រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចុះពីលើស្ពានឥន្ធូកោះពេជ្របុកទួលកាត់ទទឹងផ្លូវដួលផ្លោងទៅបុករបាំងថ្មពុះចែកផ្លូវបោកក្បាលស្លាប់ កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥នៅគល់ស្ពានឥន្ធូកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាក Soomer ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CP-1005 ជិះម្នាក់ឯង ក្នុងគោលបំណងទៅដើរលេងជួបជុំមិត្តភក្កិនៅកោះពេជ្រ ខណៈពេលជិះចុះពីលើស្ពានឥន្ធូកោះពេជ្រ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចុះទៅបុកទួលខ្ពស់ៗកាត់ទទឹងផ្លូវដាក់កុំឲ្យជិះលឿនពេក បណ្តាលឲ្យបុកផ្លោងហោះ ទៅបុកនឹងរបាំងថ្មបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុទាំងមានកាតាបស្ពាយនៅជាប់នឹងខ្លួន ។ សពមានឈ្មោះ ឡុង ឆេងបុក ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ 220Eoz ផ្លូវលេខ ២១៧ ភូមិ៥ សង្កាត់ផ្សារអូរឬស្សីទី២ ខណ្ឌ៧មករា ។
ក្រោយពេលកើតហេតុអ្នកឃើញហេតុការណ៍បានទូរស័ព្ទហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាល ប៉ុន្តែពេលរថយន្តសង្គ្រោះទៅដល់បានប្រាប់ថាស្លាប់ហើយ សពត្រូវបានសាច់ ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រះពុទ្ធមានបុណ្យ ។ ចំណែកម៉ូតូដែលរងការខូចខាតសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅរក្សាទុក ។
ចែករំលែកព័តមាននេះ