រាជធានីភ្នំពេញ៖បុរស២នាក់បានជិះម៉ូតូស្មាស់រេវ៉ូ ពណ៌ខ្មៅ ក្នុងល្បឿនលឿនធ្វើការវ៉ារថយន្តកុងទីន័រ តែវ៉ាមិនផុត ក៏ទាក់ដៃចង្កូតជាមួយរថយន្តហ៊ីណូដឹកខ្សាច ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យម៉ូតូដួលបោកទៅនិងថ្នល់ រងរបួសធ្ងន់អ្នកបើកម៉ូតូ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសេចក្តីរាយការណ៍ព័ត៌មានរបស់ភ្នាក់ងារកោះសន្តិភាពបានឲ្យដឹងថាបុរស២នាក់ខាងលើបានជិះម៉ូតូស្មាស់រេវ៉ូ ពណ៌ខ្មៅ តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ហើយបានវ៉ារថយន្តកុងទីន័រ១គ្រឿងបើកពីមុខស្របគ្នា តែវ៉ាមិនផុត ក៏អកហ្សឺទាក់ដៃចង្កូតជាមួយរថយន្តហ៊ីណូដឹកខ្សាច់ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ។ ជាហេតុបណ្តាលឲ្យម៉ូតូដួលបោកទៅនិងថ្នល់ធ្វើឲ្យបុរសអ្នកបើកបរម៉ូតូរងរបួសបាក់ស្មងជើងឆ្វេង ។ចំណែកបុរសជិះពីក្រោយគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។
ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកខ្សាច់បានព្យាយាមបើកគេចប្រមាណ១០០ម៉ែត្រ ឈប់រថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល ។រីឯអ្នករងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនិងព្យាបាល ។ចំពោះរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ៕
ចែករំលែកព័តមាននេះ