រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ២០នាក់ដែលក្នុងដៃប្រដាប់ទៅដោយដុំថ្ម បានលើកគ្នាមកគប់ដុំថ្មស្រោចទៅលើក្រុមសន្តិសុខ និង ក្រុមយុវជនដែលនៅអង្គុយលេងមុខផ្លូវចូល ហាយក្លឹបប៉ុន្តែមិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៩ មករា ២០១៥ នៅចំណុចផ្លូវក្លឹ << ហាយក្លឹប >> ស្ថិតនៅក្បែរផ្សារទំនើបស៊ីធីម៉ល ក្នុងសង្កាត់វាង់វង់ ខណ្ឌ ៧មករា ២០១៥។
ប្រភពព័ត៌មានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្ទាវមួយក្រុមមានគ្នាប្រមាណ២០នាក់ ដែលមានដុំថ្មគ្រប់ដៃបានលើកគ្នាមកកាន់មុខច្រកចូលហាយក្លឹប ហើយបានគប់ដុំថ្មស្រោចទៅលើក្រុមសន្តិសុខ និង ក្រុមយុវជនដែលនៅអង្គុយលេងមុខផ្លូវចូល ហាយក្លឹបនោះដោយមិនដឹងមូលហេតុ ។ ក្នុងហេតុការណ៍នេះមិនមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសទេគ្រាន់តែដុំថ្មធ្លាក់រាយប៉ាយពេញមុខក្លឹប ។
ក្រោយកើតហេតុភ្លាមៗកម្លាំងកងរាជអាវុធខណ្ឌ៧មករា បានចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ ប៉ុន្តែដេញចាប់ក្រុមក្មេងស្ទាវទាំងមិនបានទេ ដោយសារតែក្រុមក្មេងស្ទាវទាំងនោះបង្ករឿងហើយនាំគ្នាគេចខ្លួនយ៉ាងលឿន។
គួរបញ្ជាក់ផងដែរថា នៅមុខច្រកចូលហាយក្លឹបខាងលើតែងតែមានក្រុមក្មេងទំនើងដេញវាយគ្នា បង្កនៅភាពអណាធិបតេយ្យជាច្រើនលើកច្រើនសារមកហើយ ។
ចែករំលែកព័តមាននេះ