ខេត្តបាត់ដំបង ៖ ចន្លោះពេលគ្នាត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅព្រឹលថ្ងៃទី១២ កុម្ភៈ មុខសញ្ញាចោរស្រីៗដែលគេអះអាងថា សុទ្ធសឹងជាមុខសញ្ញាចោរជើងចាស់ បានប្រព្រឹត្តបទល្មើសចំនួន០២ករណីដាច់ដោយឡែកពីគ្នា ដោយបានចូលទៅបន្លែបន្លំប្រើល្បិចដូចគ្នាយកគ្រឿងអលង្ការទៅលក់ រួចពង្វក់អាជីវករឲ្យវិលក្បុង ចុងក្រោយបន្លំលួចបានលុយរាប់ពាន់ដុល្លារជាថ្នូរនឹងការប្ដូរមាសក្លែងក្លាយ រួចគេចខ្លួនដោយសុវត្ថិភាព ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/523db23a45bbb4bae7bc9bc45422c262.jpg)
គ្មានមន្ត្រីសមត្ថកិច្ចបានទម្លាយព័ត៌មានលម្អិតទេ ជុំវិញករណីចោរស្រីបន្លំលួចលុយតាមតូចលក់មាសទាំង០២ករណីខាងលើនេះ ។ ប៉ុន្តែបើតាមប្រភពព័ត៌មានក្រៅពីសមត្ថិច្ចបានឲ្យដឹងថា អំពើ «ចោរកម្ម» ដែលប្រព្រឹត្តដោយមុខសញ្ញាចោរស្រីវ័យចំណាស់ៗខាងលើនេះ បានកើតឡើងនៅស្រុកមោងប្ញស្សី និង ស្រុកថ្មគោល ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/d0213d57c04e87c6ded0e7178b4e99fb.jpg)
ប្រភពដដែលបានបញ្ជាក់ថា អំពើចោរកម្មនេះ បានកើតឡើងមុន ក្រោយគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ។ ជនសង្ស័យភេទស្រី និងមានវ័យប្រហាក់ប្រហែលគ្នា ហើយសកម្មភាពប្រព្រឹត្តបទល្មើសក៏ដូចគ្នាទៀត ។ ពួកចោរស្រីវ័យចាស់ៗទាំង០២នាក់នេះ បានប្រើល្បិចយកគ្រឿងអលង្ការ(មាស)ទៅលក់ តែចុងក្រោយបន្លំលួចបានលុយរាប់ពាន់ដុល្លារ បន្ទាប់ពីពង្វក់ស្មារតីអ្នកលក់មាសស្ទើរវិលក្បុង រួចគេចខ្លួនដោយសុវត្ថិភាព ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/e46b5b52e87e103d34fe2c2d9abc8712.jpg)
បើតាមប្រភពពីសមត្ថកិច្ចដែលបានដឹងព័ត៌មាននេះបាននិយាយថា ករណីទី១-នៅព្រឹកថ្ងៃកើតហេតុនោះ មានមុខសញ្ញាស្ត្រីវ័យចំណាស់ម្នាក់បានចូលទៅកាន់តូបលក់គ្រឿងអលង្ការមួយកន្លែងនៅក្នុង«ផ្សារមោងប្ញស្សី» ស្ថិតក្នុងស្រុកមោងប្ញស្សី ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/3999c3e790e09c068be1ad1ddf456277.jpg)
ប្រភពបានប្រាប់ថា ស្ត្រីរូបនោះបានយកខ្សែ.កមាសទៅលក់ (មិនដឹងទម្ងន់) តែបានលុយចំនួន៣,០០០ដុល្លារ ។ ប៉ុន្តែជាមួយគ្នានោះ មុននឹងប្រគល់លុយ និងនៅពេលចោរទទួលលុយដល់ដៃចោរស្រីវ័យចំណាស់នោះបាននិយាយបង្គាប់បញ្ជាគ្រប់យ៉ាង សុំអ្នកលក់មើលនេះ មើលនោះ បង្វិលអ្នកលក់គ្រប់ទិស ធ្វើឲ្យអ្នកលក់វិលក្បុង រួចចោរស្រីជើងចាស់ដៃរហ័សម្នាក់នេះ បានបន្លំយកគ្រឿងកាឡៃ ដែលខ្លួនរៀបចំជាស្រេច ទៅប្ដូរយកគ្រឿងអលង្ការ(មាសសុទ្ធ) ដែលខ្លួនយកទៅលក់យកមកវិញភ្លាមៗ រួចគេចខ្លួនបាត់មួយប៉ប្រិចភ្នែក ។ ពោល ចោរស្រីដៃឆើតរូបនេះ បន្លំយកបានទាំងលុយ បន្លំប្ដូរបានទាំងគ្រឿងមាសសុទ្ធរបស់ខ្លួនមកវិញ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/6e470b1d733327caea70c0392dd97a24.jpg)
