ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្ដាយ​ព្រួយបារម្ភ​កូន​ៗ ថ្នាក់រៀន​២​ថ្នាក់​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​១​ថ្នាក់ ខណៈ​សិស្ស​ច្រើន​ខ្វះ​គ្រូ ទីបំផុត សាលា​រាជធានី​ភ្នំពេញ អន្តរាគមន៍​ហើយ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្ដាយ​អាណាព្យាបាល​សិស្ស នៃ​សាលា​បឋម​សិក្សា​ទួល​កី បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​សុវត្ថិភាព សុខភាព​កូន​ៗ​របស់​ពួក​គាត់ ខណៈ​នៅ​សាលា​មួយ​នេះ មាន​សិស្ស​ច្រើន​លើសលុប​រហូត​ធ្វើ​ឲ្យ​គណៈនាយក​សាលា​សម្រេចចិត្ត​ច្របាច់​ថ្នាក់រៀន​បញ្ចូល​គ្នា​២​ថ្នាក់ ទៅ​ជា​១​ថ្នាក់​វិញ…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្ដាយ​អាណាព្យាបាល​សិស្ស នៃ​សាលា​បឋម​សិក្សា​ទួល​កី បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​សុវត្ថិភាព សុខភាព​កូន​ៗ​របស់​ពួក​គាត់ ខណៈ​នៅ​សាលា​មួយ​នេះ មាន​សិស្ស​ច្រើន​លើសលុប​រហូត​ធ្វើ​ឲ្យ​គណៈនាយក​សាលា​សម្រេចចិត្ត​ច្របាច់​ថ្នាក់រៀន​បញ្ចូល​គ្នា​២​ថ្នាក់ ទៅ​ជា​១​ថ្នាក់​វិញ ព្រោះតែ​ខ្វះ​គ្រូបង្រៀន​។ ក្រោយ​ពេល​ប្រើ​វិធី​បែប​នេះ បាន​ធ្វើ​ឲ្យ​សិស្ស​ក្នុង​១​ថ្នាក់ កើនឡើង​រហូត​ដល់​ទៅ​១៤០ ឬ​១៥០​នាក់ អង្គុយ​ប្រជ្រៀត​គ្នា ណែន​ក្ដន់​។ បញ្ហា​ខ្វះ​គ្រូ រហូត​ច្របាច់​ថ្នាក់រៀន​បញ្ចូល​គ្នា​នេះ ក៏​បាន​ផ្ដើម​ចេញពី​គ្រូបង្រៀន​ស្ម័គ្រចិត្ត​២​នាក់ បាន​លាឈប់ ព្រោះតែ​ពួក​គាត់​បង្រៀន​៣​ឆ្នាំ​ហើយ ពុំ​បាន​ក្លាយជា​គ្រូ​ពេញ​សិទ្ធិ ឬ​ជា​គ្រូ​ជាប់កិច្ចសន្យា​ឡើយ ជា​ពិសេស សូ​ម្បី​តែ​ប្រាក់​ឧបត្ថម្ភ​ពី​អាជ្ញាធរ​ខណ្ឌ និង​ក្រសួង ឬ​មន្ទីរ​អប់រំ ក៏​គ្មាន​ផង ។

បន្ទាប់​ពី​មើលឃើញ​ពី​ស្ថានភាព​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ឪពុក​ម្ដាយ​អាណាព្យាបាល​សិស្ស ប្រមាណ​ជាង​២០០​នាក់ ក៏​បាន​លើកគ្នា ទៅ​កាន់​សាលា​បឋម​សិក្សា​ទួល​កី ខាងលើ​នោះ ដែល​មាន​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ពួក​គាត់​បាន​ស្នើ​សុំ​ឲ្យ​លោកនាយក លោក​នាយករង លោកគ្រូ អ្នកគ្រូ រំលែក​ថ្នាក់រៀន ដូច​ដើម​វិញ ព្រោះតែ​មានការ​ព្រួយបារម្ភ អំពី​សុវត្ថិភាព និង​សុខភាព​កូន​ៗ​របស់​ពួក​គាត់ ខ្លាច​ពួក​គេ​ខ្យលគ ឬ​ជាន់​គ្នា​ស្លា​.​ប់​ជាដើម ហើយ​ពួក​គាត់​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រសួង ឬ​មន្ទីរ​អប់រំ យុវជន និង​កីឡា យក​គ្រូ​ស្ម័គ្រចិត្ត​មក​បង្រៀន​វិញ និង​បញ្ចូល​ពួក​គាត់​ទៅ​ជា​គ្រូ ក្របខ័ណ្ឌ​រដ្ឋ​ផង ។

