ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលក្រើនរំលឹកឲ្យប្រុងប្រយ័ត្ន និងបង្ការការចម្លងជំងឺគ្រុនឈាម

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ពី​ប្រុង​ប្រយ័ត្ន​និង​ការ​បង្ការ​ការ​ចម្លងជំងឺ​គ្រុនឈាម នៅ​ដើមឆ្នាំ​២០២៥ ។ យោង​តាម​សេចក្តីណែនាំ​ក្រើនរំលឹក​ស្តី​ពី​ការ​ប្រុង​ប្រយ័ត្ន និង​ការ​បង្ការ​ការ​ចម្លងជំងឺ​គ្រុនឈាម នា​ដើមឆ្នាំ​២០២៥​របស់​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា ការ​ប្រែប្រួល​អាកាសធាតុ ផ្តល់​លទ្ធភាព…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ពី​ប្រុង​ប្រយ័ត្ន​និង​ការ​បង្ការ​ការ​ចម្លងជំងឺ​គ្រុនឈាម នៅ​ដើមឆ្នាំ​២០២៥ ។ យោង​តាម​សេចក្តីណែនាំ​ក្រើនរំលឹក​ស្តី​ពី​ការ​ប្រុង​ប្រយ័ត្ន និង​ការ​បង្ការ​ការ​ចម្លងជំងឺ​គ្រុនឈាម នា​ដើមឆ្នាំ​២០២៥​របស់​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា ការ​ប្រែប្រួល​អាកាសធាតុ ផ្តល់​លទ្ធភាព ក្នុង​ការ​បង្កាត់​ពូជ ការ​កកើត​មូស និង​បំ​លាស់​ទី​នៃ​មូស រួម​ជាមួយ និង​និន្នាការ​នៃ​កើនឡើង​ចំនួន​មូស​ដែល​ភាគច្រើន​បំផុត​ជា​ប្រភេទ​មូស​អង្កាម ក្នុងអំឡុងពេល​រដូវប្រាំង គិត​ចាប់ពី​ខែវិច្ឆិកា រហូត​ដល់​ខែមេសា ។

ជា​បន្ថែម​ក្នុង​រដូវប្រាំង រំហូរ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ខ្សោយ ឬ​ស្ទះ​ដក់​ទឹក​ក្លិនស្អុយ តាម​ថ្លុក​ដក់​ទឹក​ស្អុយ ឬ​វត្ថុ​ដក់​ទឹក​យូរ​មាន​ក្លិនស្អុយ​ដែល​ក្លាយជា​ជម្រក​សម្រាប់​មូស​អង្គា​ម​រស់នៅ និង​បង្កបង្កើត​កូនចៅ​នៅ​កន្លែង​ដែល​មានទឹក​ដក់​ក្លិនស្អុយ ។

ទោះជា យ៉ាងណា​ក៏​ដោយ ក្នុង​រដូវប្រាំង​នេះ​ក៏​មាន​វត្តមាន​មូស​ខ្លា​ខ្លះ​ៗ នៅ​តាម​ពាង អាង ធុង​ដាក់​ទឹក​ប្រើប្រាស់ ទឹក​ថូផ្កា ចាន​ទ្រ​ជើង​តុ ទូ ក្រឡ និង​ពែង ដែល​បង្កើត​ជា​ប្រភព​ដក់​ទឹក និង​ជម្រក​សត្វ​មូស ។

ក្រសួង​ថា ក្រុមការងារ​ឆ្លើយ​តប​របស់​ក្រសួងសុខាភិបាល បាន និង​កំពុង​ផ្តល់​អន្តរាគមន៍​ឆ្លើយ​តប​ដោយ​សហការ​ជាមួយ​ក្រុមការងារ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ តាមដាន ស្ថានភាព​ជំងឺ​បង្ក​ដោយ​មូស និង​ស្ថានភាព​មូស​ធ្វើការ​បាញ់ថ្នាំ​ស​ម្លា​.​ប់​មូស​ផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព និង​ចលនា​សហគមន៍​ចូលរួម​លុប​បំបាត់​ប្រភព​កកើត​មូស​នា​រដូវក្តៅ​នេះ​ដែល​ដើរតួ​ជា​មូស​អង្កាម ដែល​ចូល​ចិត្ត​រស់នៅ​តាម​ទឹក​ស្អុយ ពិសេស​ទឹកលូ​ស្អុយ ។

អាស្រ័យ​ហេតុនេះ ក្រសួងសុខាភិបាល​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បន្ត​ប្រុង​ប្រយ័ត្ន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​ការពារ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​បង្ការ​ការ​ឆ្លង​ជំងឺ គ្រុនឈាម និង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺគ្រុនឈាម​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ចូលរួម​ចលនា​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​កកើត​សត្វ​មូស​ស្រប​នឹង​ពាក្យស្លោក «​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​ខ្ញុំ​គ្មាន​ដង្កូវទឹក​» ដោយ​អនុវត្ត​តាម​ការ​ណែនាំ និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ដូច​ខាងក្រោម ៖ វិធានការ​ទី​១ ៖ ម្ចាស់ផ្ទះ ឬ​ម្ចាស់​អាជីវកម្ម​នានា​ត្រូវ​ធានា​ឱ្យ​បាន​ថា ប្រព័ន្ធ​លូ​បង្ហូរទឹក​មិន​មានការ​ស្ទះ​ដែល​អាច​បង្ក​ឱ្យ​មានទឹក​ដក់ ដែល​អំណោយផល​ក្នុង​ការ​កកើត​មូស ។ ប្រសិនបើ​ប្រព័ន្ធ​លូ​សាធារណៈ មានការ​កក ស្ទះ ត្រូវ​មាន​វិធានការ​ជា​បន្ទាន់ ឬ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន ។

