ខេត្តពោធិ៍សាត់ ៖ សាកសពបុរសម្នាក់បានត្រូវគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី០១ មេសា ២០១៥ នៅត្រង់ចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ដោយសាររថយន្តមិនស្គាល់ម៉ាកកិនខ្ទេចក្បាល និងដាច់ដៃម្ខាង។
មន្ត្រីប៉ូលិសស្រុកក្រគរឲ្យដឹងថា ជនរងគ្រោះឈ្មោះគឹម រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកណ្ដៀង ប៉ុន្តែបានមកធ្វើជាជាងជួសជុលរថយន្តនៅភូមិ-ឃុំកើតហេតុខាងលើ។ តាមការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុឲ្យដឹងថា នៅល្ងាចថ្ងៃទី៣១ មីនា គេឃើញជនរងគ្រោះផឹកស៊ីជាមួយបងប្អូន និងជាងជួសជុលរថយន្ត៣-៤នាក់ទៀតនៅកន្លែងជួសជុលរថយន្ត។
ពួកគេផឹកតាំងពីល្ងាចរហូតដល់ពាក់កណ្ដាលយប់ទើបបែកគ្នាទៅផ្ទះរៀងខ្លួន។ ពេលដែលគេទៅផ្ទះអស់នោះគេឃើញជនរងគ្រោះស្រវឹងស្រាខ្លាំងមែនទែន ហើយដើរឆ្លងថ្នល់ទៅវិញទៅមក និងប្រះខ្លួនដេកលើថ្នល់ទៀតផង ប៉ុន្តែពេលនោះបានអ្នកនៅក្បែរខាងឃើញទាន់ក៏ទៅដឹកដៃជូនទៅរកកន្លែងដេក។ លុះវេលាម៉ោង០៤ទៀបភ្លឺឈានចូលថ្ងៃទី០១ មេសា ស្រាប់តែគេប្រទះឃើញជនរងគ្រោះដេកស្លាប់លើថ្នល់ដោយសាររថយន្តមិនស្គាល់ម៉ាកកិនខ្ទេចក្បាលធ្លាយខួរ រីឯដៃខាងស្ដាំដាច់ត្រឹមស្មាជាប់តាមកង់រថយន្តបានចម្ងាយប្រហែល២០ម៉ែត្រទើបធ្លាក់នៅទីនោះ។
ប៉ូលិសសន្និដ្ឋានថា ជនរងគ្រោះស្រវឹងស្រាខ្លាំងមែនទែនបាត់បង់ស្មារតីលែងដឹងអ្វីទាំងអស់រហូតដល់ថ្នាក់ឃើញផ្លូវជាតិលេខ៥ស្មានថាកន្លែងដេកទៅហើយនោះ ទោះបីមានអ្នកជិតខាងដឹកដៃទៅឲ្យដេកនៅកន្លែងស្រួលបួលហើយក៏ដោយក៏នៅតែងើបមកដេកលើថ្នល់វិញទៀតទើបបណ្ដាលឲ្យជួបគ្រោះថ្នាក់បែបនេះ។
តាមការពិនិត្យមើលឃើញថា រថយន្តដែលបើកកិននោះជារថយន្តធុនធំធ្វើដំណើរពីកើតទៅលិច ហើយសមត្ថកិច្ចយើងកំពុងសហការគ្នាតាមស្រាវជ្រាវ៕
ចែករំលែកព័តមាននេះ