ខេត្តកំពង់ស្ពឺ ៖ លោក ប៉ែត ចក់ ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបង់ពន្ធ ត្រូវប្រញាប់រួសរាន់មកបង់ពន្ធជូនរដ្ឋ ដើម្បីគេចផុតពីការផាកពិន័យ ព្រោះនៅសល់តែរយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះផុតកំណត់ហើយ ។ ការរំលឹកនេះ ស្ថិតក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោយល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានប្រជាពលរដ្ឋចូលរួមជិត៥០០នាក់ ។
ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ លោក ប៉ែត ចក់ បានលើកឡើងថា នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងផុតកំណត់នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនហើយ ដូច្នេះហើយសូម ម្ចាស់យានយន្តត្រូវតែប្រញាប់រួសរាន់ឡើង ដើម្បីជៀសផុតពីការពិន័យទ្វេរដងពីមន្ត្រីជំនាញពន្ធដារ ។
ប្រធានសាខាពន្ធដារខេត្ត លោក ប៉ែត ចក់ បានបញ្ជាក់ថា សម្រាប់សាខាពន្ធដារខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងរួចរាល់ហើយ ដើម្បីក្រើនរម្លឹកដល់ម្ចាស់យានយន្តទាំងឡាយ ដែលនៅមិនទាន់បង់ពន្ធ សូមចូលខ្លួនបង់ពន្ធជូនរដ្ឋ ខណៈកាលបរិច្ឆេទនៃការកំណត់បានខិតកាន់តែជិតចូលមកដល់ហើយ។ បើប្រជាពលរដ្ឋនៅតែមិនបានចូលបង់ពន្ធ នោះនឹងទទួលរងនូវការផាកពិន័យទ្វេដងចៀសមិនផុតឡើយ ព្រោះច្បាប់បានកំណត់ ។
លោក ប៉ែត ចក់ ប្រធានសាខាពន្ធដារខេត្ត បានបញ្ជាក់បន្ថែមទៀតថា នាយកដ្ឋានពន្ធដារក៏ដូចបណ្តាសាខាខេត្តក្រុង បានផ្សព្វផ្សាយ និងទទួលការបង់ពន្ធលើមធ្យោបាយយានយន្តគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ។
ប្រសិនម្ចាស់យានយន្តណា ដែលបានមកបង់ពន្ធក្នុងចន្លោះពេលនោះ ពុំមានការផាកពិន័យឡើយ ហើយក៏ពុំមែនមានន័យថាមានការលើកលែងចំពោះបុគ្គលដែលជាម្ចាស់យានយន្តដែលហួសកាលកំណត់ខាងលើ ត្រូវបានអនុញ្ញាតឱ្យរួចផុតពីការបង់ពន្ធនោះដែរ ពោលគឺ បុគ្គលនោះនៅតែចូលខ្លួនមកធ្វើការបង់ពន្ធជូនរដ្ឋបានដដែល គឺគ្រាន់តែរងការផាកពិន័យទ្វេរដង ជារួមការផុតកំណត់ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សាខាពន្ធដារនៅតែរង់ចាំទទួលការបង់ពន្ធពីប្រជាពលរដ្ឋដែលបានហួសកាលបរិច្ឆេទនៃការការជូនដំណឹង៕
ចែករំលែកព័តមាននេះ