រឿងយុវជនម្នាក់ចេញមុខមកនិយាយថា ខ្លួនជាស្តេចចម្រៀង ស៊ិន ស៊ីសាមុត ចាប់ជាតិរស់ឡើងវិញនោះបាននាំអោយមានការពិភាក្សាយ៉ាងក្តៅគគុកនៅក្នុងបណ្តាញសង្គមជុំវិញរឿងដែលថា តើមនុស្សស្លា.ប់ហើយពិតជាអាចចាប់ជាតិវិញឬយ៉ាងណា? ការដែលមនុស្សស្លា.ប់ហើយបានចាប់ជាតិឡើងវិញរហូតដល់មានអ្នកខ្លះចាំជាតិ គឺជាជំនឿដែលមាននៅក្នុងសាសនា និងប្រពៃណីខាងវិញ្ញាណជាច្រើន ដូចជា…
រឿងយុវជនម្នាក់ចេញមុខមកនិយាយថា ខ្លួនជាស្តេចចម្រៀង ស៊ិន ស៊ីសាមុត ចាប់ជាតិរស់ឡើងវិញនោះបាននាំអោយមានការពិភាក្សាយ៉ាងក្តៅគគុកនៅក្នុងបណ្តាញសង្គមជុំវិញរឿងដែលថា តើមនុស្សស្លា.ប់ហើយពិតជាអាចចាប់ជាតិវិញឬយ៉ាងណា?
ការដែលមនុស្សស្លា.ប់ហើយបានចាប់ជាតិឡើងវិញរហូតដល់មានអ្នកខ្លះចាំជាតិ គឺជាជំនឿដែលមាននៅក្នុងសាសនា និងប្រពៃណីខាងវិញ្ញាណជាច្រើន ដូចជា ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាជាដើម ។ ប៉ុន្តែមកដល់ពេលនេះ វាគ្មានអំណះអំណាងណាមួយច្បាស់លាស់ចំពោះការអះអាងបែបនេះ ហើយក៏គ្មានសក្ខីកម្មខាងវិទ្យាសាស្ត្រដែលបង្ហាញការគិតបែបនេះខុសដែរ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c8fffb9e58cba6d2d399b5a184b1ca60.jpg)
នៅក្នុងស្ថានភាពបែបនេះហើយ ដែលនាំឲ្យបុគ្គលមួយចំនួនអាចឆ្លៀតឱកាស ពីព្រោះតែមានចេតនាកែច្នៃនូវចំណុចនេះ ដើម្បីហេតុផល និងបម្រើឲ្យគោលបំណងណាមួយរបស់ពួកគេ ។ រឿងមនុស្សស្លា.ប់ទៅហើយចាប់កំណើតឡើងវិញ រួចចាំជាតិនេះមិនមែនជារឿងថ្មីនៅកម្ពុជានោះទេ រឿងនេះមានជាច្រើនករណីរួចមកហើយកន្លងមក ហើយថ្មីៗនេះក៏ផ្ទុះករណីនេះឡើងនៅលើបណ្តាញសង្គម ។ រឿងនេះ គឺពាក់ព័ន្ធនឹងការអះអាងរបស់យុវជនម្នាក់ ដែលមានឈ្មោះថា ពេជ ពិសិដ្ឋ ដែលបានតាំងខ្លួនជា លោកអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចាប់ជាតិ ។
ក្រោយពេលដែលពេជ ពិសិដ្ឋ ចែកចាយព័ត៌មាននេះនៅលើបណ្តាញសង្គម ក៏មានអ្នកចាប់អារម្មណ៍ ហើយបញ្ចេញយោបល់ និងទស្សនៈផ្សេងៗគ្នាជាច្រើន រហូតអ្នកខ្លះក៏ជឿហើយក៏ចែករំលែកបន្ត ហើយក៏មានអ្នកដែលឆ្លៀតឱកាសក៏យកអំណះអំណាងនេះទៅបង្កើតវីដេអូទៅបង្ហោះបន្ថែមបទអត្ថាធិប្បាយ តាមការយល់ឃើញរបស់គេរៀងៗខ្លួនតាមចេតនាអារម្មណ៍ និងគោលដៅផ្សេងៗគ្នាជាច្រើន ។ រឿងនេះមានអ្នកដែលចាប់អារម្មណ៍ជាច្រើននាក់ទាំងពលរដ្ឋនៅក្នុងប្រទេស និងក្រៅប្រទេសហើយក៏មានអ្នករិះគន់ឡើងរហូតក៏កើតមានទៅជាការឡាយវីដេអូរិះគន់វា.យប្រហារគ្នាទៅវិញទៅមករហូតដល់ទៅកើតជារឿងរ៉ាវខាងផ្លូវច្បាប់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/6f920f0ff400a87c60917a3036caa59e.jpg)
