រាជធានីភ្នំពេញ ៖ នារីវ័យ២០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរូបនាងជិះម៉ូតូមួយគ្រឿងម៉ាកនិច ក្នុងល្បឿនលឿន រួចជ្រុលទៅទាក់ដៃចង្កូតម៉ូតូជាមួយផ្សេងទៀត បណ្តាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ ត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៦ និង២០នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងក្រុមទី២ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលមានហេតុការណ៍គ្រោះថ្នាក់កើតឡើង គេសង្គេតឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CP-1357 ធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ៣៧១ ពីលិចទៅកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿងផ្សេងទៀត បណ្តាលឱ្យដួលបោកខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-4674 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មបំផុតនៅនឹងកន្លែងតែម្តងទៅ ។ អ្នកបើកបររថយន្តកុងតឺន័រនោះបានព្យាយាមបើករត់គេចបានជាង៥០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង ប៉ុន្តែអ្នកបើកបររថយន្តបានចុះពីរថយន្តហើយរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចុះធ្វើការអន្តរាគមន៍វាស់វែងស្ទូចយកទាំងម៉ូតូជនរងគ្រោះ និងរថយន្តកុងតឺន័រទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ខាងលើគឺកើតឡើងដោយសារនារីរងគ្រោះបើកបរក្នុងល្បឿនលឿនល្មម ហើយខ្វះការប្រុងប្រយ័ត្នខ្ពស់ ទើបបណ្តាលឱ្យមានរឿងហេតុដូចនេះកើតឡើង ។
សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា ចំពោះអត្តសញ្ញាណសពនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ ហើយច្ចុប្បន្នកំពុងធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារសពឱ្យមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