រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដឹកប្រពន្ធទៅធ្វើការនៅរោងចក្រកាត់ដេរ និងបានដាក់កូនប្រុសអាយុ៦ឆ្នាំម្នាក់ ទៅជាមួយផងដែរ លុះក្រោយពេលជូនប្រពន្ធទៅដល់រោងចក្រក៍បានជិះម៉ូតូដឹកកូនប្រុសម្នាក់នោះត្រឡប់ទៅផ្ទះវិញ។ នៅពេលទៅដល់ពាក់កណ្ដាលផ្លូវ ម៉ូតូបានអស់សាំងទៅមុខលែងរួច ក៏បានឈប់ដើម្បីចាក់សាំង ។ ខណៈនោះមានការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ កូនប្រុសរបស់គាត់បានលោតចុះពីម៉ូតូ ដើរឆ្លងផ្លូវ គាប់ជួនមានរថយន្តយីឌុបដឹកថ្ម១គ្រឿង ដែលជារបស់ដេប៉ូខ្សាច់(សម្បត្តិ) ទៅដល់បុក និងកិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៩ ធ្នូ ២០១៤នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិតាំរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ ក្មេងប្រុសដែលស្លាប់នោះឈ្មោះ សាន ចន្ទ្រា អាយុ៦ឆ្នាំ មានឪពុកឈ្មោះ សាន ផល្លា អាយុ៣៥ឆ្នាំ ជាកសិករ មានទីលំនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។
ដោយឡែករថយន្តដឹកថ្មរបស់ដេប៉ូ ខ្សាច់(សម្បត្តិ) នោះម៉ាក HYUNDIA ប្រភេទយីឌុប ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង3A-0313 បើកបរដោយបុរសម្នាក់ឈ្មោះ ម៉ោង លន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ អន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