ក្រុងប៉ោយប៉ែត ៖ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តសូរិយារាម ហៅវត្តថ្មី ជាច្រើននាក់ បាននាំគ្នាធ្វើកូដកម្មលើកបដា និងបានយករនាំងដែកបិទផ្លូវមិនឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ធ្វើដំណើរឆ្លងកាត់ធ្វើឲ្យមានការកកស្ទះចរាចរណ៍អស់រយៈពេលជាច្រើនម៉ោង ក្នុងគោលបំណងបណ្តេញភិក្ខុ ដួង រដ្ឋា ព្រះចៅអធិការវត្តស្តីទីចេញពីវត្ត ដែលហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៣ ធ្នូ ២០១៣ ស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមប្រភពព័ត៌មានពីគណៈកម្មការវត្តថ្មី បានឲ្យដឹងថា ការដែលនាំគ្នាធ្វើកូដកម្មនៅពេលនេះ គឺដើម្បីទាមទារឲ្យអាជ្ញាធរ និងព្រះគ្រូមេគុណខេត្ត ជួយរកដំណោះស្រាយក្នុងការជ្រើសរើសព្រះចៅអធិការវត្តឲ្យមកឡើងកាន់តំណែងថ្មីជំនួសព្រះចៅអធិការវត្តស្តីទីព្រះនាម ដួង រដ្ឋា។
ប្រភពបន្តថា ព្រះចៅអធិការវត្តស្តីទីអង្គនេះ មិនអាចទុកឲ្យគង់នៅវត្តថ្មីនេះ តទៅទៀតបានឡើយ ដោយព្រះអង្គនិយមបក្ខពួក ហើយថែមទាំងឲ្យក្មេងស្ទាវមកដេកស្នាក់នៅក្នុងវត្តបង្កភាពអនាធិបតេយ្យ នាំឲ្យពុទ្ធបរិស័ទរស់នៅជិតទីវត្តអារាមមិនសប្បាយចិត្ត ហើយម្យ៉ាងទៀត ព្រះចៅអធិការបានបង្កបញ្ហាដកព្រះសង្ឃមួយចំនួននៅក្នុងវត្តចេញដោយគ្មានមូលហេតុ។ ព្រះចៅអធិការអង្គនេះ បានដកព្រះសង្ឃដែលមានព្រះជន្មច្រើន និងមានការយល់ដឹងជាងខ្លួន។
មិនតែប៉ុណ្ណោះ ព្រះចៅអធិការស្តីទីព្រះនាម ដួង រដ្ឋា បានកសាងសមិទ្ធិផលនៅក្នុងទីវត្តអារាមមួយចំនួនមិនប្រក្រតី ដោយមិនបានឆ្លងយោបល់ពិគ្រោះជាមួយគណៈកម្មការវត្ត និងបានធ្វើឲ្យបាត់បច្ច័យថែមទៀតផង។ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងបន្ថែមទៀតថា ការធ្វើកូដកម្មតវ៉ានៅពេលនេះ គឺសំណូមពរដល់អាជ្ញាធរ និងព្រះគ្រូមេគុណខេត្ត សូមជួយចាត់វិធានការរកដំណោះស្រាយយកព្រះសង្ឃផ្សេងឲ្យមកគង់ធ្វើជាព្រះចៅអធិការវត្តនេះផង បើពុំដូច្នោះទេ ពួកគាត់នឹងធ្វើកូដកម្មបន្តទៀតរហូតទាល់តែមានការផ្លាស់ប្តូរទើបឈប់។
លោក ស៊ាង សេងហុក ប្រធានការិយាល័យធម្មការក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជុំវិញបញ្ហាខាងលើ ប្រជាពលរដ្ឋ រួមទាំងគណៈកម្មការវត្ត មិនអាចមានសិទ្ធិដកព្រះចៅអធិការស្តីទីវត្តនេះ បានឡើយ គឺមានតែជំនាញខាងព្រះសង្ឃជាព្រះគ្រូមេគុណខេត្តតែប៉ុណ្ណោះ ទើបអាចដកព្រះអង្គបាន ហើយរាល់បញ្ហាដែលកើតឡើងលោកនឹងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើម្បីរកដំណោះស្រាយ។
នៅក្នុងហេតុការណ៍នោះ គេឃើញអាជ្ញាធរមានសម្ថកិច្ចប៉ូលិសដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានមកជួយអន្តរាគមន៍ និងបានបញ្ជៀសរាល់បញ្ហាខ្លាចក្រែងកើតមានអំពើហិង្សាកើតឡើងចំពោះប្រជាពលរដ្ឋ និងព្រះសង្ឃ៕
ចែករំលែកព័តមាននេះ