ទីក្រុងម៉ានីឡា៖ អនុប្រធានាធិបតីហ្វ៊ីលីពីន លោកស្រីសារ៉ា ឌូតឺតេ បានចេញមុខបញ្ជាក់ឡើងវិញថាលោកស្រីគ្មានគម្រោងធ្វើឃាតប្រធានាធិបតីម៉ាកូសទេ។ លោកស្រីថ្លែងថាការជ្រុលជ្រួសសម្ដីនិយាយកាលពីពេលថ្មីៗនេះគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ។ ទោះជាលោកស្រីថ្លែងដូច្នេះក្ដី ប៉ុន្តែរដ្ឋាភិបាលចាប់ផ្ដើមស៊ើបអង្កេតហើយបន្ទាប់ពីលោកម៉ាកូសថ្លែងថាលោកមិនអាចមើលស្រាលបញ្ហានេះបានឡើយ។
ក្រសួងយុត្តិធម៌យល់ថាលោកស្រីសារ៉ាជាមេខ្លោងរៀបចំផែនការធ្វើឃាតលោកម៉ាកូស។ លោកស្រីជាអ្នកសារភាពរឿងនេះដោយខ្លួនឯង។ ក្រសួងទាមទារឱ្យលោកស្រីសារ៉ាបកស្រាយរឿងនេះជាផ្លូវការ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោកស្រីសារ៉ាថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកស្រីបានណែនាំឱ្យភ្នាក់ងារសន្តិសុខជាតិម្នាក់ថាចាត់ការសម្លាប់លោកម៉ាកូស ប្រពន្ធគាត់ និងប្រធានរដ្ឋសភា (ដែលត្រូវជាបងប្អូនជីដូនមួយរបស់លោកម៉ាកូស) បើលោកស្រីមានបញ្ហាដល់អាយុជីវិត។
ប៉ុន្តែនៅថ្ងៃអង្គារ លោកស្រីសារ៉ាហាក់ដូចជាចង់លេបពាក្យសម្ដីនោះវិញ។ លោកស្រីចាត់ទុកថានោះគ្រាន់តែជាកំហឹងមួយឆាវដែលលោកម៉ាកូសមិនអាចដឹកនាំប្រទេសជាតិឱ្យបានល្អដើម្បីបម្រើប្រជាជនហ្វ៊ីលីពីន។ ប៉ុន្តែលោកចំណាយពេលយ៉ាងច្រើនដើម្បីកម្ចាត់គូប្រជែងនយោបាយ។ លោកស្រីចាត់ទុកថាការដែលរដ្ឋាភិបាលចោទប្រកាន់ថាលោកស្រីមានផែនការធ្វើឃាតលោកម៉ាកូសនោះគ្រាន់តែជាឡប់ឡែតែប៉ុណ្ណោះ។
លោកស្រីសារ៉ាយល់ថាគេអាចប្រើសុភវិនិច្ឆ័យគិតឃើញនៅត្រង់ចំណុចនេះ និងទទួលស្គាល់ថាការនិយាយអំពីរឿងសងសឹកនោះមិនគួរចាត់ទុកជាការគំរាមកំហែងដែលនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះទេ។ នេះជាផែនការខ្យល់តែប៉ុណ្ណោះ។ លោកស្រីមានជំនឿថាបើគេស៊ើបអង្កេតដោយសុចរិតភាព គេនឹងដឹងភ្លាមថាការនិយាយអំពីផែនការធ្វើឃាតលោកម៉ាកូសនោះគ្រាន់តែជាឡប់ឡែ ឬជាការនិយាយចោលតែប៉ុណ្ណោះ។
លោកស្រីសារ៉ា និងលោកម៉ាកូសមានរឿងត្រូវនិយាយគ្នាច្រើនណាស់។ លោកស្រីត្រូវបានចោទប្រកាន់ពីបទកិបកេងលុយមូលនិធិរបស់រដ្ឋាភិបាលរាប់លានដុល្លារ។ ម៉្យាងទៀត ឪពុករបស់លោកស្រីក៏កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតពីតុលាការព្រហ្មទណ្ឌអន្តរជាតិពីបទសម្លាប់អ្នកជួញដូរគ្រឿងញៀន។ លោកម៉ាកូស និងលោកស្រីសារ៉ាមុនដំបូងជាសម្ព័ន្ធមិត្តនឹងគ្នានៅក្នុងការបោះឆ្នោតឆ្នាំ២០២២។
ក្រោយមកដោយសារធ្វើការមិនត្រូវគ្នា និងមានទំនាស់គ្នាកាន់តែខ្លាំងជាមួយលោកម៉ាកូស លោកស្រីសារ៉ាសម្រេចចិត្តលាលែងពីតំណែងរដ្ឋមន្ត្រីអប់រំ ប៉ុន្តែនៅរក្សាតំណែងអនុប្រធានាធិបតីដដែល។ កាលពីខែតុលា លោកស្រីមានអារម្មណ៍ថាលោកស្រីត្រូវគេប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍ឱ្យអ្នកដទៃនៅពេលលោកស្រីចូលទៅក្នុងក្រុមរបស់លោកម៉ាកូសកាលពីឆ្នាំ២០២២។
កាលពីប៉ុន្មានខែមុននោះ (មុនខែតុលា) ឪពុករបស់លោកស្រីចោទប្រកាន់ថាលោកម៉ាកូសជាមនុស្សញៀនថ្នាំ។ ក្រោយមក លោកម៉ាកូសចោទប្រកាន់បកទៅវិញថាលោកឌូតឺតេទេតើដែលជាអ្នកញៀនថ្នាំ។ សុខភាពរបស់គាត់ចុះទ្រុឌទ្រោមដោយសារប្រើប្រាស់ថ្នាំញៀនហ្វឹនតានីលដែលមានសារធាតុអាភៀនកម្រិតខ្ពស់ (fentanyl)។ នៅថ្ងៃអង្គារ លោកស្រីសារ៉ានិយាយស្របដូចឪពុករបស់លោកស្រីដែរ។ លោកស្រីយល់ថាលោកម៉ាកូសជាមនុស្សញៀនថ្នាំពិតមែន៕
ចែករំលែកព័តមាននេះ