ខេត្តព្រះវិហារ ៖ អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខ ត្រូវបានក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។
ពិធីប្រគល់ និងទទួលអំណោយដែលជាទឹករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសប្បុរសជន បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោកឯក ឃុនដឿន អភិបាលរងរាជធានីតំណាងឯកឧត្តមឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញជូនលោកឧត្តមសេនីយ៍ឯកសួន ពិរុណ មេបញ្ជារងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសខេត្តព្រះវិហារ។
លោកឯក ឃុនដឿន អភិបាលរងរាជធានីក្នុងឱកាសនោះបាននាំមកនូវការផ្តាំផ្ញើរសួរសុខពីសំណាក់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ និងជូនពរវីរកងទ័ពយើងទាំងអស់ សូមមានសុខភាពល្អ សុខសុវត្ថិភាព ឈ្នះអស់សត្រូវឈ្លានពាន ។
បន្ថែមពីនេះ លោកឯក ឃុនដឿន ក៏បានថ្លែងអំណរគុណគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមចែកធនធានតាមលទ្ធលភាពរៀងៗខ្លួន ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ។
ឧត្តមសេនីយ៍ឯកសួន ពិរុណ មេបញ្ជារងកងអង្គរក្ស បានមានប្រសាសន៍ថា៖ ជំនួសមុខឲ្យវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមកាងារ រដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជននៅរាជធានីភ្នំពេញនិងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញមកប្រគល់ជូនដល់កងទ័ពជួរមុខ។
ឧត្តមសេនីយ៍ឯកសួន ពិរុណ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្រាប់វីរកងទ័ព ឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ ។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយពួកយើងខ្ញុំទាំងអស់គ្នា។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត។
អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងអង្គរក្សនាពេលនេះ រួមមាន ៖ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ទឹកសុទ្ធ ទឹកក្រូច មី ភួយមុង អាវ អាវរងា អាវភ្លៀង កន្ទេល បន្លែ ត្រីសាច់ និង សម្ភារប្រើប្រាស់ផ្សេងៗប្រមាណចំនួន៣៣មុខ សរុបទម្ងន់៥០តោន៕
ចែករំលែកព័តមាននេះ