ក្រោយពេលដែលរឿងនេះបានផ្ទុះឡើង ពេជ ពិសិដ្ឋ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមួយរយៈខ្លី ក្រោយពេលដែលខ្លួនបានប្រើប្រាស់បណ្តាញសង្គមវាយបកអ្នករិះគន់រហូតក្លាយជាបាតុភាពប្រមាថញុះញង់ការរើសអើង និងប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាធារណៈ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចក៏បានដោះលែងវិញ ។
ក្រោយឃាត់ខ្លួនពេជ ពិសិដ្ឋបាន ទទួលស្គាល់កំហុស ហើយសាម៉ីខ្លួនក៏បានសារភាពពីអំពីល្មើសច្បាប់នេះ ហើយបានសន្យាកែខ្លួន ។ ក្រោយពេលទទួលស្គាល់អាជ្ញាធរក៏បានសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញបាន ។ នៅក្នុងករណីនេះ សមត្ថកិច្ចមិនបានចាប់ខ្លួន ពេជ ពិសិដ្ឋ ដោយសារតែគេអះអាងថា ជា ស៊ីន ស៊ីសាមុត ចាប់ជាតិនោះទេ ប៉ុន្តែការចាប់ខ្លួននេះដោយសារតែបទល្មើសពាក់ព័ន្ធនឹងការប្រមាថថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាធារណៈប៉ុណ្ណោះ ។
រឿងកើតហើយស្លា.ប់ចាប់ជាតិមិនមែនជារឿងច្បាប់ទេ តែជារឿងជំនឿ សីលធម៌ និងមនៈសិកាខ្លួនឯងប៉ុណ្ណោះ ដែលដឹងការពិត ដោយសារតែពេលនេះវា គឺជារឿងដែលមិនមានភស្តុតាងពិតប្រាកដឡើយ ។ ពាក់ព័ន្ធនឹងរឿងនេះ លោក សាន សុជា បានមានប្រសាសន៍កាលពេលដែលលោកនៅជាព្រះសង្ឃថា តាមព្រះពុទ្ធសាសនា មនុស្សពិតជាស្លា.ប់ហើយចាប់កំណើតឡើងវិញ ហើយក៏អាចមានបុគ្គលដែលដឹងជាតិមែន គ្រាន់តែការដឹងនោះមិនមែនធម្មជាតិអនុញ្ញាតឲ្យចេះតែដឹងនោះទេ វាមានដែនកំណត់របស់វា ។
ពាក់ព័ន្ធនឹងរឿងនេះតាមទស្សនៈវិទ្យាសាស្ត្រ គ្មានភស្តុតាងជាក់ស្តែងណាមួយដើម្បីគាំទ្រទស្សនៈអំពីការស្លា.ប់ហើយអាចចាប់កំណើតឡើងវិញនោះទេ ។ ប៉ុន្តែអ្នកស្រាវជ្រាវមួយចំនួនដូចជា លោកបណ្ឌិត អៀន ស្តេរវេនសុន( Ian Stevenson) បានសិក្សាករណីកុមារតូចៗដែលអះអាងថា ចងចាំជីវិតពីអតីតកាល ដោយរាយការណ៍ពីព័ត៌មានលម្អិតដែលជួនកាលស្របនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតដែលនាំមកនៅភាពចម្រូងចម្រាសនៃអំណះអំណាងនេះ ប៉ុន្តែវានៅតែគេមិនទទួលយកជាភស្តុតាងនៃអំណះអំណាងថា រឿងស្លា.ប់ហើយកើតវិញ និងរឿងដឹងជាតិនេះឡើយ ។
សរុបមកវិញ ការដែលមាននរណាម្នាក់អះអាងថា ស្លា.ប់ហើយកើតឡើងវិញ ជារឿងពិតប្រាកដ ឬអត់ គឺអាស្រ័យលើជំនឿផ្ទាល់ខ្លួនទស្សនៈសាសនា និងការបកស្រាយតាមអំណះអំណាងជាក់ស្តែង ព្រមទាំងមនសិការរបស់មនុស្សម្នាក់ៗ ។ បញ្ហានេះវាអាចពិត ឬមិនពិត អាស្រ័យតាមសុភវិនិច្ឆ័យរបស់យើងទាំងអស់គ្នា អ្នកខ្លះអាចជឿថា វា គឺជារឿងពិតដោយសារតែវា គឺជារឿងដែលពួកគេអាចយកមកលួងលោមចិត្តខ្លួនឯងចំពោះបុគ្គលដែលស្លា.ប់ប៉ុណ្ណោះ ។ រឿងដឹងជាតិនេះអាចចាត់ទុកបានថា គឺជារឿងទេវកថា ហើយយើងក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ពីព្រោះអាចមានបុគ្គលដែលប្រើប្រាស់រឿងនេះ ដើម្បីហេតុផលឬក៏ចេតនាណាមួយ ៕
ចែករំលែកព័តមាននេះ