រាជធានីភ្នំពេញ៖បុរសម្នាក់ត្រូវបានម្ចាស់ម៉ាតមួយកន្លែងស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនប្រគល់ទៅឲ្យប៉ូលិសចាត់ការទៅតាមផ្លូវច្បាប់ ដោយចោទប្រកាន់ថាបានបន្លំលួចស្រាចំនួន២ដប កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។ទោះយ៉ាងណាបុរសជាប់ចោទបានបដិសេធមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ម្ចាស់ម៉ាត ដោយនិយាយថាគេជាអ្នកទិញស្រាពីម៉ាតនេះ និងឲ្យគិតលុយត្រឹមត្រូវ ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារកោះសន្តិភាពបានឲ្យដឹងថាបុរសជាប់ចោទខាងលើឈ្មោះសាំង អូនអាយុ២៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីម្ចាស់ម៉ាតខាងលើបានឲ្យដឹងថាបុរសជាប់ចោទបានចូលមកក្នុងម៉ាត ក្នុងសំលៀកបំពាក់អារងា ហើយបានដើរមើលទំនិញក្នុងម៉ាតទៅមកទៅមក តែមិនទិញអ្វីសោះ ក៏មានការសង្ស័យ បានឲ្យសន្តិសុខម៉ាតចាំឃ្លមមើល ស្រាប់តែឃើញបុរសសង្ស័យយកស្រាGOLD LABEL ២ដបយកដាក់ក្នុងកាបូបស្ពាយពីក្រោយ ។ភ្លាមៗនោះបុរសសង្ស័យបានយកកាបូបទៅដាក់ទុកក្នុងម៉ាតសិន ហើយបានបង្វែទៅទិញទឹកដោះគោ យកទៅឲ្យគេគិតលុយ បន្ទាប់ពីគិតលុយរួច បានដើរទៅយកកាបូបដែលដាក់ស្រារួចជាស្រេច បម្រុងស្ពាយចេញ តែត្រូវម្ចាស់ម៉ាតធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុបុរសសង្ស័យបានទូរស័ព្ទហៅបងប្អូន ហើយបានប្រកែកថាខ្លួនមិនបានលួចនោះទេ គ្រាន់តែមិនទាន់គិតលុយ ។យ៉ាងណានោះទោះបីបុរសសង្ស័យយល់ព្រមសងលុយថ្លៃស្រា ក៏ដោយ ប៉ុន្តែម្ចាស់ម៉ាតមិនព្រមនោះទេត្រូវតែប្រគល់ឲ្យសមត្ថកិច្ចធ្វើការដោះស្រាយ ព្រោះគេបានឆែកកាមេរ៉ាសុវត្ថិភាពឃើញបុរសសង្ស័យខាងលើចូលបន្លំលួចជាច្រើនដងនោះ ៕
ចែករំលែកព័តមាននេះ