ខេត្តកំពង់ចាម ៖ មានករណីអំពើប្លន់ដ៏សាហាវព្រៃផ្សៃមួយ ដោយមនុស្សប្រុសស្រី ២នាក់ ត្រូវបានជនមិនស្គាល់មុខអា.កសម្លាប់ និងវាយកូនស្រីតូចអាយុប្រហែល ៣ឆ្នាំ បាក់ថ្គាមរហូតសន្លប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៥ ធ្នូ ២០១៣ ស្ថិតនៅត្រង់ចំណុចចុងភូមិកំពង់ឪច្រឹក ឃុំពង្រ ស្រុកកោះសូទិន ជាកន្លែងស្ងាត់គ្មានផ្ទះប្រជាពលរដ្ឋ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា អធិការនគរបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា នៅពេលមានប្រជាពលរដ្ឋរាយការណ៍មកកាន់រូបលោក ភ្លាមៗ លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅជាបន្ទាន់ ដោយឃើញស្លាកស្នាមអា.កសម្លាប់យ៉ាងសាហាវ និងក្មេងស្រីតូចអាយុប្រហែល ៣ឆ្នាំ បានរងរបួសធ្ងន់រហូតសន្លប់។
លោកបានបន្តថា រហូតមកដល់វេលាម៉ោង ៦ល្ងាច ទៅហើយសាកសពទាំង ២នាក់ នេះ អាចជាប្តីប្រពន្ធនៅតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកក្មេងស្រីតូចដែលងើបពីសន្លប់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពពង្រ និងត្រូវបានប្រជាពលរដ្ឋមានការអាណិតអាសូរបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ដោយបានបាក់ថ្គាមរបួសធ្ងន់។
ជាមួយនោះ លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានចាត់ឲ្យជំនាញបច្ចេកទេសចុះទៅពិនិត្យសពពីរនាក់នោះ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា បានបញ្ជាក់បន្ថែមថា នេះជាករណីប្លន់សម្លាប់យកទ្រព្យ មិនដឹងថា ម៉ូតូ ឫយ៉ាងណានោះទេ នៅពេលនេះ កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហើយ និងបានតាមប្រមាញ់ក្រុមជនសង្ស័យជាចោរប្លន់ដ៏សាហាវ ដែលអាចមានគ្នាមិនតិចជាង ២នាក់ នោះទេ។ តាមការសន្និដ្ឋាន សាកសពទាំង ២នាក់ ខាងលើ អាចត្រូវបានក្រុមចោរប្លន់សម្លាប់នៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី២៥ ធ្នូ នេះ៕
ចែករំលែកព័តមាននេះ