ខេត្តបាត់ដំបង ៖ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យអង្គការហានដា អីមេជិនស៊ី ដែលមានដឹកអ្នកជំងឺផង បានបុកជាមួយរថយន្តម៉ាកវីហ្គោរបស់មន្ត្រីយោធាម្នាក់យ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០២ មេសា ២០១៥ ស្ថិតនៅចំណុចផ្លូវបែកជា៤ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្ដាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា តែមិនមានរងគ្រោះថ្នាក់នោះទេ ។
សមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា រថយន្តទាំង២គ្រឿងបានបុកគ្នានៅត្រង់ផ្លូវបែកជាបួនជាផ្លូវដ៏មមារញឹកបំផុត ។ រថយន្តពេទ្យដែលដឹកអ្នកជំងឺបានបើកយ៉ាងលឿន ជាមួយនិងសំឡេងស៊ឺរ៉ែនផង ប៉ុន្តែពេលដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាក់លេខភ្នំពេញ 2AA-7929 ក្នុងគោលដៅកាត់ទទឹងផ្លូវគ្នា ទើបត្រូវរថយន្តពេទ្យបុកចំក្បាលខាងមុខ បណ្ដាលឱ្យកៀបជាប់រុញគ្នាឡើងលើចិញ្ចើមផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬអ្នកជំងឺដែលនៅក្នុងរថយន្តពេទ្យនោះទេ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តពេទ្យបានដឹកអ្នកជំងឺធ្វើដំណើរពីទិសខាងកើតឆ្ពោះទៅលិច រីឯរថយន្តម៉ាកវីហ្គោ បើកយ៉ាងលឿនតាមបណ្ដោយផ្លូវលេខ៣ ពីជើងទៅត្បូង ក្នុងគោលដៅកាត់ទទឹងផ្លូវគ្នា។ សាក្សីបន្តថា ពេលដល់ចំណុចកើតហេតុ រថយន្តវីហ្គោនោះ មិនបានបន្ថយល្បឿនទេ ខណៈរថយន្តពេទ្យដែលដឹកអ្នកជំងឺបើកស៊ឺរ៉ែនមិនបង្អង់ល្បឿនដែរ ក៏បុកគ្នាពេញទំហឹងតែម្ដង ។
នៅកន្លែងកើតហេតុ គេឃើញម្ចាស់រថយន្តវីហ្គោដែលគេស្គាល់ថា ជាមន្ត្រីយោធាផង បានស្ដីបន្ទោសទៅលើអ្នកបើកបររថយន្តពេទ្យថា «អាងតែខ្លួនជារថយន្តពេទ្យបើកលឿនហូសហេតុ» ប៉ុន្តែអ្នកឈរមើលមួយចំនួនបានចញ្ចេញមតិខ្សិបខ្សៀវគ្នា ដោយរិះគន់ទៅលើមន្ត្រីយោធានោះវិញថា «ខុសខ្លួនឯង ដែលបើកលឿន មិនឃើញរថយន្តពេទ្យបើកភ្លើងស៊ឺរ៉ែនសុំផ្លូវលាន់សំឡេងកងរំពង បែរជាបន្ទោសឡានពេទ្យថា បើកលឿន»។
ទោះបីជាយ៉ាងណា ក្រោយពីពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ សមត្ថកិច្ចចរាចរណ៍ខេត្ត បាននាំយករថយន្តបង្កហេតុទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តហើយ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ចែករំលែកព័តមាននេះ