ប្រភពបានបញ្ជាក់ថា ក្រោយពីស្ត្រីដៃឆើតគេចខ្លួនបាត់ ជនរងគ្រោះក៏បានពិនិត្យមើលគ្រឿងអលង្ការនោះម្ដងទៀតទើបដឹងថា ជាមាសកាឡៃធ្វើឲ្យមានការផ្អើលឆោឡោពេញផ្សារក្រោយដឹងថា ស្ត្រីម្នាក់នោះជា«ចោរ» ។ ប៉ុន្តែគ្រប់សកម្មភាពចោរស្រីចោរវ័យចំណាស់នេះ បានថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្នុងផ្សារ ។ លោក ស គឹមឡុង អធិការស្រុកមោងប្ញស្សីមិនអាចទំនាក់ទំនង សុំការបំភ្លឺបានទេ ជុំវិញករណីនេះគិតត្រឹមម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៣ កុម្ភៈ ។ជាទម្លាប់លោកអធិការរូបនេះ មិនងាយទាក់ទងទេ នៅពេលរឿងអ្វីកើតឡើងម្ដងៗនៅក្នុងទឹកដីខ្លួន។ នេះបើតាមមន្ត្រីដូចគ្នានិយាយប្រាប់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/077336eb25a1d6493c2057fde4ca7c7d.jpg)
ដោយឡែក ករណីទី២ដែលទំនងខុសម៉ោងគ្នាបន្តិចបន្តួចប៉ុណ្ណោះ ស្រាប់តែមានសេចក្ដីរាយការណ៍ថា ចោរស្រីវ័យស្របាលៗគ្នាម្នាក់ទៀត បានប្រើល្បិចកលប្រហាក់ប្រហែលគ្នា ដើរចូលទៅកាន់តូបលក់គ្រឿងអលង្ការមួយកន្លែងនៅក្នុង «ផ្សារថ្មគោល» ស្ថិតក្នុងស្រុកថ្មគោល ។
ស្ត្រីរូបនេះបានយកគ្រឿងមាសទៅលក់ (មាសសុទ្ធ) ឲ្យជនរងគ្រោះ ពង្វីពង្វក់ឲ្យជនរងគ្រោះវិលក្បុង រួចយកគ្រឿងកាឡៃទៅបន្លំប្ដូរយកគ្រឿងមាសសុទ្ធរបស់ខ្លួនមកទៅវិញដូចគ្នា ខណៈដែលជនរងគ្រោះមិនបានចាប់អារម្មណ៍អ្វីទាំងអស់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/1ff8220f3aacdbe0a5644791437137bd.jpg)
អធិការស្រុកថ្មគោល លោក សេង លុច បានប្រាប់តាមទូរស័ព្ទថា ពិតជាមានអំពើ«ចោរកម្ម» បែបនេះកើតឡើង នៅ«ផ្សារថ្មគោល» មែន ។ លោកអធិការបានប្រាប់ថា ចោរស្រីវ័យចំណាស់នោះ ពាក់មួកនិងពាក់ម៉ាស់ ។ សកម្មភាពជនសង្ស័យបានប្រើល្បិចយកមាសទៅលក់ លុះបានលុយដល់ដៃ ជននេះ ប្រើល្បិចសុំជនរងគ្រោះមើលគ្រឿងអលង្ការរបស់ខ្លួនម្ដងទៀត ក៏ឆក់ឱកាសបន្តំប្ដូរជាមួយគ្រឿងកាឡៃស្របពេលជនរងគ្រោះមិនបានចាប់អារម្មណ៍ ។
ក្រោយប្ដូររួចជនសង្ស័យក៏គេចខ្លួនបាត់ បន្តិចក្រោយមកជនរងគ្រោះក៏ផ្អើលឆោឡោឡើង ក្រោយពីដឹងថា ចាញ់ល្បិចចោរស្រីនោះ ។ ប៉ុន្តែលោកអធិការមិនបានបញ្ជាក់ថា តើជបរងគ្រោះបាត់បង់លុយអស់ប៉ុន្មាននោះទេ?
