ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីទឹកជំនន់កាលពីឆ្នាំមុនបានសម្លាប់មនុស្ស០៣នាក់ក្នុង សង្កាត់ព្រះពន្លាពេលនេះប្រជាពលរដ្ឋបានស្នើរសុំឱ្យអាជា្ញធរខេត្តជួយកសាងផ្លូវស្របមាត់ស្ទឹងឱ្យបានខ្ពស់ដើម្បីការពារទឹកជំនន់។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានលើកឡើងថាភូមិមួយនេះគឺប្រជាពលរដ្ឋនៅតាមបណ្តោយស្ទឹងនិងបានទទួលរងគ្រោះដោយទឹកជំនន់២ឆ្នាំជាប់គ្នា ដែលកាលពីឆ្នាំ២០១៣កន្លងទៅគ្រោះទឹកជំនន់នេះបានសម្លាប់មនុស្សអស់ចំនួន០៣នាក់មកហើយ ដោយមានការព្រួយបារម្ភនោះប្រជាពលរដ្ឋបានសំណូមពរឱ្យអាជ្ញាធរខេត្តនិងមន្រ្តីជំនាញជួយកសាងផ្លូវឱ្យបានខ្ពស់ដើម្បីទប់ស្កាត់គ្រោះទឹកជំនន់។
លោក ជាហួត ចៅសង្កាត់ព្រះពន្លាបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីនេះរងគ្រោះដោយទឹកជំនន់២ឆ្នាំជាប់គ្នា និងបានសម្លាប់មនុស្ស០៣នាក់កាលពីឆ្នាំ២០១៣កន្លងទៅ។លោកបានបន្តថា ខាងសង្កាត់បានស្នើសុំថវិការកសាងផ្លូវការពារទឹកជំនន់ដែរតែមិនទាន់ទទួលបាននៅឡើយទេ ក៏ប៉ុន្តែឆ្នាំ២០១៤នេះខាងសង្កាត់បានទទួលថវិការជួសជុលផ្លូវភូមិចកប្រវែង៦២០ម៉ែត្រ និងភូមិមួយមានប្រវែង៨០០ម៉ែត្រ ។
ដោយឡែកលោក ម៉ៅ សូរ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តបានឱ្យដឹងថា ចំពោះការអភិវឌ្ឍខេត្តគឺអភិវឌ្ឍតាមគម្រោងប្រសិនបើជាប្រជាពលរដ្ឋ ឃុំ សង្កាត់ធ្វើគម្រោងស្នើសុំហើយស្នើសុំទៅក្រសួងបាននិងធ្វើការកសាងជូន ប៉ុន្តែភូមិឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មិនទាន់ទទួលបានគម្រោងទេ។នៅក្នុងឆ្នាំ២០១៤នេះគឺក្រសួងបានទម្លាក់ថវិការកសាងផ្លូវប្រវែង១៤គីឡូម៉ែត្រ ដែលត្រូវយកទៅកសាងផ្លូវតាមបន្ទាត់ព្រំដែនចាប់ពីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទៅដល់ឃុំប្រាសាទត្បែងស្រុកថ្មពួក។
ចែករំលែកព័តមាននេះ