ខេត្តកំពង់ឆ្នាំង ៖ មនុស្សពីរនាក់ជាអ្នកបើកបរ និងព្រូបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរងរបួសស្រាលក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យញាក់សាច់មួយដែលបានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៣១ មករា ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៌ ខណៈដែលជនរងគ្រោះទាំង២នាក់បើករថយន្តធុនធំម៉ាក ISUZU ទៅបុកជុងនឹងគំនរដើមឬស្សីដែលដឹកតាមរថយន្តកែច្នៃមួយគ្រឿងទៀតបណ្តាលឱ្យធ្លាយកញ្ចក់ចូលក្នុងកាប៊ីនរថយន្ត ។
មន្ត្រីនគរបាលស្រុកបរិបូរណ៌បាននិយាយថា អ្នកបើករថយន្ត និងព្រូដែលមានសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់នោះឈ្មោះ សយ សុភ័ក្រ អាយុ២២ឆ្នាំ មានទីលំនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកបើកបរ និងព្រូរថយន្តមិនស្គាល់អត្តសញ្ញាណទេ ។
ពួកគាត់បើករថយន្តម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A. 0501 ដោយឡែកអ្នកបើកបររថយន្តកែច្នៃដឹកដើមឬស្សីមាន ឈ្មោះឡាំង គឹមលៀង អាយុ៥៨ឆ្នាំ មានទីលំនៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកគ្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ អ្នកបើករថយន្តកែច្នៃបានដឹកដើមឬស្សីយ៉ាងពេញលៀនចេញទៅក្រោយដោយគ្មានស្លាកសញ្ញានោះទេ លុះពេលមកដល់ចំណុចកើតហេតុមានរថយន្តធុនធំខាងលើ បើកមកពីក្រោយ ហើយបានចាំងនឹងភ្លើងហ្វារថយន្តមួយគ្រឿងផ្សេងទៀតដែលបើកមកពីមុខបណ្តាលឱ្យងងិតមើលឧបសគ្គមិនឃើញក៏បានជ្រុលទៅបុកចុងដើមឬស្សីជុងមុតធ្លាយចូលក្នុងកាប៊ីនរថយន្ត តែសំណាងល្អអ្នកបើក និងព្រូឃើញទាន់បានឱនគេចផុត គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ បើសិនជាគេចមិនទាន់ទេចុងឬស្សីនឹងទម្លុះទ្រូង និងមុខជាពុំខានឡើយ ។
អ្នកបើកបររថយន្តកែច្នៃឈ្មោះ ឡាំង គឹមលៀង បាននិយាយប្រាប់សមត្ថកិច្ចថា រូបគាត់ទិញដើមឬស្សីពីឃុំនានាក្នុងខេត្តកំពង់ឆ្នាំងយកទៅលក់នៅកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសស្រាលត្រូវបានគេដឹកទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកបរិបូរណ៌ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលនាំយកទៅរក្សាទុកនៅអធិការនគរបាលស្រុកបរិបូរណ៌ដើម្បីរង់ចាំការដោះស្រាយជាក្រោយ ៕
ចែករំលែកព័តមាននេះ