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/37332f0f2dd7a4552cf168c4be6739d4.jpg)
ពាក់ព័ន្ធនឹងប្រវត្តិចោរស្រីជើងចាស់ ដែលជាមុខសញ្ញាដដែលៗ «បុកទូមាស» នៅស្រុកមោងប្ញស្សី ឯណោះវិញ ។ បើតាមប្រភពពីអាជីវករលក់ដូរនៅ «ផ្សារមោងប្ញស្សី»បានទម្លាយឲយដឹងថា«ចោរស្រីម្នាក់នេះ ជាមុខសញ្ញាដដែលៗដែលតែងធ្វើសកម្មភាពទុច្ចរិតតាមទូរមាស» ។
ប្រភពបាននិយាយថា កាលពីអំឡុងខែ១២ ចុងឆ្នាំ២០២៤កន្លងទៅ ចោរស្រីដៃឆើតម្នាក់នេះ បានយកចិញ្ចៀនកាឡៃទៅលក់នៅតូបលក់គ្រឿងអលង្ការមួយកន្លែងផ្សេងទៀត នៅក្នុងផ្សារមោងប្ញស្សីនេះដែរ ។ កាលនោះ ម្ចាស់តូបបានទិញយកចិញ្ចៀនកាឡៃចោរស្រីនេះ ដោយមិនបានពិនិត្យល្អិតល្អន់ទេ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/6e470b1d733327caea70c0392dd97a24-1.jpg)
ប៉ុន្តែបើតាមប្រភពដដែលបានបញ្ជាក់ថា ក្រោយចោរស្រីនេះលក់បានលុយដល់ដៃ និងបានចេញផុតបន្តិច ស្រាប់តែម្ចាស់តូបពិនិត្យម្ដងទៀត ទើបដឹងថា ជាចិញ្ចៀនកាឡៃ ហើយក៏ដេញតាមរហូតចាប់បានចោរស្រីនោះ ខណៈពេលចោរស្រីដៃឆើតនេះ កំពុងប្ដូរអាវនៅក្នុងផ្សារ ។
ការតាមចាប់បានចោរស្រីដៃឆើតភ្លាមៗខាងលើនេះ បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា កាលពីគេមិនបានបញ្ជូនទៅឲ្យសមត្ថកិច្ច ឬប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ទេ ជនរងគ្រោះគ្រាន់តែដកហូតយកលុយវិញ ហើយក៏ដោះលែងចោរស្រីនោះឲ្យរស់នៅក្រៅសំណាញ់ច្បាប់ រហូតមកដល់ពេលនេះ ចោរស្រីរូបនេះចេញធ្វើសកម្មភាពនៅ «ផ្សារមោងប្ញស្សី» បានចម្រេចជាថ្មីទៀត ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/523db23a45bbb4bae7bc9bc45422c262-1.jpg)
មូលហេតុដែលអាជីវករចាប់បានចោរស្រីដៃឆើតម្នាក់នេះហើយ មិនបានប្ដឹងឬបញ្ជូនទៅឲ្យសមត្ថកិច្ច ក៏ព្រោះតែធ្លាប់ប្ដឹងសមត្ថកិច្ចម្ដងជាពីរដងកន្លងមកហើយ ក្រោយពីគេប្រទះឃើញមុខសញ្ញានេះដើរចូលក្នុងផ្សារ តែពុំដែលឃើញសមត្ថកិច្ចចេញកម្លាំងជួយអន្តរាគមន៍ម្ដងណាទេ ។ នេះបើតាមព័ត៌មាននានា ដែលកោះសន្តិភាពទទួលបានតាមរយៈអាជីវករលក់ដូរក្នុង «ផ្សារមោងប្ញស្សី» មួយចំនួន នៅព្រឹកថ្ងៃទី ១៣ កុម្ភៈ ។
