រាជធានីភ្នំពេញ៖ ទីបំផុតទៅខេត្តត្បូងឃ្មុំត្រូវបានបង្កើតជាផ្លូវការហើយ បន្ទាប់ពីព្រះមហាក្សត្រកម្ពុជានរោត្តមសីហមុនី បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ធ្នូ ២០១៣ តាមសំណើទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
គួរបញ្ជាក់ផងដែរថា បើតាមមន្រ្តីក្រសួងមហាផ្ទៃបានឲ្យដឹងថា ខេត្តត្បូងឃ្មុំនេះ ត្រូវបានក្រសួងមហាផ្ទៃគ្រោងនឹងបំបែកចេញពីខេត្តកំពង់ចាមដោយចាប់យកទីតំាងរដ្ឋបាលភូមិសាស្រ្តនៅត្រើយខាងកើតទន្លេបិទតាំងពីអាណត្តិទី៣មកម្ល៉េះ ហើយក៏បានលេចឮដល់មជ្ឈដ្ឋាននានាតៗគ្នា ប៉ុន្តែមិនទាន់ចេញជាផ្លូវការ ។
បើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២០៣/១៤៤៥ ត្រូវបានបង្កើតខេត្តត្បួងឃ្មុំ ដោយកាត់យកក្រុងចំនួន១ និង ស្រុកចំនួន៦ ពីខេត្តកំពង់ចាមគឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររំាងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និង ស្រុកមេមត់ ។
ព្រំប្រទល់រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ឋនៃព្រះរាជក្រឹត្យនេះ ។
ចំណែកទីតំាងសាលាខេត្តត្បូងឃ្មុំ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយការរៀបចំរចនាសម្ព័ន្ឋនិងប្រព័ន្ឋគ្រប់គ្រងរដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
សូមបញ្ចាក់ទៀតថា នេះជាលើកទី២ហើយចាប់តំាងចុងឆ្នាំ២០១៣មក ដែលរាជរដ្ឋាភិបាលបានបំបែកដែនដីរដ្ឋបាលដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទំាងរដ្ឋបាល និងសន្តិសុខ បន្ទាប់ពីកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើតខណ្ឌចំនួន៣ទៀតក្នុងរាជធានីភ្នំពេញ គឺខណ្ឌច្បារអំពៅ ដោយបំបែកចេញពីខណ្ឌមានជ័យ ខណ្ឌជ្រោយចង្វារ បំបែកចេញពីខណ្ឌទួលគោកនិងប្ញស្សីកែវ និង ខណ្ឌព្រែកព្នៅ ដោយបំបែកចេញពីខណ្ឌសែន សុខ និង ខណ្ឌប្ញស្សីកែវ ៕
ចែករំលែកព័តមាននេះ