ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងយោធា​និង​មន្ត្រី​ជលផល​ចុះ​កម្ទេច​​បទល្មើស​នេសាទ​០៣​កន្លែង​ក្នុងស្រុក​ថ្មគោល

15 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  ឧបករណ៍​​នេសាទ (​សាច់​អួន​) ចំនួន​០៣​កន្លែង រួម​ទាំង​ឧ​បករ​ណ៍​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​យោធភូមិ​ភាគ​ទី​៥ សហការ​ជាមួយ​មន្ត្រី​ជលផល ចុះ​រុករ​ក​ឃើញ ហើយ​ត្រូវ​កាប់​បំផ្លាញ​ចោល…

ខេត្តបាត់ដំបង ​៖  ឧបករណ៍​​នេសាទ (​សាច់​អួន​) ចំនួន​០៣​កន្លែង រួម​ទាំង​ឧ​បករ​ណ៍​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​យោធភូមិ​ភាគ​ទី​៥ សហការ​ជាមួយ​មន្ត្រី​ជលផល ចុះ​រុករ​ក​ឃើញ ហើយ​ត្រូវ​កាប់​បំផ្លាញ​ចោល កាលពី​ថ្ងៃ​ទី១៥ តុលា នៅ​តំបន់​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល​ ។

​សេចក្ដី​រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា កម្លាំងយោធា និងមន្ត្រី​ជលផលបាន​ចុះ​កាប់​កំទេច​វត្ថុ​តាង​​បទល្មើស​នេសាទ​ចំនួន​០៣​កន្លែង តែ​រកមុខ​ម្ចាស់​បទល្មើស​មិនឃើញ​ទេ​ ។ សេចក្ដី​រាយ​ការ​ណ៍​ដដែល​បាន​បញ្ជាក់​ថា  ឧ​បករ​ណ៍​​នេសាទ​ខុសច្បាប់ ដែល​ជនល្មើស​ប្រើប្រាស់​ដាក់​ពង្រាយ​ស្ទាក់​ចាប់​ត្រី​នោះ ជា​ប្រភេទ«​សាច់​អួន»ក្រឡា​ញឹក ដែល​ច្បាប់​ជលផល​បាន​ហាមឃាត់ ហើយ​ត្រូវ​បាន​កាប់​កម្ទេចចោល​ទាំងអស់​ ។

​បើ​តាម​របាយ​ការ​ណ៍​ដែល​បាន​បង្ហាញ​លទ្ធផល គឺសមត្ថកិច្ច​បាន​កាប់​បំផ្លាញ​ចោល​នូវ«​សាច់​អួនប្រវែង​៥៥០​ម៉ែត្រ  បង្គោល​ឈើ​សម្រាប់​បំពាក់​សាច់​អួន​ចំនួន​២៣០​ដើម និង​ឡុ​ក​ចាប់​ត្រី​ចំនួន​០៥» ​។ ប៉ុន្តែ​គេ​មិន​ស្គាល់​អត្តសញ្ញាណម្ចាស់​បទល្មើស​នេសាទ​ខាងលើ​នេះ​ទេ​ ។

​សូម​បញ្ជាក់​ថា កម្លាំង​ចម្រុះដែល​ជា​រឿយ​ៗនាំមុខ​ដោយ​កម្លាំង​យោធភូមិ​ភាគ​ទី​៥ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ជា​ញឹកញាប់នៅ​តំបន់​បឹង​ទន្លេសាប តាម​បណ្ដា​ភូមិសាស្ត្រ​នានា ក្នុងស្រុក​មោង​ប្ញ​ស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ និងស្រុក​ថ្មគោល  ដែល​ជា​ស្រុក​មាន​ទឹកដី ជាប់​នឹង​តំបន់​បឹង​ទន្លេសាប​ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​ម្ដង​ៗ កម្លាំង​សមត្ថកិច្ចបាន​កាប់​កំទេច​ចោល​នូវ​ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់ (​សាច់​អួន​) រាប់​សិប​កន្លែង និងរាប់​ពាន់​ម៉ែត្រ តែ​ជនល្មើស​នៅ​តែ​លួច​បង្កើន​បទល្មើស​ឡើង​វិញ​បាន​ដដែល​ ។  នេះ​ដោយសារ​តែ​សមត្ថកិច្ច​បំផ្លាញ​ចោល​តែ​វត្ថុ​តាង  ប៉ុន្តែ​ចាប់​​មិន​បាន​ជនល្មើស​ ។ ដូច្នេះ​ហើយ ​ទើប​ជនល្មើស​មានឱ​កាស​ប្រព្រឹត្ត​បទល្មើស​ដដែល​ៗ​នេះ​បាន​យ៉ាង​រលូន​៕