ទីក្រុងម៉ូស្គូ៖ រុស្ស៊ីផ្ទុះកំហឹងយ៉ាងខ្លាំងនៅពេលអ៊ុយក្រែនប្រើប្រាស់គ្រាប់មីស៊ីលរបស់អាមេរិកបាញ់ចូលឆ្ងាយៗទៅក្នុងទឹកដីរុស្ស៊ីជាថ្មីទៀត។ ដូច្នេះ ទីក្រុងម៉ូស្គូប្ដេជ្ញាថាខ្លួននឹងចាត់វិធានការវាយបកវិញ។ លោកពូទីនធ្លាប់ព្រមានរួចហើយថាកុំឱ្យអ៊ុយក្រែន និងក្រុមបស្ចិមប្រទេសចូលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់មីស៊ីលម៉ាកអាត់តាខំតទៅទៀត (ATACMS)។ ប៉ុន្តែពួកគេមិនព្រមស្ដាប់។
ឥឡូវនេះ រុស្ស៊ី និងអ៊ុយក្រែនប្រើប្រាស់អាវុធបាញ់ប្រហារតាមអាកាសកាន់តែខ្លាំង និងប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។ ហេតុនេះ គេបារម្ភថាសង្គ្រាមនេះមិនមែនធូរស្បើយទេ ប៉ុន្តែអាចនឹងផ្ទុះឡើងកាន់តែខ្លាំង។ អ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយគ្រាប់មីស៊ីលម៉ាកអាត់តាខំជាលើកដំបូងកាលពីថ្ងៃពុធសប្ដាហ៍មុន ហើយត្រូវរុស្ស៊ីឆ្លើយតបវិញដោយមីស៊ីលលឿនជាងសំឡេង (ហាយពើសូនិច -hypersonic) រយៈចម្ងាយមធ្យមចូលទីក្រុងឌីនីប្រូកាលពីថ្ងៃព្រហស្បតិ៍។
ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាអ៊ុយក្រែនបានវាយប្រហារដោយមីស៊ីលអាត់តាខំនេះចំនួន២ដងនៅសប្ដាហ៍នេះ។ ពោលគឺនៅថ្ងៃទី២៣ ខែវិច្ឆិកាម្ដង និងនៅថ្ងៃទី២៥ ខែវិច្ឆិកាម្ដងទៀត។ គោលដៅរបស់ពួកគេគឺវាយប្រហារទីតាំងយោធា និងមូលដ្ឋានទ័ពអាកាសនៅតំបន់ខឺស បណ្ដាលឱ្យខូចខាតអគារមួយចំនួន។ ក្រសួងបានបង្ហោះសារនៅលើបណ្ដាញតេឡាក្រាមថាខ្លួនកំពុងត្រៀមចាត់វិធានការសងសឹកវិញ។
រុស្ស៊ីបញ្ជូនយន្តហោះដ្រូនដ៏ច្រើនបំផុតរហូតដល់១៨៨គ្រឿងវាយប្រហារអ៊ុយក្រែនទាំងកណ្ដាលអធ្រាត្រ ហើយធ្វើឱ្យរអាក់រអួលប្រព័ន្ធចែកចាយថាមពលនៅភាគខាងកើត។ នេះបើយោងតាមបង្ហើបឱ្យដឹងពីអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាគ្រាប់មីស៊ីលអាត់តាខំរបស់អ៊ុយក្រែនដែលបាញ់ចូលមូលដ្ឋានទ័ពអាកាសនៅខឺសនោះបណ្ដាលឱ្យរងរបួសទាហាន២នាក់។ ចំណែកគ្រាប់មីស៊ីលដែលបាញ់ទៅលើប្រព័ន្ធការពារដែនអាកាសរុស្ស៊ីធ្វើឱ្យខូចប្រព័ន្ធរ៉ាដា និងស្លាប់ទាហានមួយចំនួន។
ក្រសួងថ្លែងបន្តទៀតថាអ៊ុយក្រែនបាញ់មីស៊ីលលើកទី១ចំនួន៥គ្រាប់ត្រូវរុស្ស៊ីបាញ់ទម្លាក់បាន៣គ្រាប់។ ក្រោយមក អ៊ុយក្រែនបាញ់មីស៊ីលលើកទី២ចំនួន៨គ្រាប់ត្រូវរុស្ស៊ីបាញ់ទម្លាក់បាន៧គ្រាប់។ ក្រោយពេលអ៊ុយក្រែនបាញ់មីស៊ីលអាត់តាខំលើកដំបូងបំផុតកាលពីសប្ដាហ៍មុននោះ រុស្ស៊ីឆ្លើយតបនៅថ្ងៃបន្ទាប់ដោយបាញ់មីស៊ីលលឿនជាងសំឡេងម៉ាកអូរេស្នីក (Oreshnik)។ លោកពូទីនអះអាងថាមីស៊ីលនេះអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថែមទៀតផង។
លោកពូទីនព្រមានថារុស្ស៊ីអាចនឹងពិចារណាប្រើប្រាស់មីស៊ីលនេះជាបន្តទៀតឬយ៉ាងណាអាស្រ័យទៅលើទង្វើរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់គេ។ លោកថារុស្ស៊ីសូមរក្សាសិទ្ធិបាញ់មីស៊ីលនេះដាក់ប្រទេសណាដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលជំនួយបាញ់ចូលឆ្ងាយៗទៅក្នុងទឹកដីរុស្ស៊ី។ ការបាញ់មីស៊ីលអូរេស្នីកនេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ពិភពលោក។ ហេតុនេះ អ៊ុយក្រែន និងសមាជិកអង្គការណាតូទាំង៣២ប្រទេសត្រៀមកោះប្រជុំនៅទីក្រុងប្រ៊ុចសែលដើម្បីពិភាក្សាអំពីបញ្ហានេះ៕
ចែករំលែកព័តមាននេះ