ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពដុតផ្ទះអតីតប្រពន្ធក្រោយពីដឹងថានាងមានប្ដីថ្មី ។ ករណីដុតផ្ទះនេះ កើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទី យប់ថ្ងៃទី៣១ មីនា នៅភូមិថ្លុករាំង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ។ ការដុតបំផ្លាញផ្ទះអតីតប្រពន្ធនេះ ដោយសារតែបុរសជាប្ដី មិនដាច់អាល័យពីអតីតប្រពន្ធ ដែលបានចែកផ្លូវគ្នាដើររៀងខ្លួនទៅហើយនោះ ។ បុរសរូបនេះឈ្មោះផូង ភ័ក្ត្រ ហៅ យ៉ត អាយុ២៧ឆ្នាំ រស់នៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ។
ក្រោយការឃាត់ខ្លួន បុរសជាអតីតប្ដីបានឆ្លើយថា មូលហេតុដែលនាំឱ្យរូបគេខឹងរហូតទ្រាំមិនបាន គឺដោយសារមកពីប្រពន្ធខ្លួន ទៅមានប្ដីថ្មី មិនបានប្រាប់ខ្លួនឱ្យដឹង ។ ជនរូបនេះបន្តថា រវាងរូបគេ និងអតីតប្រពន្ធ បានស្ម័គ្រចិត្តរួមរស់ជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ និងមានកូនស្រីម្នាក់អាយុ៤ឆ្នាំហើយ ទើបតែពេលថ្មីៗនេះដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា រូបគេក៏ទៅរស់នៅឯផ្ទះនៅស្រុកកំណើតវិញ ។ លុះម្សិលមិញនេះ (៣០ មីនា) មានអ្នកភូមិមកប្រាប់ថា ប្រពន្ធរបស់ខ្លួនមានប្ដីថ្មីទៀតហើយ ធ្វើឱ្យរូបគេខឹងសម្បាយ៉ាងខ្លាំង ក៏ជិះម៉ូតូសំដៅទៅផ្ទះអតីតប្រពន្ធ ហើយធ្វើសកម្មភាពដុតផ្ទះតែម្ដង ។
លោកវរសេនីយ៍ត្រី ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ជនជាប់ចោទក្រោយពីឈ្លោះប្រកែកជាមួយអតីតប្រពន្ធហើយ ក៏ដុតផ្ទះប្រពន្ធតែម្ដង តែមិនបានបណ្ដាលឱ្យខូចខាតទាំងស្រុងទេ ព្រោះតែប្រជាពលរដ្ឋនៅជិតខាងនាំគ្នាជួយពន្លត់ទាន់ ។ លោកអធិការបន្តថា អតីតប្រពន្ធរបស់ជនជាប់ចោទរូបនេះឈ្មោះ យឹម ដានី អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ចំណែកបុរសជាប្ដីក្រោយមិនត្រូវបានគេស្គាល់ឈ្មោះទេ ។ ផ្ទះដែលអតីតប្ដីដុតនេះមានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ដំបូលប្រកស័ង្កសីត្រូវភ្លើងឆេះជញ្ជាំងស្បូវអស់២ផ្ទាំង ។
ជនជាប់ចោទជាអតីតប្ដី ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