មិនតែប៉ុណ្ណោះ បើតាមប្រភពពីអាជីវករដដែលបានប្រាប់ថា ពេលមានអំពើ«ចោរកម្ម»កើតឡើងនៅក្នុងផ្សារម្ដងៗសមត្ថកិច្ចតែងតែគំរាមកំហែងបិទមិនឲ្យជនរងគ្រោះ ឬអាជីវករនានាថតបង្ហោះតាមបណ្ដាញសង្គម ឬផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មានទេ ។ ហើយបើមានបង្ហោះតាមបណ្ដាញសង្គម បើសមត្ថកិច្ចដឹងគេគំរាមកំហែងឲ្យលុបចេញភ្លាម ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/3999c3e790e09c068be1ad1ddf456277-1.jpg)
ពោល គឺមានតែលាក់បិទបាំងតែប៉ុណ្ណោះ ។ ដូច្នេះហើយ ទើបពេលមានអំពើចោរកម្មកើតឡើង ឬពេលចាប់បានជសង្ស័យអាជីវករមិនរាយការណ៍ ឬប្ដឹងទៅសមត្ថកិច្ច ព្រោះខ្លាច….. រហូតលែងហ៊ានសហការជាមួយសមត្ថកិច្ច ។
ជុំវិញអំពើ «ចោរកម្ម» ដែលមានរូបភាពប្រហាក់ប្រហែលគ្នាទាំង០២ករណី បង្កដោយចោរស្រីៗខាងលើនេះ លោកដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង បានមានប្រសាសន៍ថា លោកបានទទូលសេចក្ដីរាយការណ៍អំពីករណីចោរស្រីបន្លំលួចលុយតាមទូរមាសទាំង០២កន្លែងខាងលើនេះហើយ តែលោកមិនធ្លាប់ទទូលបានរបាយការណ៍អំពី «អាជីករចាប់ចោរស្រីនេះបាន ហើយព្រលែងវិញ មិនបានប្រគល់ទៅឲ្យសមត្ថកិច្ចនោះទេ» ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/1ff8220f3aacdbe0a5644791437137bd-1.jpg)
លោកស្នងការបានប្រាប់ថា ចំពោះករណីចោរស្រីបន្លំលួចលុយតាមទូមាសទាំង០២ករណីខាងលើនេះ យើងកំណត់មុខសញ្ញាបានអស់ហើយ និងកំពុងសហការជាមួយបណ្ដាខេត្តផ្សេងៗ ដែលជាប់ពាក់ព័ន្ធនៅក្នងរឿងនេះ ។ លោកស្នងការបានបញ្ជាក់ថា បើតាមការស៊ើបអង្កេតជំហានដំបូង មុខសញ្ញាបុកទូមាសនៅស្រុកមោងប្ញស្សី និងស្រុកថ្មគោល គឺជាមុខសញ្ញាតែមួយ ។
ដោយឡែក ពាក់ព័ន្ធនឹងករណីដែលអាជីវករផ្សារមោងប្ញស្សីធ្លាប់ចាប់បានចោរស្រីខាងលើនេះ ហើយដោះលែងវិញមិនប្ដឹងទៅសមត្ថកិច្ច លោកចាត់ឲ្យមន្ត្រីជំនាញចុះស្រាវជ្រាវ និងធ្វើការស៊ើបអង្កេតឡើងវិញ តើវាជារឿងពិតឬបែបណា ?៕
ចែករំលែកព័តមាននេះ