តារាងចំណាត់ថ្នាក់ថ្មីរបស់សមាគមកីឡាវាយកូនបាល់អាជីពបុរស ATP Tour ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានបង្ហាញថា កីឡាករស៊ែប៊ីណូវ៉ាក់ យ៉ូកូវិច នៅតែជាអ្នកគ្រងតំណែងលេខ១ ពិភពលោកប្រចាំឆ្នាំជាដដែល ក្រោយពីសន្សំបានពិន្ទុច្រើនជាងគេដល់ទៅ១២ ៥១០ ។ ចំណែកកីឡាករស្វ៊ីសរ៉ូជើ ហ្វេដឺរ័រ ដែលសន្សំបានពិន្ទុ៩០៨០ (+១) បានឡើងទៅចំណាត់ថ្នាក់លេខ២វិញ ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ កីឡាករជើងខ្លាំងរបស់អេស្ប៉ាញរ៉ាហ្វាអែល ណាដាល់ បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីសន្សំបានតែ៨១០៥ (-១) ពិន្ទុ ។
សូមរំលឹកថា កាលឆ្នាំទៅមិញ ណាដាល់ គឺជាអ្នកគ្រងតំណែងលេខ១ លើលោក ។ កាលពីប្រកួតក្នុងព្រឹត្តិការណ៍ China Open យ៉ូកូវិច បានបរាជ័យក្រោមថ្វីដៃហ្វេដឺរ័រ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ទោះជាយ៉ាងនេះក្តី លើតារាងចំណាត់ថ្នាក់ពិភពលោក រូបគេបាននាំមុខហ្វេដឺរ័រច្រើនជាង៣០០០ពិន្ទុ ។ គួរកត់សម្គាល់ថា នេះជាលើកទី២ហើយដែលយ៉ូកូវិច គ្រងតំណែងលេខ១ ពិភពលោក ។ គេគ្រងតំណែងនេះលើកដំបូងនៅខែកក្កដា ឆ្នាំ២០១១ ដោយបន្តកាន់កាប់បាន ៤៦សប្តាហ៍ ។
ស្ថិតក្នុងវ័យ២៧ឆ្នាំ យ៉ូកូវិច ជាកីឡាករស៊ែប៊ីដំបូងគេដែលបានយកឈ្នះពានក្របខ័ណ្ឌធំៗចំនួន៣ជាច្រើនលើក និងជាកីឡាករស៊ែប៊ីដំបូងគេផងដែរដែលបានគ្រងតំណែងលេខ១ លើលោកច្រើនជាង១០០សប្តាហ៍ ។ មកទល់នឹងពេលនេះ គឺមានតែក្របខ័ណ្ឌ French Open មួយប៉ុណ្ណោះដែលគេមិនដែលឈ្នះ ។ តែទោះជាដូច្នេះក្តី គេធ្លាប់បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌនេះចំនួន២លើក គឺនៅឆ្នាំ២០១២ និងឆ្នាំ២០១៤ នេះ ។
ចំណែកកីឡាករអង់គ្លេសអ៊ែនឌី មូរ៉េ ដែលធ្លាប់រងរបួសឆ្អឹងខ្នងបានធ្លាក់ពីលេខ៣ កាលឆ្នាំទៅមិញទៅលេខ១១ មាន៣៦៣៥ពិន្ទុ។
ឯកីឡាករស្វ៊ីស Stan Wawrinka ស្ថិតនៅលេខរៀងទី៤មាន ៥៣៨៥ពិន្ទុ ខណៈ Kei Nishikori ជាកីឡាករអាស៊ីតែម្នាក់គត់ដែលស្ថិតក្នុងបណ្តាកីឡាករលំដាប់កំពូលពិភពលោកទាំង១០ ។ កីឡាករជប៉ុនរូបនេះសន្សំបាន៤៣៥៥ពិន្ទុ ឈរនៅលេខរៀងទី៦ ៕
ចែករំលែកព័តមាននេះ