ក្រោយកា.ត់បំ.ផ្លា.ញ.ដើមឈើទាលយក្សធំៗ ត្រូវតុលាការសម្រេចឃុំខ្លួនជនត្រូវចោទ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង លោកស្រី នូ ច័ន្ទសុគុន្ធា អមដោយលោកស្រី ជា សុធារ៉ែន ជាក្រឡាបញ្ជី…
ខេត្តស្ទឹងត្រែង ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង លោកស្រី នូ ច័ន្ទសុគុន្ធា អមដោយលោកស្រី ជា សុធារ៉ែន ជាក្រឡាបញ្ជី…
ខេត្តស្ទឹងត្រែង ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង លោកស្រី នូ ច័ន្ទសុគុន្ធា អមដោយលោកស្រី ជា សុធារ៉ែន ជាក្រឡាបញ្ជី នៅល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្រេចបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទម្នាក់ទៅឃុំខ្លួននៅពន្ធនាគារតាមដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ ០៩០/២៤ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ជនត្រូវចោទឈ្មោះ លី សេន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីកន្លែងកំណើតភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅមុនពេលឃាត់ខ្លួនភូមិ រំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ យោងតាមសមត្ថកិច្ចឲ្យដឹងថា ជាដំបូងជនសង្ស័យត្រូវបានឃាត់ខ្លួនដោយកម្លាំងសមត្ថកិច្ចចម្រុះក្រោយការចុះស្រាវជ្រាវស៊ើបអង្កេតរកឃើញមានការពាក់ព័ន្ធក្នុងការប្រព្រឹត្តសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វ ព្រៃឡង់ ភូមិសាស្ត្រភូមិក្របី១ (ភូមិទាល់) ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
គួររំលឹកថា កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០២៥ គេប្រទះឃើញដើមឈើទាលយក្សធំៗជាច្រើនដើមត្រូវបានគេអារំលំរាបដល់ដីយ៉ាង និងអារច្រៀកយ៉ាងអនាធិបតេយ្យស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ។ក្រោយមានសេចក្តីរាយការណ៍បន្ទាប់មួយថ្ងៃ នៅថ្ងៃទី៣០ មករា លោកអភិបាលខេត្តបានបញ្ជាឲ្យកម្លាំងចម្រុះចុះស្រាវជ្រាវ និងរកមុខសញ្ញានៅពីក្រោយការកាប់បំផ្លាញព្រៃឈើនេះ ។
ជាលទ្ធផល កម្លាំងចម្រុះបានចុះពិនិត្យដល់ចំណុចកើតហេតុ និងស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធម្នាក់បញ្ជូនមកមន្ទីរបរិស្ថានខេត្ត ។ ក្រោយការឃាត់ខ្លួន និងសាកសួរជនសង្ស័យខាងលើចប់ មន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីបន្ត ។
តុលាការបានចោទជនត្រូវចោទឈ្មោះ លីសេន ពីបទកាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការ ដុត ឬឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ និងសមគំនិតក្នុងអំពើកាប់ផ្ដួល រំលំ ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ប្រព្រឹត្តនៅភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ចែងនិងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៥១ ចំណុចច នៃក្រមបរិស្ថាន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ។
បន្ទាប់ពីចៅក្រមស៊ើបសួរបញ្ចប់នីតិវិធីស៊ើបសួរ ក៏បានសម្រេចបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទទៅឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។
រយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន គិតរាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងមិនឱ្យហួសពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ លើកលែងតែមានដីកាបង្គាប់ឱ្យពន្យាពេលឃុំខ្លួន ឬដីកាបង្គាប់ឱ្យរក្សាទុកជនជាប់ចោទក្នុងឃុំរង់ចាំការជំនុំជម្រះ ។ បច្ចុប្បន្ន ជនត្រូវចោទខាងលើកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង៕
ចែករំលែកព័តមាននេះ