បើ​តាម​លោកគ្រូ អ្នកគ្រូ បាន​ប្រាប់​ថា សាលា​បឋម​សិក្សា​ទួល​កី​នេះ មាន​ថ្នាក់រៀន​ចាប់តាំងពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី​៦ មាន​ចំនួន​១១​ថ្នាក់ ហើយ​មាន​សិស្ស ទាំង​២​ភេទ មាន​សរុប​ចំនួន ៩២៨​នាក់ ចំណែក​លោកគ្រូ អ្នកគ្រូ មាន​៨​នាក់ លោកនាយក ១​នាក់ លោក​នាយករង ១​នាក់ សរុប​១០​នាក់ ដោយ​មិន​រាប់​បញ្ចូល​គ្រូបង្រៀន​ស្ម័គ្រចិត្ត ដែល​បាន​ឈប់​ទៅ ២​នាក់​ឡើយ​។ ហើយ​រៀន ចែក​ចេញ​ជា ២​វេន គឺ​ពេល​ព្រឹក និង​ពេល​ថ្ងៃ​។ កន្លង​មក ដោយ​មាន​ជំនួយ​ពី​គ្រូ​ស្ម័គ្រចិត្ត ២​នាក់ ជួយ​បង្រៀន បាន​ធ្វើ​ឲ្យ​សាលា បាន​ដំណើរការ​ទៅ​ជា​ធម្មតា ថ្វី​ដ្បិត តែ​សិស្ស​ក្នុង​ថ្នាក់​នីមួយ​ៗ​ច្រើន​បន្តិច ប៉ុន្តែ​គ្មាន​ការ​ព្រួយបារម្ភ​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពី​គ្រូ​ស្ម័គ្រចិត្ត ២​នាក់​ខាងលើ ឈប់​ទៅ បាន​ធ្វើ​ឲ្យ​សាលា​ខ្វះ​គ្រូ រហូត​ឈាន​ដល់​ការ​ច្របាច់​ថ្នាក់រៀន បញ្ចូល​គ្នា​ដោយ​យក ២​ថ្នាក់ ធ្វើ​ជា​១​ថ្នាក់ និង​ធ្វើ​ឲ្យ​ចំនួន​សិស្ស​ក្នុង​១​ថ្នាក់​ៗ កើន​ដល់​ទៅ​ជាង​១០០​នាក់ អង្គុយ​រៀន​ប្រជ្រៀត​គ្នា តែ​ម្ដង ។

