំ​បែប​នេះ ខណៈ​បញ្ហា​នេះ គឺជា​បញ្ហា​ដែល​រសើប​បំផុត ទាមទារ​ឱ្យ​ដោះស្រាយ ដោយ​មាន​ភាព​បត់បែន យោគយល់​គ្នា និង​ភាព​អំណត់ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៀត​ថា កាលពី​ឆ្នាំ​១៩៩៧ ខ្ញុំ​ចាំ ពេល​ដែល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី​អាគ្នេយ៍ និង​វិបត្តិ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ កម្ពុជា​អត់​មាន​បញ្ហា​ទេ ព្រោះ​កាលនោះ ការ​ទិញ​-​លក់​អចលនទ្រព្យ​អត់​មាន​ច្រើន​ទេ ។ ប្រាកដ​ណាស់ ពី​ដើម​អាណត្តិ មាន​ជនជាតិ​ផ្សេង​គេ​មក​វិនិយោគ​ទិញ​-​លក់ ប៉ុន្តែ​ខ្មែរ​យើង​មិន​ទាន់​មាន ហើយ​ទិញ​ពេល​នោះ​គឺ​អត់​មាន​ទិញ​ដោយ​ខ្ចី​ធនាគារ​ទេ ។ ពេល​នោះ​ភាគច្រើន​ប្រើ​លុយ​សុទ្ធ ។ អី​ុ​ចឹ​ង​វិបត្តិ​អី​វិបត្តិ​ទៅ អត់​មាន​បញ្ហា​ប៉ុន្មាន​ទេ ហើយ​យើង​ក៏​មិន​ប៉ះពាល់​ច្រើន ប៉ុន្តែ​លើក​នេះ​គឺ​មាន​ទំហំ​ធំ ។

សម្តេច​ធិ​បតី បាន​មើលឃើញ​ថា ដោយសារបញ្ហា​កូ​វី​ដ​-១៩ ដែល​មិន​អាច​ប៉ាន់​ស្មានជា​មុន​បាន​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​វិស័យ​អចលនទ្រព្យ មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នាំ​ឱ្យ​ម្ចាស់​គម្រោង​បុរី​មួយ​ចំនួន ដែល​កំពុង​ចាប់​យក​ឱកាស​វិនិយោគ​លើ​វិស័យ​នេះ​ជួប​វិបត្តិ ។ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា បញ្ហា​នេះ​គឺជា​បញ្ហា​ដែល​រសើប​បំផុត បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ដោយ​មាន​ភាព​បត់បែន ។

បញ្ហា​ត្រូវ​ដោះស្រាយ​ដោយ​ភាព​យោគយល់​គ្នានិង​ភាព​អំណត់ ។ ខ្ញុំ​ចែក​ជា​ពីរ បុរី​ដែល​ធ្វើ​ពិត
មាន​ចេតនា​ពិត គ្រាន់តែ​បញ្ហា​ប្រឈម ការ​វាយតម្លៃ​ខុស និង​បុរី​ដែល​មាន​ចេតនា​បោកប្រាស់ គេ​ហៅ​ឆបោក ខ្លះ​អត់​មាន​បុរី​ផង ។សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បន្ថែម​ថា ដំបូង​គេ​បំផុត ពេល​ដែល​ខ្ញុំ​ទទួល​តួនាទី អ្វី​ដែល​ជា​ការ​តាមដាន​ដោយ​យកចិត្តទុកដាក់​របស់ខ្ញុំ​ជាងគេ គឺ​រឿង​អចលនទ្រព្យ​នេះឯង ។ ប្រសិនបើ​មាន​បញ្ហា​ជាមួយ​វិស័យ​អចលនទ្រព្យ គឺ​វា​ជះ​ឥទ្ធិពល​ទៅ​ដល់​វិស័យ​ធនាគារ និង​ផ្សេង​ៗទាំងអស់ ។ នេះ​ហើយ​ជា​គោលដៅ​ធំ​បំផុត​របស់​យើង​២ ទិស​ដៅ​២​មុខព្រួញ​ដែល​ត្រូវធ្វើ ៖

ទី​១-​ដោះស្រាយ​បញ្ហា​វិវាទ​ចំពោះ​មុខ ។
ទី​២ ត្រូវធ្វើ​ម៉េច ធានា​ការ​រស់រាន​មានជីវិត មិន​ឱ្យ​ស្លាប់​វិស័យ​អចលនទ្រព្យ ។ នេះ​គឺជា​គោលដៅ​ដ៏​ធំ​ដែល​ត្រូវធ្វើ យើង​ដោះស្រាយ​បែប​ណា កុំឱ្យ​មាន​ភាព​ច្របូកច្របល់ ។

សម្តេច​បវរ​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ​អាជ្ញា​ធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ខិតខំ​ធ្វើ​កិច្ចការងារ​ដោះស្រាយ​នេះ ដោយ​ភាព​អត់ធ្មត់​និង​ប្រសិទ្ធ​ភាព ដោយ​សម្តេច​យល់​ឃើញ​ថា បើ​ពុំនោះ​ទេ មិនដឹង​ថា​ត្រូវ​ចាប់ខ្លួន​មនុស្ស​ប៉ុន្មាន​នាក់​ឡើយ ចំពោះ​ករណី​អចលនទ្រព្យ​នេះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​វិវាទ​បុរី​នេះ សម្តេច​បវរ​ធិបតី បាន​ទម្លាយ​ថា «​ខាង​បុរី​មួយ​ចំនួន​សំណូមពរ
ថា​ត្រូវ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​នេះ​រឹង​កំព្រឹស អតិថិ​ជន​មួយ​ចំនួន​ទាមទារ​ឱ្យ​អនុវត្ត​ច្បាប់ ចាប់​ម្ចាស់​បុរី ខាង​ធនាគារ​មួយ​ចំនួន ថា​ត្រូវ​តែ​អនុវត្ត​ឱ្យ​រឹង​កំព្រឹស អ្នក​អត់​បង់​ត្រូវ​ចាប់​ត្រូវ​អី ។ ខ្ញុំ​ថា បើ​រវល់​តែ​ចាប់​គ្រប់​គ្នា​រលាយ​ហើយ វា​បង្កើត​នូវ​ភាព​កាន់តែ​រំជើបរំជួល ៩៩​គម្រោង បើសិនជា​មាន​បញ្ហា ៩៩​គម្រោង មាន​បញ្ហា​ទាំង​៩៩​ហើយ​យើង​ចេះ​តែ​ចាប់ តើ​នរណា​ជា​អ្នកដោះ ? នេះ​ហើយ​ដែល​យើង​ត្រូវ​គិតគូរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