ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ទទួ​លស្គាល់​ថា​ទាហាន​ខ្លួន​រាប់​រយ​នាក់​ដេក​ពេទ្យ​នៅ​កូរ៉េ​ខាង​ជើង

7 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ​ទាហាន​រុស្ស៊ី​រាប់​រយ​នាក់​កំពុង​សម្រាក​ព្យាបាល​មុខ​របួស​នៅ​កូរ៉េ​ខាង​ជើង​។ នេះ​ជា​ការ​អះ​អាង​របស់​ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទី​ក្រុងព្យុង​យ៉ាង​ប្រាប់​សារ​ព័ត៌​មាន​របស់​រដ្ឋ​រុស្ស៊ី​​។ ពួក​គេ​ទទួ​លបាន​សេវា​ថែ​ទាំសុខ​ភាព​មួយ​កំផ្លេ​នៅ​ទី​នោះ​។ លោក​ឯក​អគ្គ​រដ្ឋ​ទូ​ត​អាឡិច​សាន់​ដឺ ម៉ា​សេ​ហ្គោរ៉ា​ (Alexander Macegora)​ ចាត់​ទុក​ថា​នេះ​ជា​ឧទាហរណ៍​​បញ្ជាក់​​​ថា​រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​ប្រៀប​បាន​នឹង​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​ជា​មួយ​គ្នា​។…

ទី​ក្រុង​ម៉ូស្គូ៖ ​ទាហាន​រុស្ស៊ី​រាប់​រយ​នាក់​កំពុង​សម្រាក​ព្យាបាល​មុខ​របួស​នៅ​កូរ៉េ​ខាង​ជើង​។ នេះ​ជា​ការ​អះ​អាង​របស់​ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទី​ក្រុងព្យុង​យ៉ាង​ប្រាប់​សារ​ព័ត៌​មាន​របស់​រដ្ឋ​រុស្ស៊ី​​។ ពួក​គេ​ទទួ​លបាន​សេវា​ថែ​ទាំសុខ​ភាព​មួយ​កំផ្លេ​នៅ​ទី​នោះ​។ លោក​ឯក​អគ្គ​រដ្ឋ​ទូ​ត​អាឡិច​សាន់​ដឺ ម៉ា​សេ​ហ្គោរ៉ា​ (Alexander Macegora)​ ចាត់​ទុក​ថា​នេះ​ជា​ឧទាហរណ៍​​បញ្ជាក់​​​ថា​រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​ប្រៀប​បាន​នឹង​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​ជា​មួយ​គ្នា​។

លោក​ថ្លែង​បន្ត​ទៀត​ថា​ទី​ក្រុង​ម៉ូស្គូ​ផ្គត់​ផ្គង់​ទៅ​ឱ្យ​ទី​ក្រុង​ព្យុង​យ៉ាង​នូវ​ធ្យូង​ថ្ម ស្បៀង​អាហារ និង​ថ្នាំ​ពេទ្យ​។ នៅ​ក្នុង​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ វិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវ​អំពី​សង្គ្រាម​ (មាន​ទី​ស្នាក់​​ការ​នៅ​អាមេរិក) តាម​ដាន​ដោយ​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​ការ​លើក​ឡើង​របស់​ទូត​រុស្ស៊ី​រូប​នេះ​។ មាន​ន័យ​ថា​មិន​ទាន់​ជឿ​ជាក់​១០០%​ទេ​។ ប៉ុន្តែ​វិទ្យាស្ថាន​​យល់​ថា​អាច​ជា​ការ​ពិត​ដែរ​។​

​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​ថា​វត្ត​មាន​នៃ​​​​​​​កង​ទ័ព​រុស្ស៊ី​​នៅ​លើ​ទឹក​ដី​កូរ៉េ​ខាង​ជើង​​អាច​ជា​ឱកាស​សហ​ការ​គ្នា​រវាង​កង​ទ័ព​ទាំង​២​ដើម្បី​សិក្សា​រៀន​សូត្រ និង​ដក​ពិសោធ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ ជា​ពិសេស​​ដក​ពិសោធ​ពី​ទាហាន​រុស្ស៊ី​ក្នុង​នាម​ជា​អ្នក​មាន​បទ​ពិសោធ​ជោគ​ជាំ​នៅ​ក្នុង​សង្គ្រាម​​អ៊ុយ​ក្រែន​​។ ទូរ​ទស្សន៍​ស៊ី​អឹន​អឹន (CNN) ផ្សាយ​ទុក​ជា​ការ​ពិចារណា​ថា​​​​រុស្ស៊ី​​​មាន​ប្រព័ន្ធ​សុខា​ភិបាល​​​កម្រិត​​ខ្ពស់​ជាង​កូរ៉េ​ខាង​ជើង​។ ​សួរ​ថា​តើ​​​របប​ក្រុង​ព្យុង​យ៉ាង​​មាន​​ប្រព័ន្ធ​សុខាភិបាល​ល្អ​គ្រប់​គ្រាន់​សម្រាប់​ព្យាបាល​ទាហាន​រុស្ស៊ី​​ដែរ​ឬ​ទេ​?​