គ្រូបង្រៀន​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា គ្រូ​ស្ម័គ្រចិត្ត​ខាងលើ បាន​តស៊ូ ជួយ​បង្រៀន​សិស្ស រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយនៅ​ក្នុង​ឆ្នាំ​ទី​១ ខាង​សាលា​ឧបត្ថម្ភ​ឲ្យ​ពួក​គាត់ លុះដល់​ឆ្នាំ​ទី​២ និង​ទី​៣ គឺ​លោកគ្រូ អ្នកគ្រូ ក្នុង​សាលា​ទាំងអស់ បាន​រៃ​អង្គាសប្រាក់​ផ្ទាល់ខ្លួន ម្នាក់​បន្តិច​ៗ និង​យក​លុយ​ដើរ​លេង​ប្រចាំឆ្នាំ​ផង ជួយ​ឧបត្ថម្ភ​បាន​ម្នាក់​៥០​ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​១​ខែ ដើម្បី​ឲ្យ​ពួក​គាត់​នៅ​បន្ត​ជួយ​បង្រៀន​សិស្ស​។ ប៉ុន្តែ​ដោយសារ​តែ ជីវភាព​គ្រូ​ស្ម័គ្រចិត្ត​ក៏​យ៉ាប់ ហើយ​យូរ​ៗ​ទៅ​គ្មាន​ប្រាក់​ឧបត្ថម្ភ​ដល់​ពួក​គាត់ ហើយ​ក៏​ពុំ​បាន​ក្លាយជា​គ្រូ​ពេញ​សិទ្ធិ ឬ ជា​គ្រូ​ជាប់កិច្ចសន្យា ដែល​ផ្ដល់​ឲ្យ​ពី​អាជ្ញាធរ​ខណ្ឌ និង​ក្រសួង ឬ​មន្ទីរ​អប់រំ ផង​នោះ ទើប​ពួក​គាត់​គ្មាន​ភាព​កក់ក្ដៅ មិន​អាច​តស៊ូ​បង្រៀន​តទៅ​ទៀត​បាន ហើយ​ក៏​បាន​លាឈប់​ទៅ​។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្វះ​គ្រូបង្រៀន ទើប​មានការ​ច្របាច់​ថ្នាក់រៀន​បញ្ចូល​គ្នា បើ​មិន​ធ្វើ​បែប​នេះ​ទេ​គឺ​សិស្ស​មិន​អាច​រៀន​កើត​ទេ មិនតែប៉ុណ្ណោះ​កន្លង​មក ក៏​មានការ​ស្នើ​សុំ​ទៅ​ក្រសួង និង​មន្ទី​អប់រំ ដើម្បី​បញ្ចូល​គ្រូ​២​នាក់​នោះ ជា​គ្រូ​ពេញ​សិទ្ធិ​ដែរ ប៉ុន្តែ​ស្ងាត់ឈឹង ដូច​ចោរលួច​សេះ ។

ឪពុក​ម្ដាយ​អាណាព្យាបាល​សិស្ស បាន​និយាយ​ថា ពួក​គាត់​លើកគ្នា​ទៅ​សាលា នា​ពេល​នោះ គឺ​បន្ទាប់​ពី​បានដឹង​ថា សាលា​ខ្វះ​គ្រូបង្រៀន ហើយ​គ្រូ​ស្ម័គ្រចិត្ត ដែល​ជួយ​បង្រៀន​ច្រើន​ឆ្នាំ​ហើយ បែរជា​ឈប់​ទៀត ធ្វើ​ឲ្យ​សាលា​ច្របាច់​ថ្នាក់រៀន បញ្ចូល​គ្នា យក​២​ថ្នាក់ ធ្វើ​ជា​១​ថ្នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​កើនឡើង ក្នុង​១​ថ្នាក់​រហូត​ដល់​ទៅ​១៤០​ទៅ​១៥០​នាក់​ឯណោះ ។ ចំណែក​កាលពីមុន ពេល​គ្រូ​ស្ម័គ្រចិត្ត មិន​ទាន់​ឈប់ ក្នុង​១​ថ្នាក់​មាន​សិស្ស​ពី​ជាង​៦០ ទៅ​ជាង​៧០​នាក់ ដែល​ចំនួន​នេះ ក៏​ច្រើន​ដែរ តែ​ពួក​គាត់​អាច​ទ្រាំ​ទទួលយក​បាន ព្រោះ​យល់​ថា ធ្វើ​ម៉េច​បើ​សាលា មាន​គ្រូ​តិច ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​កំពុង​ខ្វះ​គ្រូ បែរជា​គ្មាន​ការ​គិតគូរ​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​ក្រសួង និង​មន្ទីរ​អប់រំ ដល់​គ្រូ​ស្ម័គ្រចិត្ត រហូត​ពួក​គាត់​សម្រេចចិត្ត ឈប់​បែប​នេះ ។

