រាជធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត្រមហាកំផែងពីក្រោយ បណ្តាលឱ្យបែក
ស្តុប ហើយការដោះស្រាយគ្នាជាង១ម៉ោង ទំរាំចរចាគ្នាចប់រឿង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២ និង៣០នាទីឈានចូលថ្ងៃទី២២ មករា ២០១៥ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តតាក់ស៊ីម៉ែត្រ ពណ៌ទឹកសមុទ្រលាយផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2Z 0957 ជារថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុន «មហាកំផែង» បើកបរពីកើតទៅលិច ស្របគ្នាជាមួយរ៉ឺម៉កម៉ូតូ លុះមកដល់ចំណុចខាងលើ រថយន្តចាប់ហ្វ្រាំងបន្ថយល្បឿន ស្រាប់តែរ៉ឺម៉កម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយរថយន្ត បណ្តាលឱ្យបែកស្តុប ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តតាក់ស៊ីម៉ែត្រទាមទារសំណង ត្រូវអ្នកបើករ៉ឺម៉កម៉ូតូប្រាប់ថា គាត់អត់សងទេ ព្រោះគាត់មិនបានខុស ។ បន្ទាប់មក អ្នកបើករ៉ឺម៉កម៉ូតូបានប្រាប់ថា គាត់សងតែ១០ដុល្លារទេ ហើយកត់លេខទូរស័ព្ទរបស់គាត់ទុកសិនទៅ ចាំព្រឹកឡើងចាំយកលុយ តែអ្នកបើករថយន្តប្រាប់ថា ចុះបើកត់លេខហើយបិទទូរស័ព្ទ តើគាត់ទៅរកនៅឯណា ស្រាប់តែអ្នកបើករ៉ឺម៉កម៉ូតូបានអះអាងថា ទូរស័ព្ទរបស់គាត់អត់បិទទេ ព្រោះលេខទូរស័ព្ទរបស់គាត់ ថ្លៃជាងកញ្ចក់រថយន្តនេះទៅទៀត ។
ការចរចាគ្នាជាងមួយម៉ោងនៅតែមិនត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចជំនាញចុះទៅវាស់វែងត្រូវអ្នកបើករ៉ឺម៉កម៉ូតូយល់ព្រមសង២៥ដុល្លារបញ្ចប់រឿង ។
ចែករំលែកព័តមាននេះ