រាជធានីភ្នំពេញ ៖ បុរសជាអ្នកប្រកបរបររត់ម៉ូតូរ៉ឺម៉កកង់បី ពីរនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ នាំខ្លួនអោយមកធ្វើកិច្ចសន្យា ដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ ក្រោយពីមានការប្រតាយប្រតប់គ្នា ពីរឿងការប្រើពាក្យសម្តី «អា ហ្ហែង» ដាក់គ្នាទៅវិញទៅមក នាពេលកន្លងមក ។ ករណីនេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ នៅខាងមុខផ្សារទំនើប អ៊ីអនម៉ល ផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់បី ដែលត្រូវបាននាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលទន្លេបាសាក់ ដើម្បីធ្វើកិច្ចសន្យាបញ្ចប់ការឈ្លោះប្រកែកគ្នានេះ មានឈ្មោះគោយ ធារ៉ា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងឈ្មោះស៊ា ធារ៉ា អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ចង្រែលើ ខណ្ឌមានជ័យ ក្រោយពីមានការប្រតាយប្រតប់គ្នាមួយប្រាវរួចមក ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុ បុរសជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បី ទាំងពីរនាក់ បានមានទំនាស់គ្នាពីរឿងប្រើពាក្យ អា ហ្ហែង ដាក់គ្នា ទៅវិញទៅមកនេះ នៅកន្លែងឈរជើងរបស់ពួកគេ នៅម្តុំខាងក្រោយព្រះបរមរាជវាំង កាលពី២ថ្ងៃមុន មកម្លេះ ។ លុះដល់ព្រឹកថ្ងៃកើតហេតុនេះ ពួកគេទាំងពីរនាក់ ក៏បានធ្វើការណាត់ជួបគ្នា ដើម្បីរកទីតាំង ដើម្បីប្រយុទ្ធគ្នា ជម្រះមន្ទិលអោយដឹង ស ខ្មៅ ម្តងថា អ្នកណាមានអាយុច្រើនជាងអ្នកណា ។ គ្រាន់តែចាប់ផ្តើមប្រតាយប្រតប់គ្នា បានតែបន្តិច ក៏ត្រូវកម្លាំងល្បាតនគរបាលប៉ុស្តិ៍ ធ្វើការបញ្ឈប់ការប្រយុទ្ធ និងឃាត់ខ្លួនពួកគេទាំងពីរនាក់តែម្តង ដើម្បីជៀសវាងការបង្កអោយខូចសណ្តាប់ធ្នាប់សាធារណៈ និងធ្វើកិច្ចសន្យាដើម្បីបញ្ចប់រឿង ។
ក្រោយពីបញ្ជូនខ្លួនបុរសអ្នករត់ម៉ូតូកង់បី ដែលមានជម្លោះមកដល់ប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់រួចហើយ ដោយពុំមានភាគីណាមួយ ទទួលរងរបួស និងដាក់ពាក្យបណ្តឹងនោះ មន្ត្រីនគរបាលប៉ុស្តិ៍ ក៏បានតម្រូវអោយគូរភាគីទាំងពីរ ធ្វើកិច្ចសន្យាដើម្បីបញ្ចប់ជម្លោះគ្នាតទៅទៀត ផងដែរ ៕
ចែករំលែកព័តមាននេះ