ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​​មូល​ហេតុ អេ​ ភូ​ថង ឈប់​​គាំទ្រ​កូន​ស្រី​ឡើង​​រេញ​​ប្រដាល់

10 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ ៖ កន្លង​មក​គេ​ដឹង​ត្រឹមតែ​ហេតុផល​មួយ​ប៉ុណ្ណោះ​ថា លោក​អេ ភូ​ថង មាន​បំណង​ឱ្យ​កូនស្រី​របស់​ខ្លួន​បំភ្លេច​ការ​ប្រដាល់ ដើម្បី​ងាក​ទៅ​រក​ការ​សិក្សា​ឱ្យ​បាន​ជាប់លាប់​។ ប៉ុន្តែ​ក្នុង​បទ​សម្ភាសន៍​មួយ​ថ្មី បាន​ធ្លាយ​ចេញ​មូលហេតុ​ថា លោក​អេ ភូ​ថង ក៏​ធ្លាប់​ជំរុញ​ឱ្យ​កូនស្រី​លុកលុយ​ក្នុង​អាជីព​នេះ​ដែរ ប៉ុន្តែ​មក​ពី​នាង​បំពេញ​មិន​បាន​នូវ​លក្ខន្តិកៈ​ក្នុង​នាម​ជា​កីឡាការិនី ទើប​លោក​ខឹង​ចិត្ត ក៏​ឱ្យ​លាឈប់​តែ​ម្ដង ។

រា​ជ​ធានី​ភ្នំពេញ ៖ កន្លង​មក​គេ​ដឹង​ត្រឹមតែ​ហេតុផល​មួយ​ប៉ុណ្ណោះ​ថា លោក​អេ ភូ​ថង មាន​បំណង​ឱ្យ​កូនស្រី​របស់​ខ្លួន​បំភ្លេច​ការ​ប្រដាល់ ដើម្បី​ងាក​ទៅ​រក​ការ​សិក្សា​ឱ្យ​បាន​ជាប់លាប់​។ ប៉ុន្តែ​ក្នុង​បទ​សម្ភាសន៍​មួយ​ថ្មី បាន​ធ្លាយ​ចេញ​មូលហេតុ​ថា លោក​អេ ភូ​ថង ក៏​ធ្លាប់​ជំរុញ​ឱ្យ​កូនស្រី​លុកលុយ​ក្នុង​អាជីព​នេះ​ដែរ ប៉ុន្តែ​មក​ពី​នាង​បំពេញ​មិន​បាន​នូវ​លក្ខន្តិកៈ​ក្នុង​នាម​ជា​កីឡាការិនី ទើប​លោក​ខឹង​ចិត្ត ក៏​ឱ្យ​លាឈប់​តែ​ម្ដង ។

អ្នកស្រី​សាំង សុ​ម៉ា​លី ភរិយា​របស់​លោក​អេ ភូ​ថង និយាយ​ថា បើ​ទោះជា អេ យ៉ា​នុ​ត ជា​កូនស្រី​តែ​ម្នាក់ ប៉ុន្តែ​អ្នកស្រី និង​ស្វាមី​មិន​ដែល​រើសអើង​ចំពោះ​អាជីព​ប្រដាល់ ហើយ​បង្ខំ​ឱ្យ​នាង​បោះបង់​នោះ​ទេ ដោយ​មាន​តែ​ជំរុញ​ឱ្យ​នាង​ប្រឹងប្រែង​នា​ពេល​កន្លង​មក​ផង ។ ជាក់ស្ដែង​ក្នុង​ពេល អេ យ៉ា​នុ​ត ឡើង​ប្រកួត លោក​អេ ភូ​ថង ក្រៅពី​មិន​ជំទាស់ គឺ​ថែម​ទាំង​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​នាង​ស្ទុះស្ទា​កាន់តែ​ខ្លាំង ។ អ​ញ្ចឹ​ង​ហើយ​ទើប​ភាគច្រើន​ណាស់​ដែល​លោក​បង្ហាញខ្លួន​នៅ​រេញ​ប្រដាល់​ក្នុង​ពេល អេ យ៉ា​នុ​ត ឡើង​ប្រកួត ដើម្បី​ជួយ​ប្រាប់​តិច​និក​វាយ​ទៅ​លើ​គូប្រកួត ។ មាន​ហេតុផល​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​អតីត​កីឡាករ​ល្បីឈ្មោះ​រូប​នេះ​ប្ដូរ​ជំហរ ហើយ​បង្ខំ​ឱ្យ​កូនស្រី​លាឈប់​ការ​ប្រដាល់ នោះ​គឺ​មក​ពី អេ យ៉ា​នុ​ត មិន​អនុវត្ត​តួនាទី​អាជីព ហើយ​ធ្វើ​ឱ្យ​លោក​អាម៉ាស់មុខ ។

