យុទ្ធនាការដណ្តើមយកពានព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ Dubai Tennis Championships នៅប្រទេសអេមីរ៉ាតអារ៉ាប់រួមជាលើកទី៦ របស់កីឡាករស្វ៊ីសរ៉ូជើ ហ្វេដឺរ័រ សម្រេចបានមួយជំហានហើយ ខណៈកាលពីថ្ងៃចន្ទ ទី២៤ កុម្ភៈ គេបានឆ្លងផុតជុំទី១ដោយ ជោគជ័យជាមួយលទ្ធផល៦-១ និង៦-៤ លើកីឡាករអាល្លឺម៉ង់ Benjamin Becker ។
នៅក្នុងការជួបគ្នាចំនួន៤លើកជាមួយកីឡាករលំដាប់ទី៩៣ ពិភពលោករូបនេះ ហ្វេដឺរ័រ មិនធ្លាប់បរាជ័យសូម្បីមួយសិតឡើយ ។ ម្ចាស់ពានក្របខ័ណ្ឌធំ១៧លើករូបនេះបានថ្លែងថា ៖«ខ្ញុំពេញចិត្តខ្លាំងណាស់ចំពោះលទ្ធផលប្រកួតនៅថ្ងៃនេះ ។ បានចេញមកប្រកួតក្នុងភាពសេរីដូចជាថ្ងៃនេះ គឺពិតជាធ្វើឱ្យអារម្មណ៍របស់ខ្ញុំស្រស់ថ្លាខ្លាំងណាស់»។ នៅជុំបន្ទាប់គេនឹងជួបជាមួយកីឡាករជើងខ្លាំងរបស់ស៊ែប៊ីណូវ៉ាក់ យ៉ូកូវិច ។ សូមបញ្ជាក់ថា ហ្វេដឺរ័រ និងយ៉ូកូវិច ធ្លាប់បានយកឈ្នះពានជើងឯកនៅទីនេះចំនួន៩លើករួចមកហើយ ក្នុងនោះហ្វេដឺរ័រឈ្នះ៥លើកក្នុងឆ្នាំ២០០៣, ២០០៤ ២០០៥, ២០០៧ និង២០១២ ខណៈយ៉ូកូវិចឈ្នះ៤លើក ។ ចំណែកណាដាល់ឈ្នះមួយលើកក្នុងឆ្នាំ២០០៦ និងអ៊ែនឌី មូរ៉េ ក៏ធ្លាប់ឈ្នះមួយលើកដែរនាឆ្នាំ២០០៨ ។
ដោយឡែក លទ្ធផលគូផ្សេងទៀតគឺ កីឡាករអាល្លឺម៉ង់ Philipp Kohlschreiber យកឈ្នះកីឡាករហូឡង់ Thiemo De Bakker ក្នុងលទ្ធផល៦-៣ និង៦-៣ ខណៈកីឡាកររុស្ស៊ី Dmitry Tursunov បានបំបាក់កីឡាករស្លូវ៉ាគី Lukas Lacko ក្នុងលទ្ធផល៧-៥ និង៦-១ ។
ឯកីឡាករអុីតាលី Andreas Seppi ក៏បានឡើងទៅជុំបន្តផងដែរបន្ទាប់ពីបានយកឈ្នះគូប្រកួតសញ្ជាតិអាល្លឺម៉ង់ Florian Mayer ក្នុងលទ្ធផល៤-៦, ៦-១ និង៧-៥ ។ គេបានថ្លែងថា ៖ «អ្វីដែលខ្ញុំត្រូវធ្វើគឺរក្សាការប្រកួតមិនដាក់ដៃ ។ នៅឆ្នាំនេះ ខ្ញុំហាក់គ្មានឱកាសចេញប្រកួតច្រើនលើកច្រើនសានោះទេ»។ គួរកត់សម្គាល់ថា នេះគឺជាជ័យជម្នះក្នុងរដូវកាលថ្មីលើកទី២ ហើយសម្រាប់កីឡាករ Seppi ។ ជ័យជម្នះលើកទី១ របស់គេកើតមាននៅជុំទី១ ក្របខ័ណ្ឌធំ Australian Open ដែលកាលនោះគេឈ្នះកីឡាករម្ចាស់ផ្ទះឡីតុន ហេវីត ៕
ចែករំលែកព័តមាននេះ