សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យតម្លៃទំនិញប្រចាំខែរបស់ខ្លួន ដោយបង្ហាញថាការចំណាយជាមធ្យមលើស៊ុត (ពងមាន់) ប្រភេទលេខ១ ឬប្រភេទ A តម្លៃកើនឡើងខ្ពស់បំផុតបំបែកកំណត់ត្រា។
ប្រភពពីទីភ្នាក់ងារសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃស៊ុតបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ខណៈសហរដ្ឋអាមេរិកប្រឈមនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីដែលកំពុងបន្ត។ ពលរដ្ឋអាមេរិកកំពុងតែរអ៊ូរទាំ និងមិនសប្បាយខ្លាំងជាមួយតួលេខរដ្ឋាភិបាល ដែលចេញផ្សាយកាលពីថ្ងៃពុធ ដើម្បីប្រាប់ពួកគេថា ស៊ុតមានតម្លៃថ្លៃខ្លាំង និងពិបាករកទិញនៅពេលណាមួយ។
ទន្និន័យតម្លៃទំនិញប្រចាំខែចុងក្រោយបង្អស់បានបង្ហាញថា តម្លៃជាមធ្យមសម្រាប់ស៊ុតប្រភេទលេខ១ នៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិកបានឡើងដល់ ៤.៩៥ដុល្លារក្នុងមួយឡូត៍ក្នុងខែមករា ដោយបានបំបែកកំណត់ត្រាចាស់ ៤.៨២ដុល្លារក្នុងមួយឡូត៍ ដែលបានកត់ត្រាកាលពីពីរឆ្នាំមុន និងច្រើនជាងពីរដងនៃកម្រិតទាប ២.០៤ដុល្លារក្នុងមួយឡូត៍ ដែលបានកត់ត្រាក្នុងខែសីហា ឆ្នាំ ២០២៣។
នោះគ្រាន់តែជាមធ្យមភាគនៅទូទាំងសហរដ្ឋអាមេរិកប៉ុណ្ណោះ ខណៈតម្លៃស៊ុតមួយឡូត៍អាចឡើងដល់១០ដុល្លារឯណោះ ឬច្រើនជាងនេះនៅកន្លែងខ្លះ។ រីឯស៊ុតពូជឯកទេសទៀតសោតដូចជា ស៊ុតសរីរាង្គជាដើម អាចមានតម្លៃថ្លៃជាង។ តួលេខថ្មីៗនេះបង្ហាញថា គឺជាការកើនឡើងតម្លៃដ៏ខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងខ្លាំង នៃជំងឺផ្តាសាយបក្សីចុងក្រោយរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៥។
ការកើនឡើងតម្លៃស៊ុតកើតចេញពីជំងឺផ្តាសាយបក្សី ឬ H5N1 ដោយបានជះឥទ្ធិពលដ៏អាក្រក់លើបណ្តាកសិដ្ឋានចិញ្ចឹមក្នុងរដូវរងានេះ។ ការកើនឡើងតម្លៃគួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងបន្ទាប់ពីការវិវឌ្ឍទម្រង់ថ្មី នៃជំងឺផ្តាសាយបក្សីលេចឡើងក្នុងសត្វស្លាបព្រៃផ្លាស់ទីជម្រក កាលពីខែកញ្ញា ឆ្នាំ២០២៤ ហើយបានចម្លងបន្តទៅសត្វស្លាបស្រុក។ លោក David Swayne អ្នកជំនាញផ្នែកជំងឺផ្តាសាយបក្សី និងជាអ្នកប្រឹក្សាឯកជនបម្រើការនៅក្នុងក្រសួងកសិកម្មអាមេរិកអស់រយៈពេលជិត៣០ឆ្នាំមកហើយនោះ បានគូសបញ្ជាក់ថា «បញ្ហាចម្បងគឺការលេចឡើងទម្រង់ថ្មី D1.1 ដោយឆ្លងរីករាលដាលយ៉ាងលឿនក្នុងចំណោមសត្វស្លាបនៅអាមេរិកខាងជើង។ ទម្រង់ D1.1 មិនត្រឹមតែឆ្លងក្នុងចំណោមសត្វស្លាបប៉ុណ្ណោះទេ ថែមទាំងឆ្លងដល់មនុស្ស និងសត្វគោទៀតផង។
