រាជធានីភ្នំពេញ ៖ លោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បានចូលរួមបើកកិច្ចប្រជុំលើកទី១របស់ថ្នាក់ដឹកនាំ គណៈដឹកនាំគម្រោងស្តីពី «អភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាលLDDHS » កាលពីព្រឹកថ្ងៃទី០៧ តុលា ដែលរៀបចំឡើងនៅសាលប្រជុំលេខាធិការដ្ឋានគ.ជ.អ.ប។
លោកសក់ សេដ្ឋា មានប្រសាសន៍បើកកិច្ចប្រជុំនោះថា ស្របតាមស្មារតីលេខាធិការដ្ឋានគ.ជ.អ.ប បានចុះកិច្ចព្រមព្រៀងជាមួយនឹងអង្គការសហប្រជាជាតិសម្រាប់មូលនិធិអភិវឌ្ឍន៍មូលធន(UNCDF) កាលពីខែធ្នូ ២០១៣ កន្លងទៅនេះ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល(LDDHS) ក្នុងឆ្នាំ២០១៤-២០១៥ ក្រោមក្របខណ្ឌផ្តល់ហិរញ្ញប្បទានចំនួនជាង៤៥០.០០០ដុល្លារ របស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី(AusAid ដែលបច្ចុប្បន្នហៅថា DFAT) ។
គម្រោងLDDHS មានគោលបំណងសាកល្បងការផ្ទេរកិច្ចការមួយចំនួនរបស់ការិយាល័យនៃស្រុកប្រតិបត្តិសុខាភិបាល ជាពិសេសការគ្រប់គ្រងមណ្ឌលសុខភាព និងការគាំទ្រសុខភាពនៅសហគមន៍ទៅឲ្យរដ្ឋបាលស្រុកគោលដៅចំនួន៥ ដើម្បីដកស្រង់យកបទពិសោធន៍ និងមេរៀនឈានទៅអនុវត្តន៍នៅទូទាំងប្រទេសនាពេលបញ្ចប់គម្រោង។ គម្រោងLDDHSនេះត្រូវបានចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី១មានរយៈពេលចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០១៤ ដោយផ្តោតការយកចិត្តទុកដាក់លើកការរៀបចំកិច្ចការសំខាន់ៗមួយចំនួនសម្រាប់ដំណាក់កាលទី២ ដែលជាដំណាក់កាលអនុវត្តន៍គម្រោងហើយបានចេញដំណើរតាំងពីខែមិថុនា កន្លងមក។ បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជាច្រើនហើយក៏បានជួបនូវបញ្ហាមួយចំនួនផងដែរ ដែលទាមទារឲ្យមានការផ្តល់ជាមតិយោបល់ពីថ្នាក់ដឹកនាំ។ ពិសេសជាងនេះទៀតការសាកល្បងផ្ទេរមុខងារគឺមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយក្រសួងសាមីនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលេខាធិការដ្ឋានគ.ជ.អ.ប ព្រោះថាការផ្ទេរមុខងារជាកិច្ចការស្នូលនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់យើង ៕
ចែករំលែកព័តមាននេះ