រាជធានីភ្នំពេញ ៖ គ្រាន់តែសម្លឹងមើលមុខសោះបង្កទៅជាជម្លោះពាក្យសម្តីនិងឈានទៅដល់ប្រអំពើហិង្សាវាយតប់គ្នាបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ នៅទីបញ្ចប់នោះមិនមានភាគីណាមួយជាឈ្នះនោះទេដែលជាលទ្ធផលភាគីទាំងពីរចាញ់ដូចគ្នា គឺចាញ់ត្រង់ថាខាតពេលវេលានិងឈឺខ្លួនឥតប្រយោជន៍ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៨ មករា ២០១៥ នៅចំណុចក្បែរលូទឹកស្អុយ ផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភាគីជម្លោះបានឈប់ម៉ូតូក្បែរគ្នានៅចំណុចស្តុបកោសដូង ដោយពេលនោះគេឃើញភាគីខាងម៉ូតូសង់កូរ៉េដែលជិះដោយបុរសម្នាក់បាននិយាយទៅកាន់ដៃគូជម្លោះជិះម៉ូតូហុងដាឌ្រីម សេ១២៥ ជិះឌុបគ្នា៣នាក់ប្តីប្រពន្ធនិងប្អូនថា << ហេតុអីបានជាមើលមុខអញ?>> ហើយភាគីខាងម៉ូតហុងដាឌ្រីម ឆ្លើយតបទៅវិញថា << មិនបានមើលទេតែងាកទៅវាចំ!>>។ បន្ទាប់ពីឆ្លើយឆ្លងពាក្យសម្តីដាក់គ្នាហើយនោះភ្លើងស្តុបក៏លោតសញ្ញាឱ្យធ្វើដំណើរទៅមុខ ពេលនោះភាគីទាំងពីរបានជិះម៉ូតូដេញតាមរករឿងគ្នា រហូតមកដល់ចំណុចកើតហេតុភាគីខាងម៉ូតូសង់កូរ៉េបានធ្វើដំណើរមកដល់មុខផ្ទះហើយក៍ឈប់ម៉ូតូដើរចូលទៅក្នុងផ្ទះ ស្របពេលនោះភាគីម៉ូតូហុងដាឌ្រីម បានជិះតាមមកដល់ក៏បានហៅបុរសភាគីខាងម៉ូតូសង់កូរ៉េឱ្យមកដោះស្រាយរកខុសត្រូវសិន ពេលនោះជម្លោះពាក្យសម្តីក៏បានចាប់ផ្តើមបន្តទៀត រហូតឈានដល់វាយតប់គ្នា ដោយបុរសភាគីខាងម៉ូតូសង់កូរ៉េបានដោះស្បែកជើងវាយក្បាលស្រ្តីជាប្រពន្ធបុរសជិះម៉ូតូហុងដាឌ្រីម ។ ដោយខឹងនឹងបុរសជិះម៉ូតូសង់កូរ៉េយកស្បែកជើងវាយក្បាល ប្រពន្ធខ្លួននោះ ប្តីនិងប្អូនស្រ្តីរូបនោះនាំគ្នាព្រួតគ្នាវាយបុរសដែលជិះម៉ូតូសង់កួរ៉េយ៉ាងដំណំ ។ ខណៈពេលដែលឪពុកខ្លួន( បុរសភាគីសង់កូរ៉េ) ត្រូវក្រុមជិះម៉ូតូហុងដាឌ្រីមព្រួតគ្នាវាយនោះ កូនៗភាគីម៉ូតូសង់កូរ៉េបានចុះមកពីលើផ្ទះនាំគ្នាមកជួយឪពុក ដោយមានការប្រតាយប្រតប់គ្នាយកឈ្នះចាញ់រៀងៗខ្លួន។
បើតាមប្រភពពីបុរសម្នាក់ដែលជាភាគីជិះម៉ូតូសង់កូរ៉េបានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពថា មុនពេលកើតគឺភាគីខាងម៉ូតូហុងដាឌ្រីម ជិះគ្នា៣នាក់បានសម្លឹងមើលមុខខ្លួន ហើយក៏ឈានដល់ជម្លោះកាន់តែខ្លាំងតែម្តង ។ ប៉ុន្តែបើតាមប្រភពពីភាគីប្តី-ប្រពន្ធ ដែលជិះម៉ូតូហុងដាឌ្រីម បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានថា មុនពេលកើតហេតុគឺបុរសដែលជិះម៉ូតូសង់កូរ៉េបាននិយាយថាឱ្យគាត់ថា <<ម៉េចបានមើលមុខអញ!>> ហើយគាត់ក៏តបវិញថា <<ពូឯងស្រវឹងហើយ !>> បន្ទាប់មកក៏បង្កជាជម្លោះពាក្យសម្តីនិងឈានទៅជិះម៉ូតូដេញវាយគ្នារហូតមកដល់ចំណុចខាងលើ ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបានចុះមកអន្តរាគមន៍សម្របសម្រួល ។ នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកសម្របសម្រួលគ្នាដោយចុងបញ្ចប់បុរសភាគីបុរសជិះម៉ូតូសង់កូរ៉េដែលដោះស្បែកជើងវាយក្បាលគេ គឺបានលើកដៃសំពះសុំទោសស្រ្តីជាគូជម្លោះ ។ ក្នុងករណីខាងលើនេះគឺមិនមានភាគីណាមួយជាអ្នកឈ្នះនោះទេ ដែលជាលទ្ធផលភាគីទាំងពីរចាញ់ដូចគ្នា គឺចាញ់ត្រង់ថា ចំណាយពេលវេលា និងឈឺខ្លួនឥតប្រយោជន៍ ។ បន្ទាប់ពីសម្របសម្រួលគ្នារួចភាគីទាំងពីរបានបែកផ្លូវគ្នាទៅផ្ទះរឿងៗខ្លួន ។
ចែករំលែកព័តមាននេះ