ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញដង្កូវសមុទ្រ​ដ៏​ចម្លែកដែលមានពន្លឺចែងចាំងក្នុងបាតសមុទ្រដ៏សែនជ្រៅ

5 ម៉ោង មុន

បរទេស ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​សម្តែង​ភាព​ភ្ញាក់ផ្អើល ក្រោយ​ពី​កា​មេ​រា​ចាប់​រូបភាព​ពី​បាតសមុទ្រ​ដែល​បំពាក់​លើ​មនុស្ស​យន្ត​ស្វ័យប្រវត្តិ​បាន​ថត​ជាប់ សត្វ​ដង្កូវ​សមុទ្រ​ដ៏​ចម្លែក​មួយ​ប្រភេទ​អោយ​ពួក​គេ​បាន​ដាក់​រហស្សនាម​វា​ថា ជា​ដង្កូវ​ផ្កាភ្លើង ឬ Sassy sparkler ដោយសារ​ពន្លឺ​ចែងចាំង​ភ្លឹបភ្លែត​របស់​វា​ប្រៀប​បីដូច​ទៅ​នឹង​ពន្លឺ​ផ្កាភ្លើង​នៃ​ផាវ​កាំជ្រួច​ខួបកំណើត…

បរទេស ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​សម្តែង​ភាព​ភ្ញាក់ផ្អើល ក្រោយ​ពី​កា​មេ​រា​ចាប់​រូបភាព​ពី​បាតសមុទ្រ​ដែល​បំពាក់​លើ​មនុស្ស​យន្ត​ស្វ័យប្រវត្តិ​បាន​ថត​ជាប់ សត្វ​ដង្កូវ​សមុទ្រ​ដ៏​ចម្លែក​មួយ​ប្រភេទ​អោយ​ពួក​គេ​បាន​ដាក់​រហស្សនាម​វា​ថា ជា​ដង្កូវ​ផ្កាភ្លើង ឬ Sassy sparkler ដោយសារ​ពន្លឺ​ចែងចាំង​ភ្លឹបភ្លែត​របស់​វា​ប្រៀប​បីដូច​ទៅ​នឹង​ពន្លឺ​ផ្កាភ្លើង​នៃ​ផាវ​កាំជ្រួច​ខួបកំណើត ។

យោង​តាម​សារព័ត៌មាន nypost បាន​ចេញផ្សាយ​ដោយ​ប្រើ​ចំណងជើង​ប្រៀបធៀប​រូបរាង​សត្វ​ដង្កូវ​ចម្លែក ឬ​ដង្កូវ​ក្រៅ​ភព​មួយ​នេះ​ទៅ​នឹង​ដើម​ណូអែល ឬ​ជក់​ដុស​បង្គន់ ? ប៉ុន្តែ​សារព័ត៌មាន​ភាគច្រើន​បាន​ប្រដូច​រូបរាង​របស់​វា​ទៅ​នឹង​រោមភ្នែក ដែល​នារី​ៗ​និយម​យក​ទៅ​ត ដើម្បី​បង្កើន​សម្រស់ ។ ថ្មី​ៗ​នេះ​វិទ្យាស្ថាន Schmidt Ocean Institute ដែល​ជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់​ចំណេញ​បាន​ចែករំលែក​វី​ដេ​អូ ដង្កូវ​ផ្កាភ្លើង តាម​រយៈ​គណនី Instagram និង X ដោយ​ពណ៌នា​ថា ដង្កូវទឹក​សមុទ្រ​ទឹក​ជ្រៅ​នេះ​ត្រូវ​បាន​ថត​ជាប់​អំឡុង​បេសកកម្ម #ChileMargin2024 កំឡុង​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​ចូលរួម​ដោយ​ក្រុម​វិទ្យាសាស្ត្រ​អន្តរជាតិ ដើម្បី​សិក្សា​ពី​ជីវ​កម្រ និង​បរិស្ថាន​ក្នុង​សមុទ្រ​ទឹក​ជ្រៅ នៅ​តាម​បណ្តោយ​ជ្រលង​ទ្វីប​ដែល​មាន​សភាព​ចោត​ខ្លាំង ដែល​ត្រូវ​បាន​លិច​នៅ​ក្រោម​បាត​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។

