រាជធានីភ្នំពេញ ៖ នាងកម្មការិនីម្នាក់ បានរបួសធ្ងន់ធ្ងរ ខណៈជិះម៉ូតូ១គ្រឿង ក្នុងទិសដៅបញ្ច្រាសទិសចរាចរ ដោយជិះសសៀរៗ អែបទ្រូងផ្លូវ ខណៈនោះ ស្រាប់តែមានម៉ូតូ១គ្រឿងទៀត បើកបរដោយបុរសម្នាក់ ទៅដល់បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតទាំង២គ្រឿង ហើយបុរសអ្នកជិះម្ខាងទៀត រងរបួសស្រាល ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខខ្លោងទ្វារវត្តព្រៃស្ពី ស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អ្នកដំណើរតាមផ្លូវខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនាងកម្មការិនីរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1DG-3894 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង សសៀរៗអែបទ្រូងផ្លូវ ប្រុងឆ្លងទៅចំណែកផ្លូវម្ខាងទៀត ក្នុងទិសដៅបញ្ច្រាសទិសចរាចរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកពេញទំហឹងជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IU-8356 ដែលជិះដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបណ្ដាលឲ្យកម្មការិនីរូបនោះ រងរបួសធ្ងន់ ហើយត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ រីឯបុរសអ្នកជិះម៉ូតូហុងដាឌ្រីមសេ១២៥ របួសស្រាល ។
ចំណែកម៉ូតូរងការខូចខាតទាំងសងខាង ហើយក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះធ្វើការវាស់វែង និងនាំយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/4457586bb27a1924fa50aa06fd54372d.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/84d194b867e4b1a9deb78348fbbbedbf.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/d1f2bc23913db37f331de23815d11b2e.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/3f8436141b3959c3811426a0563795ad.jpg)
ចែករំលែកព័តមាននេះ