រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តហ៊ីយ៉ាន់ដាយកិនស្លាប់យ៉ាងអាណោចអធ័ម នៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូទៅបុករថយន្តហីុយ៉ាន់ដឹកគ្រឿងចក្របើកឆ្លងផ្លូវ ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី៣០ តុលា ២០១៤ នៅចំណុចមុខក្រុមហ៊ុនវឌ្ឍនៈ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម១៨ភូមិ២ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
ជនរងគ្រោះមានឈ្មោះ លី សុគ្រី ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម រស់នៅក្នុងភូមិ១ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូស្មាស វី ពណ៌ក្រហម លាយ ខ្មៅ មួយគ្រឿង តែម្នាក់ឯង ដោយធ្វើដំណើរយ៉ាងលឿនតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ដឹកគ្រឿងចក្រចេញពីក្រុម ហ៊ុនវឌ្ឍនៈ បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយព្រូរថយន្តម្នាក់ទៀតបើកឆ្លងផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ពេញទំហឹងបណ្តាលឱ្យដួលម៉ូតូនិងមនុស្សទៅក្រោមរថយន្តត្រូវរថយន្តកិនស្លាប់ភ្លាមមួយរំពេច។ បន្ទាប់មកគេឃើញបុរសបើករថយន្តបង្ក និង ព្រូរថយន្តចុះពីលើរថយន្តជិះម៉ូតូឌុបគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកពិនិត្យវាស់វែង និងទាក់ទងក្រុមគ្រួសារឱ្យមកទទួលយកសពបុរសរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