វិធានការ​ទី​២ ៖ អាណាព្យាបាល មាតាបិតា កុមា​រា កុមារី គ្រប់​រូប រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សកម្ម ចូលរួម កម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង​ដែល​មានទឹក​ដក់ ដូច​ជា ពាង អាង​ទឹក ថូផ្កា ចាន​ទ្រ​ជើង​តុទូ ក្រឡ ធុង ខាប់ ជាដើម ដោយ​ការ​ផ្លាស់​ប្តូរ​ទឹក និង​លាង​សម្អាត​ជា​ប្រចាំ​ឱ្យ​បាន​យ៉ាងតិច​មួយ​ដង ក្នុង​មួយ​អាទិត្យ ឬ​ត្រូវ​គ្រប​គម្រប ឱ្យ​បាន​ជិត​ល្អ និង​ត្រូវ​សហការ​ជាមួយ​បណ្តាញ​សុខាភិបាល​នៅ​តាម​មូលដ្ឋាន ដើម្បី​ដាក់​ថ្នាំ​បាណក​ឃា​ដ​សម្លាប់ ដង្កូវទឹក នៅ​ក្នុង​អាង​ទឹក ពាងទឹក កន្លែង​ដែល​ស្តុក​ទឹក ឬ​ចិញ្ចឹម​កូន​ត្រី​ប្រាំពីរ​ពណ៌ នៅ​កន្លែង​ដែល​អាច​ចិញ្ចឹម​បាន​។ វិ

ធាន​ការ​ទី​៣ ៖ ម្ចាស់​ការដ្ឋាន​សំណង់ រួម​ទាំង​កម្មករ និង​កម្មការិនី​ទាំងអស់ ដែល​កំពុង​បំពេញការងារ​នៅ​តាម​ការដ្ឋាន​សំណង់​ទាំងអស់ ត្រូវធ្វើ​អនាម័យ​បរិស្ថាន​ឱ្យ​បាន​ស្អាត​នៅ​ក្នុង​បរិវេណ​ការដ្ឋាន​សំណង់ របស់​ខ្លួន ជា​ពិសេស​ត្រូវ​លុប​បំបាត់​វត្ថុ​ដក់​ទឹក និង​ថ្លុក​ដក់​ទឹក ដោយ​រៀបចំ​ទុកដាក់​សម្ភារៈ​សំណង់​ដែល​អាច​ដក់​ទឹក នៅ​ក្នុង​ទីកន្លែង​ដែល​មាន​ដំបូល​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​ដក់​ទឹក ។

វិធានការ​ទី​៤ ៖ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត​ធ្វើ​អនាម័យ​ផ្ទះសម្បែង​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ លុប​បំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ ដើម្បី​កាត់​បន្ថយ​ជម្រក​សត្វ​មូស​មក​តោង​ជ្រក​ជុំ​ជិត​ខ្លួន​យើង​ដែល​អាច​ងាយ​នឹង​ខាំ​យើង ។

វិធានការ​ទី​៥ ៖ ករណី​មាន​រោគ​សញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាម​ៗ​ត្រូវ​ប្រ​ញ៉ាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ និង​ព្យាបាល​របស់​រដ្ឋ (​សេវា​សាធារណៈ​) ដូច​ជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់ (​មិន​ឱ្យ យឺត​ជាង​៤៨​ម៉ោង បន្ទាប់​ពី​ក្ដៅខ្លួន​)​។

សូមកុំ​សាកល្បង​ព្យាបាល​អ្នកជំងឺ​គ្រុនក្តៅ​ភ្លាម​ៗ​នេះ​ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​ព្យាបាល​ជំងឺ​នៅ​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​ឱ្យ​សោះ ។

ជាមួយ​គ្នា​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក្រសួង មន្ទីរ ឬ​អង្គភាព​ពាក់ព័ន្ធ អង្គការ​សុខភាព ពិភពលោក អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​ជាតិ​និង​អន្តរជាតិ​ទាំងអស់ បន្ត​ចូលរួម​ជួយ​អន្តរាគមន៍ និង​សហការ​ពេញលេញ ព្រមទាំង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ ចូលរួម​ជាមួយ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម នៃ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ ក៏​ដូច​ជា​ជួយ​ដល់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី ខេត្ត ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​គ្រុនឈាម​នៅ​តាម​សហគមន៍ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ចៀស​ផុត​ពី​ជំងឺគ្រុនឈាម​ដែល​អាច​នឹង​ផ្ទុះ​ឡើង​បាន​គ្រប់ពេល​នេះ​ផង​ដែរ ។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន មេត្តា​ជ្រាប និង​ថែរក្សា​សុខភាព តាម​របៀប​បង្ការ​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