រាជធានីភ្នំពេញ ៖ ការធានានិរន្តរភាព នៃវិស័យអចលនទ្រព្យ និងការដោះស្រាយវិវាទបុរី គឺជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនៅការលើកទឹកចិត្តផ្សេងៗ ជាពិសេស ការលើកទឹកចិត្តផ្នែកពន្ធដារ នេះបើតាមការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទសន្នបាតរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្តេចបវរធិបតី បានបញ្ជាក់ឲ្យដឹងថា ដើម្បីជួយដោះស្រាយបញ្ហាអចលនទ្រព្យ ដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលការលើកលែងពន្ធប្រថាប់ត្រា សម្រាប់ប្រជាពលរដ្ឋ ដែលទិញផ្ទះ ក្នុងបុរី ដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារអាមេរិក នឹងត្រូវបន្តអនុវត្តរហូតដល់ចុង ឆ្នាំ២០២៥ ។
បន្ថែមលើនេះ សម្រាប់អ្នកទិញផ្ទះដំបូង (first time home buyer) ក៏នឹងអាចទទួលបានការលើកលែងពន្ធ ប្រថាប់ត្រា សម្រាប់ការទិញផ្ទះក្នុងបុរី ឬខុនដូ ដែលមានតម្លៃក្រោម ២១ម៉ឺនដុល្លារអាមេរិក ដែលត្រូវអនុវត្តរហូតដល់ចុងឆ្នាំ ២០២៥ ផងដែរ ៕
ចែករំលែកព័តមាននេះ