អ្នកស្រី​សាន សុ​ម៉ា​លី និយាយ​ថា ៖ «​ប្ដី​ខ្ញុំ​កន្លង​មក ទោះជា​មានការ​ជំទាស់​ពី​ឪពុក​ម្ដាយ​មិន​ឱ្យ អេ យ៉ា​នុ​ត ឡើង​ប្រដាល់ ក៏​គាត់​ជំរុញ​កូនស្រី​ដែរ ព្រោះ​ស្រឡាញ់​អាជីព​ហ្នឹង ប៉ុន្តែ​មក​ពី អេ យ៉ា​នុ​ត ធ្វើ​ឱ្យ​គាត់​ខ្មាស​គេ ទើប​ខឹង​ឱ្យ​ឈប់​ប្រដាល់​តែ​ម្ដង​!» ។ បញ្ហា​នោះ គឺ​បណ្ដាល​មក​ពី អេ យ៉ា​នុ​ត ឡើង​វ៉ៃ​ប៉ុន្មាន​លើក​ចុង​ក្រោយ​មិន​ប្រឹងប្រែង​ហាត់​ទាល់តែ​សោះ ដែល​ទំនង​មក​ពី​នាង​សំអាង​ថា បាន​បង្វឹក​សិស្ស​ក្នុង​ក្លិប​រាល់ថ្ងៃ គឺ​មិន​ចាំបាច់​ហ្វឹកហាត់​ខ្លួនឯង​ក៏​បាន ។ អ្នកស្រី​បន្ត​ថា លទ្ធផល​បរាជ័យ​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់ អេ យ៉ា​នុ​ត បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​លោក​អេ ភូ​ថង និង​ក្លិប​ប្រដាល់​យ៉ាង​ខ្លាំង ទើបត្រូវ​តែ​បញ្ឈប់​នាង​កុំឱ្យ​មានការ​រិះគន់ ។ និយាយ​រួម អេ យ៉ា​នុ​ត ចង់​ឡើង​វ៉ៃ ប៉ុន្តែ​មើលទៅ​កូនស្រី​រូប​នេះ​ខ្ជិល​ហាត់​ណាស់ ហើយ​ការ​ប្រដាល់​មិនមែន​ហេង​សុទ្ធតែ​ឈ្នះ​ឯណា អ​ញ្ចឹ​ង​ហើយ​ទើប​ប្ដី​អ្នកស្រី​ខឹង​លែងឱ្យ​ប្រដាល់​តែ​ម្ដង ព្រោះ​គិត​មើល​ឪពុក​បើក​ក្លិប​បុ​៉​ន​ណា​បុ​៉​ន​ណី ហើយ​កូន​ឡើង​ប្រដាល់​ប៉ាតណាប៉ាតណី ម៉េច​នឹង​កើត ។