ក្រៅពី​ដង្កូវ​ផ្កាភ្លើង ឃ្លី​ប​វី​ដេ​អូ​នោះ​ក៏​បង្ហាញ​ឱ្យ​ពី​សត្វ​ចម្លែក​ៗ​ដែល​មិន​ធ្លាប់​បានឃើញ​ជា​ច្រើន​ប្រភេទ​ទៀត ដែល​កំពុង​មាន​វត្តមាន​រស់នៅ​ក្នុង​បាតសមុទ្រ ។ លោក Karen Osborn អ្នកជំនាញ​នៅ​សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​ធម្មជាតិ Smithsonian បាន​ពន្យល់​ថា ដង្កូវ​ផ្កាភ្លើង ស្ថិត​នៅ​ក្នុង​ចំណោម​ប្រភេទ​ដង្កូវ​សមុទ្រ​រាប់​ម៉ឺន​ប្រភេទ ហើយ​ដែល​ពួក​វា​អាច​មាន​ពណ៌​ចម្រុះ​លើស​ពី​នេះ ។ ពួក​គេ​មិនមែន​គ្រាន់តែ​ជា​ដង្កូវ​ដែល​បង្កើន​សម្រស់ និង​ពន្លឺ​ដល់​បាតសមុទ្រ​តែ​ប៉ុណ្ណោះ​ទេ តែ​ពួក​វា គឺ​ជីវៈចម្រុះ​ដ៏​សំខាន់​នៅ​ក្នុង​វដ្ដ​អាហារ​ក្រោម​បាតសមុទ្រ ហើយ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​សម្អាត​បរិស្ថាន​បាតសមុទ្រ ដោយ​ស៊ី​សាកស​.​ព ឬ​ឆ្អឹង​សត្វ​សមុទ្រ ដើម្បី​កម្ចាត់​ជាតិពុល និង​បង្កើន​អុក​ស៊ី​សែន​នៅ​បាតសមុទ្រ ។

គួរ​កត់​សម្គាល់ថា បេសកកម្ម Chile Margin 2024 ដែល​កំពុង​ដំណើរការ​នេះ ផ្តោត​លើ​ការ​ចុះ​ជ្រៅ​នៅ​ក្នុង​បាតសមុទ្រ​ដាច់​ស្រយាល​ប្រមូលផ្តុំ​ទៅ​ឧស្ម័ន​ពុល​ដែល​បង្ក​ឡើង​ពី​សត្វ​សមុទ្រ​រលួយ​រាប់​លាន​ឆ្នាំ ដើម្បី​សិក្សា​ឱ្យ​ច្បាស់​ពី​បរិស្ថាន​នៅ​ទីនោះ​ដែល​ពោរពេញ​ទៅ​ដោយ​អតិសុខុមប្រាណ និង​ភាវៈ​ចម្លែក​ៗ ។ ជា​ឧទាហរណ៍ បេសកកម្ម​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ជីវិត​នៅ​ក្រោម​បាត​មហាសមុទ្រ​មាន​សក្តានុពល​ដ៏​អស្ចារ្យ​សម្រាប់​ឱសថ​ដែល​មាននៅ​ក្នុង​ប្រលោមលោក​ទេវ​កថា ។

អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​ស្រាវជ្រាវ​ឈាន​ទៅ​រក​របកគំហើញ​ថ្មី ដើម្បី​ផលិត​ថ្នាំ​ប្រឆាំង​ជំងឺមហារីក បន្ទាប់​ពី​ពួក​គេ​បាន​រក​ឃើញ​សត្វ​ឆ្អឹងខ្នង ឬ​ថនិកសត្វ​សមុទ្រ មាន​សមត្ថភាព​អាច​ផលិត​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ប្រឆាំង​នឹង​មហារីក និង​សារធាតុ​ប្រឆាំង​ការ​រលាក​ដោយ​ខ្លួន​វា ខ្ពស់​ជាង​ភាវៈរស់​ដែល​ស្ថិត​នៅ​លើគោក ។

សូម​ជម្រាប​ថា មាន​ដង្កូវ​សមុទ្រ​ប្រហែល​៨០០០​ប្រភេទ ដែល​ត្រូវ​គេ​ស្គាល់ ដែល​មាន​ទំហំ​ចាប់ពី​ពីរ​បី​មិល្លីម៉ែត្រ​ទៅ​ប្រហែល​១០​ហ្វី​ត ប៉ុន្តែ​គ្មាន​អ្នក​អាច​កំណត់​ឱ្យ​ច្បាស់​ថា តើ​នៅ​ក្រោម​បាតសមុទ្រ​ដ៏​ធំ​មហិមារ និង​ពោរពេញ​ទៅ​ដោយ​អាថ៌​កំបាំង​រាប់​មិន​អស់នោះ តើ​មាន​ភាវរស់​ប៉ុន្មាន​លាន​ប្រភេទ​នោះ​ទេ ជា​ពិសេស​នៅ​តំបន់​បាតសមុទ្រ​ជ្រៅ​ៗ​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មិន​អាច​ចុះ​ទៅ​ដល់ ៕

កែសម្រួលដោយ