កាល​ពី​​២​ឆ្នាំ​មុន​ មាន​ព័ត៌​មាន​ផ្សាយ​ថា​កូរ៉េ​ខាង​ជើង​​ខ្វះ​សព្វ​ខ្វះ​គ្រប់​នៅ​ក្នុង​វិស័យ​សុខា​ភិបាល​មិន​ថា​​ថ្នាំ​ពេទ្យ​ និង​គ្រឿង​បរិ​ក្ខារ​ពេទ្យ​​ទេ​។ សូម្បី​តែ​​​សេវាព្យាបាល​​កម្រិត​​បឋម​​ក៏​​គ្មាន​គ្រប់​គ្រាន់​ផង​​​។ ដូច្នេះ​មិន​ដឹង​ថា​ក្រុង​ព្យុង​យ៉ាង​មាន​អ្វី​​ទៅជួយ​ព្យា​បាល​មុខ​របួស​ឱ្យ​ទាហាន​រុស្ស៊ី​ទេ​។ ភ្នាក់​ងារ​សម្ងាត់​អ៊ុយ​ក្រែន និង​បស្ចិម​ប្រទេស​វាយ​តម្លៃ​ថា​កូរ៉េ​​ខាង​ជើង​បាន​បញ្ជូន​កង​ទ័ព​១១០០០​នាក់​ទៅ​​តំបន់​ខឺស​ដើម្បី​សហ​ការ​ជា​មួយ​​​រុស្ស៊ី​បណ្ដេញ​ទាហាន​អ៊ុយ​ក្រែន​ចេញ​ពី​ទីនោះ​។

​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​រក្សា​ភាព​ស្ងៀម​ស្ងាត់​​នៅ​ក្នុង​បញ្ហា​នេះ​។ មាន​ន័យ​ថា​មិន​បដិសេធ ហើយ​ក៏​មិន​ទទួល​ស្គាល់​ថា​ជា​ការ​ពិត​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​គ្រាន់​តែ​និយាយ​មួយ​ម៉ាត់​ដោយ​ខ្លី​ថា​ទោះ​បី​​ប្រទេស​ទាំង​២​ពង្រីក​កិច្ច​សហ​ការ​ដល់​កម្រិត​ណា​ក៏​មិន​ខុស​ច្បាប់​ដែរ​។ កាល​ពី​ចុង​ខែ​មករា អ្នក​នាំ​ពាក្យ​កង​ទ័ព​អ៊ុយ​ក្រែន​ថ្លែង​ថា​​ទាហាន​កូរ៉េ​ខាង​ជើង​ដែល​បញ្ជូន​ទៅ​តំបន់​ខឺស​នោះ​នៅ​សុខ​ៗ​ស្រាប់​តែ​បាត់​អស់​រលីង​ មិន​ដឹង​ថា​ពួក​គេ​ដក​ថយ​ទៅ​ណា​អស់​។

ទំនង​ជា​ពួក​គេ​សម្រេច​ចិត្ត​លែង​ប្រឡូក​នៅ​ក្នុង​សមរភូមិ​ត​ទៅ​ទៀត​បន្ទាប់​ពី​ស្លាប់ និង​របួស​​​ច្រើន​ពេក​។ ប្រភព​ខ្លះ​ថា​កូរ៉េ​ខាង​ជើង​បាត់​បង់​កម្លាំង​ប្រយុទ្ធ​​៣​​ពាន់​នាក់​។​​ ប៉ុន្តែ​ការ​ដក​ថយ​នេះប្រហែល​ជា​ដក​តែ​១​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​​ជា​លក្ខណៈ​ដក​ថយ​មួយ​ជំហាន​ដើម្បី​ទៅ​មុខ​ដប់​ជំហាន​។ ជាក់​ស្ដែង​ ភ្នាក់​ងារ​សម្ងាត់​កូរ៉េ​ខាង​ត្បូង​រាយ​ការណ៍​ថា​នៅ​ពេល​ឆាប់​ៗ​នេះ របប​ក្រុង​ព្យុង​យ៉ាង​ត្រៀម​បញ្ជូន​កង​ទ័ព​ទៅ​រុស្ស៊ី​ថែម​ទៀត​។

ការ​សន្និ​ដ្ឋាន​ដូច​ខាង​លើ​នេះ​ក៏​ជា​ការ​ត្រឹម​ត្រូវ​ និង​សម​ហេតុ​ផល​​ម៉្យាង​​ដែរ​ព្រោះ​​​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៤ ប្រមុខ​ដឹក​នាំ​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​បាន​អភិ​វឌ្ឍ​ទំនាក់​ទំនង​ទ្វេ​ភាគី​នៃ​ប្រទេស​ទាំង​២​ដល់​កម្រិត​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​។ កាល​នោះ ថ្នាក់​ដឹក​នាំ​ទាំង​២​​​បាន​ចុះ​ហត្ថ​លេខា​លើ​កតិកា​សញ្ញា​​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​​។ មាន​ន័យ​ថា​បើ​ភាគី១​​កំពុង​ជាប់​ដៃ​ធ្វើ​សង្គ្រាម​ជា​មួយ​ប្រទេស​ដទៃ ភាគី​១​​​ទៀត​ត្រូវ​តែ​ចេញ​មុខ​ជួយ​ជា​អាវុធ​យុទ្ធ​ភ័ណ្ឌ ឬ​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​ច្បាំង​​នៅ​លើ​សមរ​ភូមិ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