ទីក្រុងយេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ព្រមានដើរចេញពីកិច្ចព្រមព្រៀងនៃបទឈប់បាញ់បើក្រុមហាម៉ាស់មិនដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់នៅថ្ងៃសៅរ៍សប្ដាហ៍នេះទេ។ នៅក្នុងន័យនេះបើគេបកស្រាយមិនច្រឡំទេ សង្គ្រាមនឹងផ្ទុះឡើងសាជាថ្មីនៅតំបន់ហ្កាហ្សា។ ជនស៊ីវិលប៉ាឡេស្ទីននឹងរងទុក្ខ និងអត់អាហារជាបន្តទៀត។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/b6ef3282ac3fa23610bdb6395e18ba20.jpg)
កាលពីយប់មិញ លោកណឺតាន់យ៉ាហ៊ូបញ្ជាក់ម៉ាត់ៗថាលោកមិននិយាយច្រើនទេ ដាច់ខាតត្រូវតែដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍ទោះបីស្លាប់ក៏ដោយ រស់ក៏ដោយ។ បើមិនអីចឹងទេប្រុងខ្លួនឱ្យហើយទៅ។ លោកថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំក៏ចេញសេចក្ដីព្រមានដូចគ្នានេះដែរកាលពីមួយថ្ងៃមុន។ លោកទាំង២ទើបតែជួបគ្នានៅសេតវិមានកាលពីសប្ដាហ៍មុន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/fc45ef8dd018141f9f48bb3e0c875614.jpg)
នៅក្នុងកិច្ចជំនួបនោះ គេដឹងថាប្រទេសទាំង២បានពិនិត្យមើលទៅលើស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។ ជាពិសេសបទឈប់បាញ់នៅហ្កាហ្សា, ការដាក់ទំនាក់ទំនងការទូតជាប្រក្រតីរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត និងការរៀបយុទ្ធសាស្ត្រទប់ទល់នឹងមហិច្ឆតារបស់ប្រទេសអ៊ីរ៉ង់ដែលចង់ផលិតគ្រាប់បែកនុយក្លេអ៊ែរ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/1cdb856a86ef695d58ab35566f7f9b93.jpg)
លោកណឺតាន់យ៉ាហ៊ូបញ្ជាក់ថាអ្វីដែលលោកបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីគឺថា «បើហាម៉ាស់មិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍ទេមានន័យថាបទឈប់បាញ់ត្រូវចាត់តែបញ្ចប់ត្រឹមហ្នឹង។ ទាហានអ៊ីស្រាអែលនឹងវាយប្រហារទៅលើទីតាំងរបស់ហាម៉ាស់ជាបន្តទៀតរហូតដល់ពួកគេបរាជ័យទាំងស្រុង»។ ការថ្លែងរបស់លោកណឺតាន់យ៉ាហ៊ូបន្ទាប់ពីក្រុមហាម៉ាស់ប្រកាសថាខ្លួនមិនអាចដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍ទេ ហើយខ្លួនត្រូវតែពន្យារពេលទៅថ្ងៃក្រោយទៀត។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/a14d60e3f9cc18482fd5ef06df84ab6f.jpg)
ហាម៉ាស់ចោទប្រកាន់ថាអ៊ីស្រាអែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃបទឈប់បាញ់ទេ។ តបតាមស្មារតីនៃបទឈប់បាញ់កាលពីខែមករា ហាម៉ាស់ដោះលែងចំណាប់ខ្មាំង២១នាក់។ ជាថ្នូរត្រឡប់ទៅវិញ អ៊ីស្រាអែលដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនរាប់រយនាក់។ គេទទួលដំណឹងថាលោកណឺតាន់យ៉ាហ៊ូបានបញ្ជាឱ្យទាហានអ៊ីស្រាអែលដាក់ពង្រាយបន្ថែមពីលើទាហានដែលមានស្រាប់នៅជ្រោយហ្កាហ្សា និងទីតាំងក្បែរៗនោះតាំងពីព្រឹកថ្ងៃអង្គារដើម្បីជាការរៀបជើងព្រួលទុកមុន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c407a0dd1ee6cec74ce969955d6013b3.jpg)
បើថ្ងៃសៅរ៍នេះនៅតែមិនឃើញចំណាប់ខ្មាំងត្រឡប់មកវិញទេពួកគេអាចនឹងចាប់ផ្ដើមវាយប្រហារតែម្ដង។ កាលពីមុននេះ លោកត្រាំប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះអ្វីដែលលោកណឺតាន់យ៉ាហ៊ូទាមទារឱ្យដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់នៅថ្ងៃសៅរ៍។ មានន័យថាមិនទទួលយកតទៅទៀតទេនូវការដោះលែងម្ដងបន្តិចៗដូចកាលពីមុន។ លោកត្រាំថែមទាំងនិយាយពន្យុះឱ្យអ៊ីស្រាអែលលុបចោលបទឈប់បាញ់បើចំណាប់ខ្មាំងមិនវិលមកវិញគ្រប់ចំនួនទេ៕
ចែករំលែកព័តមាននេះ