ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកបញ្ជាក់ថារដ្ឋាភិបាលរបស់លោកនឹងមិនបញ្ជូនកងទ័ពទៅធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនទេ។ នៅបាំងតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សង្គ្រាមនេះនឹងឈានដល់រយៈពេលបីឆ្នាំហើយ ហើយមិនទាន់ដឹងថានឹងបិទបញ្ចប់នៅពេលណាទេ។ ប្រមុខការពារជាតិអាមេរិក លោកភីធី ហេកសិត (Pete Hegseth) ថ្លែងពីទីក្រុងស្ទូតហ្កាត (Stuttgart) ប្រទេសអាល្លឺម៉ង់ជាទីដែលលោកជួបប្រជុំជាមួយមន្ត្រីសន្តិសុខជាតិអឺរ៉ុបដើម្បីពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន។
បន្ទាប់ពីនេះ លោកនឹងបន្តដំណើរទៅចូលរួមកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិច ដើម្បីជួបបណ្ដារដ្ឋមន្ត្រីការពារជាតិនៃរដ្ឋជាសមាជិកអង្គការណាតូ និងក្រុមការងាររបស់អ៊ុយក្រែនទទួលបន្ទុកខាងកិច្ចការការពារជាតិ។ តាមគម្រោង លោកនឹងជជែកគ្នាអំពីការជំរុញឱ្យរដ្ឋជាសមាជិកណាតូចូលរួមប្រាក់វិភាគទានឱ្យបានច្រើនថែមទៀតចូលទៅក្នុងកញ្ចប់ថវិការបស់ណាតូ។ លុះត្រាតែមានលុយច្រើនទើបវិស័យការពារជាតិកាន់តែរឹងមាំ។
លោកហេកសិតថ្លែងថាសង្គ្រាមអ៊ុយក្រែនអាចនឹងមានច្រកចេញ ហើយអាចនឹងមានកិច្ចព្រមព្រៀងសន្តិភាពនាពេលឆាប់ៗនេះស្របទៅតាមការប្រមើលមើលរបស់លោកត្រាំ។ ចំពោះខ្ទង់ចំណាយរបស់អង្គការណាតូ លោកហេកសិតថ្លែងថាអាមេរិកបានរ៉ាប់រងចំណាយលើសពីអ្វីដែលខ្លួនត្រូវចំណាយកាលពីជំនាន់លោកបៃដិនកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ចំពោះសំណួរថាតតើអាមេរិកគួរចំណាយ៥%នៃជីឌីភី (GDP) របស់ខ្លួនទៅលើវិស័យការពារជាតិ ឬយ៉ាងណា? លោកហេកសិតតបថាជាកម្រិតអប្បបរមា យើងមិនគួរចំណាយក្រោម៣%ទេ។ ចំពោះសន្តិសុខនៅតាមព្រំដែនវិញ លោកហេកសិតថ្លែងថាអ្វីដែលជាបញ្ហាប្រឈមធំបំផុតនោះគឺការខិតខំការពារសន្តិសុខព្រំដែន។ ដូចបានឃើញស្រាប់ យើងបានចាត់វិធានការជាបន្ទាន់។ ប្រទេសមួយដែលគ្មានព្រំដែនមិនអាចចាត់ទុកថាជាប្រទេសបានឡើយ។
ចំពោះសំណួរថាតើអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅអឺរ៉ុបទេដើម្បីយកមកទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅតំបន់ប៉ាស៊ីហ្វិចវិញ។ លោកហេកសិតថាសម្រាប់ពេលនេះ រដ្ឋាភិបាលរបស់លោកមិនទាន់មានផែនការកាត់បន្ថយអ្វីទេ។ ប៉ុន្តែលោកចង់សំណូមពរឱ្យអឺរ៉ុបចូលរួមប្រាក់វិភាគទានបន្ថែមទៀតដើម្បីពង្រឹងសេវាការពារជាតិឱ្យកាន់តែប្រសើរ។
លោកយល់ថាទ្វីបអឺរ៉ុបគួរណាស់ជាទឹកដីសេរី និងគ្មានការឈ្លានពានពីប្រទេសដទៃ។ ប៉ុន្តែទ្វីបនេះគួរណាស់ហ៊ានចំណាយលុយឱ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីការរស់នៅដោយសុខសាន្តរបស់ប្រជាជន និងប្រទេសជាតិ។ លោកហេកសិតថ្លែងថាលោកកំពុងធ្វើការជាមួយសភាអាមេរិកដើម្បីបង្កើនខ្ទង់ចំណាយលើវិស័យការពារជាតិបន្ថែមទៀត។
លោកក៏គ្មានអ្វីត្រូវខ្វាយខ្វល់ចំពោះការត្រួតពិនិត្យថវិកាពីសំណាក់គណៈកម្មការស៊ើបអង្កេតរបស់អ៊ីឡនម៉ាស់ដើម្បីចាត់ការទៅលើការប្រើប្រាស់ថវិកាខ្ជះខ្ជាយខុសគោលដៅ និងការកេងបន្លំនៅក្នុងក្រសួងការពារជាតិ។ លោកបន្តទំនាក់ទំនងជាមួយលោកម៉ាស់ និងជឿទុកចិត្តថាការងារស្រាវជ្រាវនេះអាចនឹងជួយកាត់បន្ថយការចំណាយខ្ជះខ្ជាយរាប់ពាន់លានដុល្លារ៕
ចែករំលែកព័តមាននេះ