ប្រជាពលរដ្ឋ​ខាងលើ បាន​និយាយ​ទៀត​ថា ពេល​នេះ ពួក​គាត់​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព និង​សុខភាព កូនចៅ​ពួក​គាត់​ខ្លាំង​ណាស់ អង្គុយ​រៀន​ប្រជ្រៀត​គ្នា​ខ្លាំង​ពេក ខ្លាច​កូន​ៗ​ខ្យល់គ ឬ​ជាន់​គ្នា​មាន​គ្រោះថ្នាក់ ទើប​លើកគ្នា ទៅ​កាន់​សាលា ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ព្រមទាំង​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ខណ្ឌ​កំ​បូល និង​ស្ថាប័ន​ពាក់ព័ន្ធ ទទួលយក​គ្រូបង្រៀន​ស្ម័គ្រចិត្ត​២​នាក់​នោះ ត្រលប់​មក​បង្រៀន​សិស្ស​វិញ ហើយ​ផ្ដល់​ក្របខ័ណ្ឌ​គ្រូបង្រៀន ជូន​ដល់​ពួក​គាត់​តែ​ម្ដង​ទៅ ព្រោះ​សព្វថ្ងៃ​សាលា​នោះ មាន​គ្រូ​តិច​សិស្ស​ច្រើន ហើយ​ពេល​គ្រូ​ស្ម័គ្រចិត្ត នៅ​ជួយ​បង្រៀន គ្មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​គិតគូរ​ទេ ដល់​ពេល​ពួក​គាត់​ឈប់ ទើប​រត់​ខ្វែង​ដៃ ខ្វែង​ជើង ។

ក្រោយ​ពេល​មានការ​ជ្រួលច្របល់​ពី​អាណាព្យាបាល​សិស្ស​បែប​នេះ អាជ្ញាធរ​ខណ្ឌ​កំ​បូល និង​សង្កាត់​ភ្លើង​ឆេះ​រទេះ បាន​ចុះ​ទៅ​កាន់​ទីនោះ​អ្វើ​ការ​សម្របសម្រួល ហើយ​អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រំសាយ និង​សន្យា​ថា និង​យក​គ្រូបង្រៀន​ស្ម័គ្រចិត្ត​២​នាក់​នោះ ត្រលប់​មក​បង្រៀន​សិស្ស​វិញ ហើយ​សាលា​ខណ្ឌ ជា​អ្នករ៉ាប់រង​ប្រាក់ខែ​ជូន ទើប​ពេល​នោះ ប្រជាពលរដ្ឋ​ព្រម​រំសាយ ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។

បន្ទាប់​មក នៅ​វេលា​ព្រឹក​ថ្ងៃ​ដដែល ខាង​មន្ត្រី នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ រួម​ជាមួយ​អាជ្ញាធរ​ខណ្ឌ​កំ​បូល និង​អាជ្ញាធរ​សង្កាត់​ភ្លើង​ឆេះ​រទេះ ព្រមទាំង​លោកនាយក លោក​នាយករង លោកគ្រូ​-​អ្នកគ្រូ នៃ​សាលា​បឋម​សិក្សា​ទួល​កី បាន​បើក​អង្គប្រជុំ​ពិភាក្សា​មួយ ។ ជា​លទ្ធផល បាន​ឯកភាព​គ្នា សម្រេច​ទទួលយក​គ្រូបង្រៀន​ស្ម័គ្រចិត្ត​ទាំង​២​នាក់​នោះ ឲ្យ​ត្រលប់​មក​បង្រៀន​សិស្ស​ជា​ធម្មតា​ឡើង​វិញ ហើយ​ខាង​សាលា​រាជធានី​ភ្នំពេញ គឺជា​អ្នក​ឧបត្ថម្ភ​ថវិការ​ប្រចាំខែ ដល់​ពួក​គាត់ រហូត​ដល់​ពេល​ពួក​គាត់​ទទួល​បានការ​បញ្ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ និង​ទទួល​បាន​ប្រាក់ខែ​រដ្ឋ​ពេញ​សិទ្ធិ នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