ខេត្តកំពង់ឆ្នាំង ៖ ភ្ញៀវទេសចរបរទេសសញ្ជាតិបារាំង២នាក់ប្តីប្រពន្ឋបានរងរបួស ក្នុងហេតុការណ៏ក្រឡាប់រទេះគោដឹកភ្ញៀវទេសចរមួយគ្រឿង ខណៈសត្វគោជាកម្លាំងអូសរទេះនោះបានផ្អើល ។ បុរសជាប្តីមានឈ្មោះ Gilber អាយុ៦១ឆ្នាំ រងរបួសក្បាលផ្នែកខាងក្រោយ និងប្រពន្ឋមានឈ្មោះ Marie Lawis Rochard អាយុ៦០ឆ្នាំ រងរបួសផ្នែកឆ្អឹងជំនី ដោយឡែកម្ចាស់រទេះគោមានឈ្មោះញ៉ែម ហ៊ុន អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិអ្នកតាហាង បានរងរបួសស្រាល ។ ជនបរទេសទាំង២នាក់ប្តីប្រពន្ឋត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ។ ហេតុការណ៏គ្រោះថ្នាក់យ៉ាងកម្រនេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ។
ប្រភពពីមន្ត្រីនគរបាលស្រុកម្នាក់បានរៀបរាប់ថា មូលហេតុបណ្តាលអោយសត្វគោនោះផ្អើល គឺដោយសារមានក្មេងម្នាក់ បានរត់លេង ដោយបង្វិលសំបកកង់ ពេលនោះ ខណៈដែលរទេះគោដឹកភ្ញៀវជាច្រើនគ្រឿង ឆ្លងកាត់កន្លែងកើតហេតុ ស្រាប់តែសំបកកង់របស់ក្មេងកំពុងលេង ចាប់មិនទាន់សំបកកង់នោះ បានរត់ទៅជាប់ជើងសត្វគោដែលជនបរទេសនោះជិះ ទើបបណ្តាលអោយគោនោះផ្អើលរត់ធ្លាក់ពីថ្នល់ កំពស់ជាង៣ម៉ែត្រ រងរបួសជនជាតិបារាំងទាំង២នាក់ ប្តីប្រពន្ឋខាងលើនេះតែម្តង ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានប្រាប់នៅព្រឹក ថ្ងៃទី២០ ខែមករា នេះថា ជនបរទេសទាំង២នាក់ប្តីប្រពន្ឋនោះ បានធូរស្រាល និងត្រឡប់ពីមន្ទីរពេទ្យក្រុងភ្នំពេញវិញហើយ និងបានប្រាប់សមត្ថកិច្ចថា ពួគគាត់មិនប្តឹងផ្តល់ម្ចាស់រទេះគោនោះទេ និងសូមកុំអោយសមត្ថកិច្ចទៅរករឿងអ្នក បររទេះគោនោះទៀតផង មុននឹងពួកគាត់ឡើងជិះកប៉ាល់បន្តដំណើរទៅទេសចរណ៏ នៅខេត្តសៀមរាបជាបន្តទៀត ៕
ចែករំលែកព័តមាននេះ