អ្នកស្រី​ប្រាប់​ថា សម្រាប់​អ្នកស្រី​នៅ​តែ​មាន​បំណង​ឱ្យ​កូន​បន្ត​ការ​ប្រកួត ទោះជា​នាង​ជានា​រី និង​កាន់តែ​ធំ​ពេញវ័យ​នោះ​ក៏​ដោយ ។ ហេតុផល​នោះ គឺ​ចង់ឱ្យ​នាង​ស្គាល់​ការ​លំបាក​ក្នុង​ការ​រក​ប្រាក់ និង​ចេះ​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង ប៉ុន្តែ​តាម​មើល​លោក​អេ ភូ​ថង មិន​អាច​បណ្ដោយ​ឱ្យ​នាង​បន្ត​ការ​ប្រដាល់​ទៀត​ទេ ក្នុង​ពេល​ដែល​លោក​ទាមទារ​ឱ្យ​នាង​ហ្វឹកហាត់​ឱ្យ​ជាប់លាប់​កន្លង​មក​គឺ​នាង​ចេះ​តែ​ផ្គើន ហើយ​ធ្វើ​ឱ្យ​លោក​អាម៉ាស់មុខ ទៅ​ចាញ់​គូប្រកួត​ដែល​សុទ្ធតែ​ធ្លាប់​ឈ្នះ​បែប​នេះ​។ អ្នកស្រី​និយាយ​ថា ៖ «​មើលទៅ​យ៉ា​នុ​ត លែង​បាន​ប្រដាល់​ច្រើន​ជាង ព្រោះ​ពេល​នេះ​ប៉ា​វា​ហាម​ដាច់ខាត​ឱ្យ​ឈប់​តែ​ម្ដង ហើយ​ឪពុក​ម្ដាយ​ពួក​ខ្ញុំ​ទាំង​សងខាង ក៏​ហាម​ដូច​គ្នា​! ម្យ៉ាង​ពេល​នេះ យ៉ា​នុ​ត ប៉ា​វា​ឱ្យទៅ​រៀន​ខាង​ជាង​អ៊ុតសក់​ជាង​មួយ​ខែ​ហើយ គឺ​មិន​ឱ្យមករ​វីរ​វល់​រឿង​ប្រដាល់​វិញ​ទេ ព្រោះ​ដឹង​ថាបើ​ឱ្យ​បន្ត​ការ​ប្រដាល់ ក៏​មើលទៅ​មិនសូវ​ស្វិតស្វាញ​!» ។ អ្នកស្រី​ប្រាប់​ថា ទោះជា​លោក​អេ ភូ​ថង មិន​អាច​ហាមឃាត់​កូនស្រី​ដល់​ទឹក​ចុង​ក្រោយ ក៏​ការ​ប្រដាល់​របស់​នាង ស្ថិត​ក្នុង​សភាព​ពិបាក​បក​ក្រោយ​ច្រើន​ជាង ដោយសារ​ពេល​នេះ​នាង​នៅ​រៀន​ថ្នាក់​ទី​៨ នៅឡើយ ដែល​មាន​ន័យ​ថា ទម្រាំ​ចប់​បាក់​ឌុ​ប គឺ​ដល់​ពេល​រៀបចំ​គ្រួសារ ឬ​ត្រូវ​មាន​អាជីព​ថ្មី​ខាង​ផ្នែក​អ៊ុតសក់​បាត់​ទៅ​ហើយ​។

អ្នកស្រី​បញ្ជាក់​ថា ៖ «​យ៉ា​នុ​ត បើ​ឱ្យ​ប្រដាល់​ទៀត ក៏​មិនកើត​ដែរ ព្រោះ​កូន​ហ្នឹង​មិនសូវ​ចង់​ហ្វឹកហាត់​ទេ ចង់​គឺ​បាន​តែ​ចង់​ប៉ុណ្ណោះ ប៉ុន្តែ​អ្នកកីឡា​មិន​អាច​អ​ញ្ចឹ​ង​បាន​ទេ ព្រោះ​បើ​ឡើង​ចាញ់​ៗ គេ​រិះគន់​ណាស់ ពិសេស​សម្រាប់​អ្នក​ដែល​មាន​ឪពុក​ជា​កីឡាករ និង​ជា​ម្ចាស់​ក្លិប​អ​ញ្ចឹ​ង​!» ។ អ្នកស្រី​កំពុង​ជំរុញ​ឱ្យ អេ យ៉ា​នុ​ត ងាក​ទៅ​រក​ការ​សិក្សា និង​បំប៉ន​ផ្នែក​ជំនាញ​អ៊ុតសក់ បន្ទាប់​ពី​មើលឃើញ​ថា ការ​ប្រដាល់​ផ្នែក​នារី ក៏​រីក​ចម្រើន​ស្ដួចស្ដើង​នៅ​កម្ពុជា​នោះ​។ យ៉ាងណាមិញ អ្នកស្រី​បាន​សម្ដែង​ការ​បារម្ភ​ពី​ការ​ប្រដាល់​ផ្នែក​នារី បន្ទាប់​ពី​កូនស្រី និង​កីឡាការិនី​មួយ​ចំនួន​បន្ត​លាឈប់​ដោយ​គ្មាន​អ្នក​ចំណូល​ថ្មី​បែប​នេះ ៕