តម្លៃស៊ុតមិនត្រូវបានរំពឹងទុកថាធ្លាក់ចុះវិញក្នុងពេលឆាប់ៗនេះទេ។ តម្លៃជាធម្មតាកើនឡើងនៅជិតថ្ងៃបុណ្យ Easter ដោយសារតែតម្រូវការថ្ងៃឈប់សម្រាកខ្ពស់។ ក្រសួងកសិកម្មអាមេរិកបានព្យាករណ៍កាលពីខែមុនថា តម្លៃស៊ុតទំនងនឹងកើនឡើង ២០% នៅឆ្នាំនេះ ហើយបើទោះបីជាអ្នកមានលទ្ធភាពទិញស៊ុតក្នុងតម្លៃថ្លៃបែបនេះក៏ដោយ ក៏ពេលខ្លះមិនប្រាកដថា អ្នកអាចរកទិញបានដោយងាយស្រួលនោះទេ។ អ្នកលក់មួយចំនួនមានបញ្ហាក្នុងការស្តុកស៊ុតទុកលក់ក្នុងហាងរបស់ខ្លួន ហើយអតិថិជនកំពុងតែជួបប្រទះការគិតថ្លៃបន្ថែម និងការកំណត់ចំនួនទិញក្នុងពេលតែមួយ។
ការរីករាលដាលខ្លាំងនៃជំងឺផ្តាសាយបក្សី បានបង្ខំកសិដ្ឋានចិញ្ចឹមមាន់ជាច្រើន សម្លាប់សត្វមាន់រាប់រយលានក្បាល ចាប់តាំងពីការផ្ទុះឡើងជំងឺផ្តាសាយបក្សីបានចាប់ផ្តើម។ អំឡុងពេលការផ្ទុះឡើងក្នុងកសិដ្ឋាន ជារឿយៗម្ចាស់កសិដ្ឋានត្រូវចំណាយប្រាក់ ក៏ដូចជាពេលច្រើនខែ ដើម្បីបោះចោលសំណល់គ្រោងឆ្អឹង ការធ្វើអនាម័យកសិដ្ឋាន និងចិញ្ចឹមមាន់ថ្មី រហូតទាល់តែវាធំល្មមចាប់ផ្តើមញ៉ាស់ពង ដូច្នេះផលប៉ះពាល់នៅតែបន្តកើតមាន។
ករណីជំងឺផ្តាសាយបក្សីតែងតែកើនឡើងនៅនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ នៅពេល សត្វស្លាបព្រៃផ្លាស់ជម្រក ព្រោះវាជាប្រភពចម្លងចម្បង ប៉ុន្តែករណីអាចលេចឡើងខុសៗគ្នាគ្រប់ពេលវេលានៃឆ្នាំនីមួយៗ។ មេរោគក៏បានចម្លងរីករាលដាលដល់សត្វពាហនៈ និងប្រភេទសត្វដទៃទៀត ព្រមទាំងមនុស្សរាប់សិបនាក់ផងដែរ ដែលភាគច្រើនជាម្ចាស់កសិដ្ឋានមើលថែសត្វឈឺ ប៉ុន្តែមន្ត្រីសុខាភិបាលអាមេរិកបានអះអាងថា ការគំរាមកំហែងដល់សុខភាពមនុស្សនៅមានកម្រិតទាប ហើយស៊ុត និងបសុបក្សីមានសុវត្ថិភាពនៅក្នុងការបរិភោគ ដោយសារតែសត្វឈឺមិនត្រូវបានអនុញ្ញាតសម្រាប់ការផ្គត់ផ្គង់អាហារឡើយ។ លើសពីនេះទៀត ការចម្អិនសាច់ និងស៊ុតឱ្យឆ្អិនបានត្រឹមត្រូវ។
ក្រៅអំពីបញ្ហាប្រឈមនៃជំងឺផ្តាសាយបក្សី ម្ចាស់កសិដ្ឋានក៏ប្រឈមមុខនឹងតម្លៃចំណី ថ្លៃសាំង និងកម្លាំងពលកម្មខ្ពស់នាពេលបច្ចុប្បន្ននេះ ដោយសារអតិផរណា។ លើសពីនេះ ពួកគេត្រូវចំណាយប្រាក់បន្ថែមលើវិធានការពារជីវសុវត្ថិភាព ដើម្បីព្យាយាមការពាសត្វចិញ្ចឹមរបស់ពួកគេ។
គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិកបានបង្ហាញថា ហានិភ័យសុខភាពសាធារណៈបច្ចុប្បន្នមានកម្រិតទាបនៅឡើយ ហើយយ៉ាងហោចមនុស្ស៦៨នាក់ ដែលត្រូវបានរកឃើញឆ្លងជំងឺផ្តាសាយបក្សី នៅក្នុងរដ្ឋចំនួន ១១ ជាមួយនឹងករណីស្លាប់ម្នាក់៕ ដកស្រង់ ៖ AP, Reutersនិង Think Global Health
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/f3c999d907bed2999b8c10aaa9061c68-scaled.webp)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/993d4e6cf815fbdd3a58be378f96965b.jpg)
ចែករំលែកព័តមាននេះ