ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃមួយអង្គបានធ្លាក់ពីលើដើមអំពិលកម្ពស់ជាង១០ម៉ែត្រសុគតភ្លាមៗ ខណៈពេលព្រះអង្គឡើងបេះផ្លែអំពិល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៥ កុម្ភៈ ២០១៥ នៅក្នុងវត្តបល្ល័ង្គ ភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ។
ឪពុករបស់ព្រះសង្ឃដែលសុគតបានឱ្យដឹងថា ព្រះសង្ឃរងគ្រោះព្រះនាម នូ ធីតា មានព្រះជន្ម២៥ព្រះវស្សា មានស្រុកកំណើតនៅភូមិទព័ត្បែង ឃុំពង្រ ស្រុករលាប្អៀរ ។ ព្រះអង្គបួស និងគង់នៅរៀនធម៌អាថ៌នៅវត្តបល័ង្គបាន៤វស្សាហើយ ។ ឪពុកព្រះសង្ឃរងគ្រោះបាននិយាយឱ្យដឹងទៀតថា លោកកូនគាត់ធ្លាប់មានជម្ងឺស្កន់ ពេលធ្វើទុក្ខម្តងៗតែងតែប្រកាច់ជាច្រើនម៉ោង ហើយការធ្លាក់ពីលើដើមអំពិលសុគតនេះ ប្រហែលជាជម្ងឺស្កន់ធ្វើទុក្ខ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅថ្ងៃកើតហេតុក្នុងវត្តមានធ្វើពិធីបុណ្យ ប្រហែលជាលោកឃើញអ្នកស្រុកមកធ្វើម្ហូបបុណ្យខ្វះអំពិល ទើបលោកឡើងដើមអំពិលកំពស់ជាង១០ម៉ែត្រនៅក្នុងវត្តបេះផ្លែឱ្យអ្នកភូមិ ហើយចៃដន្យក៏បានធ្លាក់ពីចុងអំពិលមកដី បណ្តាលឱ្យបាក់ឆ្អឹងជំនីរ និងបែកក្បាលសុគតភា្លមៗតែម្តង។
សពព្រះសង្ឃរងគ្រោះត្រូវបានសាច់ញាតិរបស់ព្រះអង្គតម្កល់ក្នុងវត្តបល្ល័ង្គធ្វើបុណ្យទានតាមប្រពៃណីសាសនាដោយក្តីអាឡោះអាល័យយ៉ាងខ្លាំង៕
ចែករំលែកព័តមាននេះ